គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​លើ​មេដឹកនាំ​កំពូល

ដោយ មាន ឫទ្ធិ
2021-10-14
Share
គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​កំពុង​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​លើ​មេដឹកនាំ​កំពូល អគាររដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០១៦។
រូប៖ RFA

សេចក្ដីព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​បាន​ទៅ​ដល់​គណៈកម្មការ​ជំនាញ​នៃ​​​សភា​ឯក​បក្ស​ហើយ​​នៅ​ថ្ងៃ​ទី១៤ ​ខែ​តុលា​នេះ ​។ លោក​ ហ៊ុន សែន​អះអាង​ថា សេចក្ដីព្រាងច្បាប់​កែ​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវ​គេ​អនុម័ត​នៅ​ពេល​ឆាប់ៗ ទោះ​បី​សង្គម​ស៊ីវិល និង​គណបក្ស​មួយ​ចំនួន​ថា សេចក្ដី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​គ្មាន​ប្រយោជន៍​ក៏​ដោយ​ចុះ។

សភា​ឯក​បក្ស​បាន​ទទួល​យក​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​ការ​កំណត់​សញ្ជាតិ​​ខ្មែរ​តែ​មួយ​លើ​មេដឹកនាំ​ស្ថាប័ន​ជាតិ​ជាន់​ខ្ពស់​​​តាម​​ការ​ចង់​បាន​របស់​​មេដឹកនាំ​របប​ឯក​បក្ស​លោក ហ៊ុន សែន។ ប្រធាន​រដ្ឋសភា លោក ហេង សំរិន បាន​ប្រគល់​ការងារ​នេះ​ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ​និង​សិក្សា។

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា លោក ឡេង ប៉េងឡុង​ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ពេល​នេះ​សេចក្ដីព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មការ​នីតិកម្ម និង​យុត្តិ ធម៌​នៃ​សភា។ លោក​ឲ្យ​ដឹង​ទៀត​ថា គណៈកម្មការ​ជំនាញ​របស់​សភា បាន​ពិនិត្យ​សេចក្ដី​ព្រាងច្បាប់​ភ្លាមៗ​ ព្រោះ​នេះ​ជា​សេចក្ដី​ព្រាង​ច្បាប់​ដែល​ជា​ការ​ប្រញាប់។ លោក​ថា គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ត្រូវ​ប្រជុំ​ជាមួយ​គណៈកម្មការ​​ពាក់ព័ន្ធ​និង​ជាមួយ​តំណាង​រដ្ឋាភិបាល​មុន​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ និង​ចុង​ក្រោយ​សភា​ពេញ​អង្គ​ប្រជុំ​អនុម័ត៖ «រួច​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឲ្យ​មាន​យោបល់​គាត់(គណៈកម្មការ​នីតិកម្ម) មាន​មតិ​មាន​យោបល់​នៅ​ក្នុង​របាយការណ៍​ហ្នឹង​​ប្រជុំ​អចិន្ត្រៃយ៍​ត្រូវ​ទុក​ពេល​ពីរ​ថ្ងៃ​ដើម្បី​​ពិនិត្យ​ពិចារណា​អញ្ចឹង​ក្នុង​អាទិត្យ​នេះ​ធ្វើ​អត់​ទាន់​កើត»

ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក​ អ៊ុំ សំអាន យល់​ថា រដ្ឋសភា​ ស្ថាប័ន​ពាក់ព័ន្ធ និង​ព្រឹទ្ធសភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​យ៉ាង​ឆាប់​រហ័ស​តាម​ការ​ចង់​បាន​របស់​លោក​ ហ៊ុន សែន។ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​រូប​នេះ​យល់ថា សភា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ទោះ​ប្រឹង​អនុម័ត​ច្បាប់​យ៉ាង​ណា​ក្ដី ប៉ុន្តែ ច្បាប់​ទាំង​នោះ​មិន​បាន​បម្រើ​ប្រយោជន៍​ជាតិ​នោះ​ទេ គឺ​គ្រាន់​តែ​​បម្រើ​ប្រយោជន៍​បក្ស​កាន់​អំណាច​​​ ឬ​ក្រុម​គ្រួសារ​លោក​ហ៊ុន​សែន​តែប៉ុណ្ណោះ«សភា​ខុស​ច្បាប់ គឺ​មិន​អាច​យក​ជា​ការ​បាន​ទេ​​ទុក​ជា​មោឃ​ដោយសារ​សភា​ហ្នឹង​កើត​ចេញ​ពី​ការបោះឆ្នោត​ក្លែងក្លាយ»

គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៨ ខែ​តុលា បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ សម្រាប់​មេ​ដឹក​នាំ​កំពូល​របស់​ជាតិ​ទាំង៤ គឺ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និង​នាយក​រដ្ឋមន្ត្រី។ លោក ហ៊ុន សែន ប្រញាប់​កែ​ច្បាប់​បែប​នេះ ពីព្រោះ​លោក​ខឹង​សម្បារ​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ចោទ​ប្រកាន់ លោក​ថា ត្រៀម​រត់​ចោល​ស្រុក។ លោក​ ហ៊ុន សែន អះអាង​ថា តាម​ល្បឿន​នៃ​ដំណើរ​ការ​នេះ​ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​​ប្រើ​ពេល​មិន​យូរ​ទេ វា​នឹង​ក្លាយ​ជា​ច្បាប់​ហើយ។ លោក​នៅ​តែ​និយាយ​ដដែលៗ ថា ការ​កែ​រដ្ឋធម្មនុញ្ញ​នេះ​គឺ បាន​បិទ​ផ្លូវ​អ្នក​មាន​សញ្ជាតិ​ពីរ ក្នុង​ការ​ប៉ុនប៉ង​កាន់ តំណែង​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ប៉ុន្តែ​លោក​ថា ទ្វារ​នៅ​តែ​បើក​ចំហ​សម្រាប់​អ្នក​មាន​សញ្ជាតិ​ពីរ ក្នុង​មុខ​តំណែង​ក្រៅ​ពី​មេ​ដឹក​នាំ​ស្ថាប័ន​កំពូល​ទាំង ៤នេះ។

ទោះបី​លោក ហ៊ុន សែន លើកឡើង​បែប​នេះ​ក្តី ប៉ុន្តែ​លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ធ្វើ​ច្បាប់​នេះ​មាន​បំណង​រារាំង​តែ​រូប​លោក​ម្នាក់​ប៉ុណ្ណោះ​មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី។

លោក សម រង្ស៊ី ជំរុញ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ដែល​មាន​ប្រយោជន៍​គឺ ច្បាប់​កំណត់​នាយករដ្ឋមន្ត្រី ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចូល​និវត្តន៍​ត្រឹម​អាយុ​ ៧០​ឆ្នាំ និង​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង និយាយ​ថា ការ​ធ្វើ​ច្បាប់​អ្វី​មួយ​គឺ អាស្រ័យ​លើ​អ្នក​នយោបាយ​ដែល​មាន​សំឡេង​នៅ​ក្នុង​សភា ដូច្នេះ​នា​ពេល​ខាង​មុខ​គណបក្ស​នយោបាយ​ណា​មាន​សំឡេង​ក្នុង​សភា ដែល​បំណង​ស្នើ​ច្បាប់ ឬ​កែ​ច្បាប់ ពួក​គេ​អាច​ធ្វើ​ដូច្នោះ​បាន។​

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី ថា លោក​សោក​ស្ដាយ​ចំពោះ​ការ​ធ្វើ​ច្បាប់​ក្នុង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​មាន​វិបត្តិ​ជំងឺកូវីដ១៩​និង​វិបត្តិ​នយោបាយ«មាន​ន័យ​ជា​លទ្ធផល​ចេញ ឬ​មិន​ចេញ​គឺ​យើង​ដឹង​មុន​ទៅ​ហើយ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​សង្ឃឹម​ថា សមាជិក​សភា​នឹង​ពិចារណា​លើ​ខ្លឹមសារ​ច្បាប់​សំខាន់ ដែល​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ច្បាប់​ហ្នឹង មាន​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​ប្រទេស​ជាតិ»

មន្ត្រី​ជាន់​ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន និយាយ​ថា នា​ពេល​ខាង​មុខ​នៅ​ពេល ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំឡេង​ក្នុង​សភា ឬ​ដឹកនាំ​ប្រទេស​គណបក្ស​នេះ​នឹង​សើរើ​ច្បាប់​ទាំង​ឡាយ​ដែល​របប​ក្រុង​ភ្នំពេញ​បង្កើត​​មិន​ត្រឹមត្រូវ​​​​យក​មក​ពិនិត្យ​ឡើង​វិញ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល