សាលាឧទ្ធរណ៍លើកពេលសម្រេចលើសំណើសុំនៅក្រៅឃុំរបស់ព្រះសង្ឃ២អង្គ
2014.12.30

សភាស៊ើបសួរសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៣០ ខែធ្នូ សម្រេចលើកពេលប្រកាសសេចក្ដីសម្រេចសំណុំរឿងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ព្រះសង្ឃពីរអង្គនៅវត្តស្ទឹងមានជ័យ ទៅដើមខែមករា ឆ្នាំក្រោយ។ ការសម្រេចនេះបន្ទាប់ពីសភាស៊ើបសួរបានបើកការសាកសួរអតីតព្រះសង្ឃទាំង ២អង្គរយៈពេល ១៥នាទី។
សភាស៊ើបសួរសាលាឧទ្ធរណ៍ដែលដឹកនាំដោយចៅក្រម សេង ស៊ីវុត្ថា កំណត់យកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៨ព្រឹកជាពេលវេលាប្រកាសជាសាធារណៈពីសេចក្ដីសម្រេចចំពោះសំណើសុំនៅក្រៅឃុំរបស់ព្រះសង្ឃ ២អង្គដែលគង់នៅវត្តស្ទឹងមានជ័យ។
ព្រះតេជព្រះគុណ ឃិត វណ្ណៈ និង ថាច់ សាង ហៅ សាង កុសល ដែលធ្លាប់ជាព្រះសង្ឃគង់នៅវត្តស្ទឹងមានជ័យ ត្រូវអាជ្ញាធរចាប់ផ្សឹកកាលពីថ្ងៃទី១២ ខែវិច្ឆិកា និងនាំទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី១ ឬគុកព្រៃស។ សាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ព្រះសង្ឃទាំង២អង្គពីបទចូលរួមក្នុងសមាគមទុច្ចរិតតាមមាត្រា៤៩៩ នៃក្រមព្រហ្មទណ្ឌ។
មេធាវីការពារជនសង្ស័យគឺអ្នកស្រី សាម សុគន្ធា មានប្រសាសន៍ថា កូនក្ដីអ្នកស្រី សំអាងហេតុផលមួយចំនួនក្នុងការសុំនៅក្រៅឃុំរួមមានព្រះអង្គមានជំងឺផ្លូវដង្ហើមមួយចំនួន ព្រះអង្គមានសុខភាពខ្សោយដោយឆាន់តែមួយពេលដដែល រួមផ្សំនឹងផ្សែងបារីក្នុងពន្ធនាគារ ម្យ៉ាងព្រះអង្គត្រូវបន្តការសិក្សា និងបួសរៀនធម៌វិន័យ។ ស្របគ្នានោះក៏បានសន្យាថា នឹងមិនផ្លាស់ប្ដូរទីលំនៅ និងយល់ព្រមបង្ហាញខ្លួនគ្រប់ពេលតាមការបង្គាប់របស់តុលាការ។
អ្នកស្រីសង្ឃឹមថា សាលាឧទ្ធរណ៍នឹងពិចារណាចំពោះសំណើសុំនៅក្រៅឃុំនេះ។ អ្នកស្រីលើកឡើងថា ពុំមានភស្តុតាងណាមួយដែលអាចដាក់បន្ទុកកូនក្ដីអ្នកស្រីនៅឡើយ ក្រៅតែពីទង់ជាតិ និងទង់សាសនាជាង ១០០ទង់ ដែលរឹបអូសបាននៅពេលចាប់ខ្លួនព្រះសង្ឃទាំង២អង្គ។
នៅខាងក្រៅរបងសាលាឧទ្ធរណ៍ មានព្រះសង្ឃ សកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្សសរុបប្រមាណ ១០០អង្គ និងនាក់ បានស្រែកទាមទារអោយចៅក្រមសាលាឧទ្ធរណ៍ពិចារណាដោះលែងព្រះសង្ឃទាំង ២អង្គអោយមានសេរីភាព និងត្រូវកាត់សេចក្ដីដោយយុត្តិធម៌ឯករាជ្យ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សំណុំរឿងនេះ អាជ្ញាធរបានធ្វើខុសនីតិវិធីទាំងការចាប់ផ្សឹកព្រះសង្ឃ និងការចោទប្រកាន់។ លោក អំ សំអាត ហៅការចោទប្រកាន់ព្រះសង្ឃទាំង២អង្គថា ពុំបានសំអាងលើភស្តុតាង ប៉ុន្តែទំនងថា សំអាងលើសកម្មភាពចូលរួមតវ៉ារបស់ព្រះអង្គក្នុងការទាមទារអោយវៀតណាមសុំទោសក្នុងសំណុំរឿងបំភ្លៃប្រវត្តិសាស្ត្រទឹកដីខ្មែរក្រោមនាពេលកន្លងទៅ។ លោក អំ សំអាត បញ្ជាក់ថា ទង់ជាតិ ទង់សាសនាមិនមែនជាអាវុធដែលអ្នកណាក៏អាចដឹកបានពុំគួរជាកំហុស។
កាលពីថ្ងៃទី១២ ខែ វិច្ឆិកាព្រះ សង្ឃទាំងពីរអង្គត្រូវចាប់ព្រះកាយនៅពេលដែលព្រះអង្គដឹកការុងមានដងទង់ជាតិ និងទង់សាសនា សរុបជាង ១០០ទង់ ដើម្បីគាំទ្រប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ មកតវ៉ារកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំពោះការចោទប្រកាន់ពីបទចូលរួមក្នុងសមាគមទុច្ចរិតតាមមាត្រា៤៩៩ នៃក្រមព្រហ្មទណ្ឌនេះ ព្រះសង្ឃទាំង២អង្គប្រឈមនឹងជាប់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ២ពាន់ដុល្លារអាមេរិក ប្រសិនបើរកឃើញកំហុស៕