តុលាការ​ក្រុង​ភ្នំពេញ​ពន្យារពេល​ចាត់​ការ​បណ្ដឹង​ក្រុម​គ្រូបង្រៀន ដោយ​សារ​រឿង​មិន​ទាន់​បង់​លុយ​បណ្ដឹង

ដោយ សុ ជីវី
2019.01.29
រ៉ុង ឈុន ២០១៩ ៦២២ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី (ខាងនៅ​ឆ្វេង) នៃ​លោក​ រ៉ុង ឈុន​ ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ពន្យារ​ពេល​ចាត់​ការ​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​ ដោយ​សារ​បញ្ហា​នីតិវិធី​នៃ​ការ​បង់​ប្រាក់​ពន្ធ​លើ​ពាក្យ​បណ្ដឹង។ ក្រុម​គ្រូ​បង្រៀន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​រឿង​នេះ ដោយសារ​ពួក​គាត់​បាន​សួរ​ទៅ​ខាង​មន្ត្រី​តុលាការ​ដែល​ទទួល​ពាក្យ​បណ្ដឹង​ដែរ​ថា តើ​ពួក​គាត់​ត្រូវ​បង់​ប្រាក់​ដែរ​ឬ​ទេ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ឆ្លើយ​ថា មិន​ចាំបាច់​បង់​ប្រាក់​អ្វី​ឡើយ ស្រាប់​តែ​ពេល​នេះ​ឃើញ​មាន​ដីកា​បង្គាប់​ឱ្យ​បង់​ប្រាក់​ទៅវិញ។

ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញ​ដីកា​បង្គាប់​ឱ្យ​ក្រុម​បង្រៀន​​បង់លុយ​ចំនួន​ ៥ម៉ឺន​ ៥ពាន់​​រៀល​​ជា​មុន​​សិន​ ទើប​សំណុំ​រឿង​នេះ​អាច​ដំណើរការ​បាន​។ ថវិកា​ជាង ៥ម៉ឺន​រៀល​នេះ គឺ​ជា​ពន្ធ​លើ​កម្មវត្ថុ​បណ្ដឹង ដែល​មាន​ចែង​ក្នុង​ក្រម​នីតិវិធី​រដ្ឋប្បវេណី ហើយ​ចៅក្រម​បាន​ទុក​ពេល​ ២សប្ដាហ៍​ ឱ្យ​ក្រុម​គ្រូ​បង្រៀន​ ដើម្បី​បង់​ប្រាក់​ពន្ធ​នេះ។

ក្រុម​គ្រូបង្រៀន​ចំនួន​​ ១១នាក់ បាន​នាំគ្នា​ដាក់​បណ្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ មករា​កន្លង​ទៅ ជុំ​វិញ​ករណី​ក្រសួង​អប់រំ​លុប​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្រប​ខណ្ឌ​ ដោយ​ក្រសួង​​លើក​ហេតុ​ផល​ថា ពួក​គាត់​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុម​គ្រូបង្រៀន​ដែល​ត្រូវ​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ លោក រ៉ុង ឈុន ​ ថ្លែង​ថា មន្ត្រី​តុលាការ​​ក្រុង​ភ្នំពេញ​គួរ​តែ​​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ដឹង​ច្បាស់​​ពី​នីតិវិធី​នៃ​ការ​ដាក់​បណ្ដឹង​នេះ។ លោក​អះអាង​ថា លោក​បាន​បញ្ជាក់​ជាមួយ​មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង​អំពី​ការ​បង់​ប្រាក់​នេះ​ដែរ​ ក៏​ប៉ុន្តែ​មន្ត្រី​​រូប​នោះ​បាន​ប្រាប់​លោក​វិញ​ថា មិន​តម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​ឡើយ ដូច្នេះ​ទើប​លោក​មិន​បាន​បង់​ប្រាក់​នៅ​ពេល​ដាក់​បណ្ដឹង​នោះ៖ «អ្នក​ដែល​ទៅ​ដាក់​បណ្ដឹង​នៅ​ក្បែរ​ខ្ញុំ​ហ្នឹង ឃើញ​គាត់​បង់​លុយ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សួរ​មន្ត្រី​ដែល​ទទួល​ពាក្យ​បណ្ដឹង​ខ្ញុំ​ហ្នឹង សួរ​ថា​ខ្ញុំ​ត្រូវ​បង់​លុយ​ដែរ​ឬ​អត់? ហើយ​បើ​បង់ តើ​បង់​ប៉ុន្មាន? គាត់​បាន​ជម្រាប​មក​វិញ​ថា អត់​មាន​បង់​អ្វី​នោះ​ទេ លោក​គ្រូ​អាច​អញ្ជើញ​ទៅវិញ​បាន។ ដល់​ពេល​នេះ ទើប​តែ​បង្គាប់​ឱ្យ​ទៅ​បង់លុយ អា​ហ្នឹង​វា​ជា​ការ​ធ្វើ​ការងារ​ដោយ​មិន​ច្បាស់លាស់​ ហើយ​ការ​ណែនាំ​មន្ត្រី​ថ្នាក់​ក្រោម​បង្គាប់​ហ្នឹង អត់​មាន​ភាព​ជាក់លាក់។ គួរ​តែ​ធ្វើ​យ៉ាង​ម៉េច ឱ្យ​វា​ប្រាកដ​ប្រជា»

មេធាវី​សមាគម អាដហុក (ADHOC) លោក សំ ទិត្យ​សីហា ថ្លែង​ថា បណ្ដឹង​រដ្ឋប្បវេណី​តម្រូវ​ឱ្យ​មានការ​បង់​ប្រាក់​ពន្ធ​លើ​កម្មវត្ថុ​បណ្ដឹង ហើយ​ការ​បង់​ប្រាក់​នេះ​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ដាក់​បណ្ដឹង​ ដោយ​មាន​វិក្កយបត្រ​ត្រឹមត្រូវ​ពី​មន្ត្រី​រដ្ឋបាល​តុលាការ​។ លោក​ថា ការ​ខក​ខាន​មិន​បាន​ប្រាប់​ពលរដ្ឋ​អំពី​នីតិវិធី​បែប​នេះ​ គឺ​ជា​កំហុស​របស់​មន្ត្រី​តុលាការ៖ «គាត់​ត្រូវ​ប្រាប់​អ្នក​ដើម​បណ្ដឹង​ថា ត្រូវ​បំពេញ​លក្ខខណ្ឌ​អ្វី​ខ្លះ ឬ​បំពេញ​កាតព្វកិច្ច​អ្វី​ខ្លះ ដើម្បី​ឱ្យ​បណ្ដឹង​ហ្នឹង​វា​អាច​ទៅ​ជា​បណ្ដឹង​ដែល​អាច​យក​ជា​ផ្លូវ​ការ ហើយ​តុលាការ​មាន​ចំណាត់​ការ​ទៅលើ​ករណី​ហ្នឹង។ ហើយ​មួយ​ទៀត​ វា​ខាត​ពេលវេលា​ ព្រោះ​រឿង​រដ្ឋប្បវេណី​សំខាន់​ណាស់​ទាក់ទង​នឹង​ផល​ប្រយោជន៍​របស់​គូភាគី​នៅ​ក្នុង​ការ​ទាម​ទារ ដូច​ជា​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​ហ្នឹង​ដែរ»

អាស៊ី​សេរី​មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​ទទួល​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ក្រុង​ភ្នំពេញ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ មករា ចំណែក​អ្នក​នាំ​ពាក្យ​តុលាការ​តុលាការ​ក្រុង​ភ្នំពេញ​ក៏​មិន​អាច​ទាក់ទង​បាន​ដូច​គ្នា។

លោក រ៉ុង ឈុន​ ថ្លែង​ថា លោក​នឹង​បង់​ប្រាក់​ពន្ធ​នេះ​ ដើម្បី​ឱ្យ​តុលាការ​ដំណើរ​ការ​រឿង​ក្ដី​របស់​លោ​ក និង​គ្រូបង្រៀន​ដទៃ​ទៀត ហើយ​លោក​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​លោក​ទាំង​អស់​គ្នា៖ «យើង​អត់​មាន​កំហុស​អ្វី ដូច្នេះ​បើ​តុលាការ​អនុវត្ត​តាម​វិជ្ជាជីវៈ​ដោយ​ពុំ​មាន​​ពាក់​ព័ន្ធ​នឹង​នយោបាយ ពេល​នោះ​យើង​នឹង​ទទួល​បាន​យុត្តិធម៌។ យើង​នឹង​ទទួល​បាន​ទៅ​តាម​អ្វី​ដែល​យើង​បាន​ទាមទារ»

ក្រុម​គ្រូ​បង្រៀន​បាន​ប្ដឹង​សុំ​ឱ្យ​តុលាការ​បដិសេធ​ចោល​នូវ​​ប្រកាស​ស្ដីពី​ការ​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ ដែល​ក្រសួង​អប់រំ​បាន​ចេញ ​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០១៨ កន្លងទៅ និង​បាន​ស្នើសុំ​ឱ្យ​តុលាការ​ផ្ដល់​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ជូន​ពួក​គាត់​ឡើងវិញ។ ពួក​គាត់​អះអាង​ថា ចំណាត់​ការ​របស់​ក្រសួង​អប់រំ​នោះ គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី​រដ្ឋបាល​ ដូច​ដែល​មាន​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នោះ​ឡើយ។

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​ផ្ដល់​ក្របខ័ណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​វិញ ដោយសារ​ពួក​គាត់​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់ និង​មាន​សក្ដានុពល​ សម្រាប់​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។