តុលាការ​នឹង​បើក​សវនាការ​​សំណុំ​រឿង​ខ្មែរ​ក្រោម​៧​នាក់​នៅ​​ថ្ងៃ​២៨ មីនា

ដោយ ខែ សុណង
2014-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​គ្រួសារ​របស់​ជន​សង្ស័យ ៧​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បាន​អំពាវនាវ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ កាត់​ក្ដី​ដោយ​យុត្តិធម៌​ដល់​សាច់ញាតិ​របស់​ពួកគេ។ ជន​សង្ស័យ​ទាំង ៧​នាក់​នោះ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​ថៃ ជាប់​ពាក់ព័ន្ធ​ករណី​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង ឬ​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា នឹង​លើក​យក​សំណុំរឿង​ខ្មែរ​និង​ខ្មែរ​កម្ពុជា​ក្រោម ៧​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទ​ចោទ​រួម​គំនិត​ក្បត់ មក​កាត់​សេចក្ដី។

មេធាវី​នៃ​អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ ដែល​ការពារ​ឲ្យ​កូន​ក្ដី​ម្នាក់​ក្នុង​ចំណោម ៧​នាក់ លោក​មេធាវី គិន វិបុល បាន​ថ្លែង​ថា តុលាការ​នឹង​បើក​សវនា​លើ​សំណុំរឿង​រួម​គំនិត​ក្បត់ និង​បទ​ឆ្លងដែន​ខុស​ច្បាប់​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា ដែល​មាន​លោក មាស ច័ន្ទពិសិដ្ឋ ជា​ព្រះរាជអាជ្ញា។ លោក​ថា កូន​ក្ដី​របស់​លោក ឈ្មោះ ខេម ម៉ា ហៅ ខេមរា កំពុង​ជាប់​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​ចាប់​មក​ពី​ប្រទេស​ថៃ៖ «បើ​សិន​ជា​មើល​នៅ​ក្នុង​រឿង​ហ្នឹង​ទៅ គឺ​គាត់​អត់​មាន​ពាក់ព័ន្ធ​អី​ទេ គឺ​គាត់​ទៅ​បាន​តែ ២​ថ្ងៃ គេ​ចាប់​ខ្លួន​មក ហើយ​បើ​ចលនា​ហ្នឹង​វា​មាន​មែន​នៅ​ក្នុង​វត្ត​នៅ​ថៃ​ហ្នឹង មាន​អ្នក​ដទៃ​គេ​នៅ​យូរ​ហើយ​ណា។ កូន​ក្ដី​ខ្ញុំ​គាត់​អ្នក​ចំណាកស្រុក​មួយ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ហ្នឹង​ណាស់»

ជន​សង្ស័យ​ទាំង ៧​នាក់ ត្រូវ​អាជ្ញាធរ​ថៃ និង​សមត្ថកិច្ច​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៨ មីនា និង​ថ្ងៃ​១៤ ខែ​មីនា ឆ្នាំ​២០១៣ ដែល​ដំបូង​ចោទ​ថា ជាប់​ពាក់ព័ន្ធ​ពី​បទ​ភេរវកម្ម បាច​ខិត្តប័ណ្ណ ហើយ​និង​ពាក់ព័ន្ធ​ការ​ដាក់​គ្រឿង​ផ្ទុះ កសាង​កម្លាំង​ប្រដាប់​អាវុធ​ខុស​ច្បាប់ និង​ការ​បង្កើត​រណសិរ្ស​សង្គ្រោះ​ជាតិ​ខ្មែរ ដែល​សកម្មភាព​ទាំង​នេះ​ផ្ទុយ​នឹង​ច្បាប់​នៃ​ប្រទេស​កម្ពុជា រួច​បញ្ជូន​មក​ពន្ធនាគារ​ព្រៃស។

ជនសង្ស័យ​ទាំង ៧​រូប​នោះ មាន​ព្រះសង្ឃ ៣​អង្គ និង​គ្រហស្ថ ៤​នាក់ ក្នុង​នោះ​មាន​ខ្មែរ​កម្ពុជា​ក្រោម ៣​នាក់ មាន​ឈ្មោះ យ៉ន គឹមស្រ៊ុន ជា​ព្រះសង្ឃ​ខ្មែរ ឈ្មោះ យាន យឿប ហៅ តក់ ជា​ព្រះសង្ឃ​ខ្មែរ ឈ្មោះ ថាច់ កុងភួង ហៅ ថាច់ វ៉ាង ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ឈ្មោះ ខេម ម៉ា ហៅ ខេមរា ឈ្មោះ សួង សិទ្ធិគុណ ជា​ពលរដ្ឋ​ខ្មែរ ចំណែក​ឈ្មោះ យិន យ៉ាវ និង​ឈ្មោះ ថាច់ ទឺ អ្នក​ទាំង​ពីរ​ជា​ខ្មែរ​កម្ពុជា​ក្រោម។ ជន​ជាប់​ចោទ​ទាំងអស់​ជាប់​ពាក់ព័ន្ធ​ពី​បទ​រួម​គំនិត​ក្បត់ តាម​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ។ ជាមួយ​គ្នា​នេះ បុរស ៤​នាក់​ទៀត ក្នុង​ចំណោម ៧​នាក់ ត្រូវ​ជាប់​ពាក់ព័ន្ធ​បទ​ឆ្លងដែន​ខុស​ច្បាប់។

នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​កម្ពុជា បាន​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ ក្នុង​សំណុំរឿង​នេះ​ដែរ បាន​ចាប់​ខ្លួន​មនុស្ស ៥​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​ថៃ បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៣ ប៉ុន្តែ​ពេល​បញ្ជូន​មក​ជិត​ដល់​ច្រក​ព្រំដែន ក៏​លែង​ទៅ​វិញ ៣​នាក់ ដោយសារ​ចាប់​ច្រឡំ។ លុះ​ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា អាជ្ញាធរ​ថៃ ក៏​បាន​ទៅ​ឡោម​ព័ទ្ធ​វត្ត​មួយ​នៅ​ខេត្ត​នន់ថាបុរី ប្រទេស​ថៃ ហើយ​បាន​ចាប់​ខ្លួន​ព្រះសង្ឃ ៣​អង្គ និង​គ្រហស្ថ​ម្នាក់​បន្ថែម​ទៀត ដែល​កាល​ណោះ សមត្ថកិច្ច​អះអាង​ថា ជា​សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។

ទាក់ទង​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៤ អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ទាមទារ​ឲ្យ​តុលាការ​រាជធានី​ភ្នំពេញ កាត់​ក្ដី​លើ​សំណុំ​រឿង​នេះ ដោយ​ត្រឹមត្រូវ​និង​យុត្តិធម៌ ទៅ​លើ​ជន​ជាប់​ចោទ​ទាំង ៧​នាក់។ ក្នុង​សេចក្ដី​ប្រកាស​នេះ បាន​សរសេរ​ថា ការ​ចាប់​ខ្លួន​អ្នក​នោះ បាន​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដោយ​សំអាង​ហេតុផល​ថា ការ​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​គ្មាន​ភស្តុតាង គ្មាន​អាវុធ គ្មាន​ដីកា​ពី​តុលាការ​មិន​បញ្ជាក់​មូលហេតុ​ហើយ​យក​ទៅ​ឃុំឃាំង​តែម្ដង។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគតិច លោក អាង ច័ន្ទឬទ្ធិ មាន​ប្រសាសន៍​ថា មាន​ជនជាប់ចោទ ២​នាក់ បាន​ប្រាប់​លោក​ថា បាន​រង​ការ​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​ក្នុង​ពេល​ប៉ូលិស​ឃាត់​ខ្លួន។ លោក​ក៏​បារម្ភ​ថា ព័ត៌មាន​ដែល​បាន​ពី​ការ​បង្ខិតបង្ខំ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ជា​ភស្តុតាង​ប្រឆាំង​លើ​រូប​ពួកគេ៖ «វា​ដូច​ជា​អយុត្តិធម៌​សម្រាប់​អ្នក​ខ្លះ​អត់​បាន​ចូលរួម ឬ​ក៏​ឈ្មោះ​គាត់​គ្រាន់​តែ​ទៅ​ចូល​រួម​ប្រជុំ​ចូលរួម​សិក្ខាសាលា​នៅ​ក្នុង​ ទីក្រុង​បាងកក ស្ដាប់​ដើម្បី​លើក​ស្ទួយ​ពី​សិទ្ធិ​មនុស្ស​ពី​សេរីភាព​របស់​ពួកគាត់​ក៏​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ជា​ក្រុម​ជា​គំនិត​ក្បត់​អ៊ីចឹង វា​ហាក់​ដូច​ជា​មិន​មាន​ភាព​យុត្តិធម៌។ ខ្ញុំ​អំពាវនាវ ឬ​ក៏​ជំរុញ​ឲ្យ​តុលាការ​ធ្វើការ​ស៊ើបអង្កេត​ឡើង​វិញ​កាត់​ក្ដី​ដោយ​ យុត្តិធម៌​ផ្អែក​លើ​ភស្តុតាង​ដែល​មាន​សុពលភាព​ឬ​ក៏​ស្រប​ច្បាប់»

ចំណែក​ឯ​ឪពុក​របស់​ជន​សង្ស័យ​ឈ្មោះ យ៉ន គឹមស្រ៊ុន គឺ​លោក យ៉ន សាមុត ឲ្យ​ដឹង​ថា កូន​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​កូន​របស់​គាត់​ចេញ​មក​វិញ៖ «បើ ​តុលាការ​និង​រដ្ឋាភិបាល​គាត់​មាន​ភាព​យុត្តិធម៌ ប្រហែល​ជា​មិន​អាច​ជាប់​ទេ។ បើ​សិន​ជា​តុលាការ​មិន​ឯករាជ្យ គឺ​ប្រហែល​ជា​មិន​ងាយ​រួច​ទេ។ កូន​ខ្ញុំ​បួស​តាំង​ពី​ឆ្នាំ​២០០៣ ទាល់​តែ​គេ​ចាប់​នៅ​សង្ឃ។ កូន​ខ្ញុំ​បួស​តាំង​ពី​នៅ​ស្ទើរ​មក​មិន​ដែល​ស្គាល់​សម្លាប់​មាន់​បាន​មួយ​ ផង»

សំណុំរឿង​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ចំពោះ​ការ​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង ៧​រូប​នេះ​ថា តុលាការ​បាន​ឃុំ​លើស​នីតិវិធី​ច្បាប់ ដែល​ថា ថិរវេលា​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​បទ​ឧក្រិដ្ឋ​មិន​ឲ្យ​លើស​ពី ៦​ខែ ប៉ុន្តែ​ពួកគេ​បាន​ជាប់​ពន្ធនាគារ​លើ​ពី ១​ឆ្នាំ​ទៅ​ហើយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល