មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​ទទូច​ឲ្យ​​តុលាការ​ពន្លឿន​ដោះស្រាយ​សំណុំរឿង​ក្រុមប្រឹក្សា​ឃុំ

ដោយ ជាតិ ចំណាន
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន  នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ ខេត្ត​ប៉ៃលិន នៃ​គណបក្ស​សង្គ្រោះជាតិ លោក ឈុន សិទ្ធី។
Photo provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន លើក​ឡើង​ថា ​សំណុំ​រឿង​​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រឆាំង​ម្នាក់ ​នៅ​ស្រុក​សាលាក្រៅ ​ដែល​កំពុង​ជាប់ឃុំ​​ក្នុង​ពន្ធនាគារ​នោះ​ គឺ​ហាក់​ត្រូវ​បាន​តុលាការ​បង្កក​ទុក។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​អូស​បន្លាយ​សំណុំរឿង​នេះ​ទំនង​​ដោយសារ​​​ជន​​ត្រូវ​ចោទ​មិន​ព្រម​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​​ខេត្ត​ប៉ៃលិន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន ​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ ហើយ​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់ គឺ​លោក​ ឈុន សិទ្ធី ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​លោក​បាន​ជួប​ជុំ​ប្រពន្ធ​កូន ជួយ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

លោក​ ឃឹម ប៉ុន អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ​ធ្នូ ថា​ ចាប់​តាំង​ពី​តុលាការ​ចោទ​ប្រកាន់​មក​លើ​លោក ឈុន សិទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ​មក ​​តុលាការ​មិន​បាន​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​នេះ​ទៅ​មុខ​ទៀត​ឡើយ។ លោក​ អះអាង​ទៀត​ថា កន្លង​មក​មាន​មន្ត្រី​គណបក្ស​កាន់​អំណាច​ជា​ច្រើន​​​នាក់​ បាន​ប្រាប់​ទៅ​ប្រពន្ធ​ជន​ត្រូវ​ចោទ​ថា ប្រសិន​បើ​លោក ឈុន សិទ្ធី ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ រូប​លោក​នឹង​អាច​រួច​ទោស ​ហើយ​បាន​ចេញ​ពី​ពន្ធនាគារ​ក្នុង​ពេល​ឆាប់ៗ៖ «ប៉ុន្តែ​គាត់​ដាច់​ខាត​គឺ​មិន​ចុះ​ចូល​ទេ​ ដូច្នេះ​ហើយ​បាន​ជា​គេ​ឃុំ​ទុក​គាត់​ដោយ​មិន​ដោះស្រាយ​អ្វី​សោះ​ឡើយ និយាយ​រួម​ចាប់​មនុស្ស​យក​ទៅ​ឃុំ​ខ្លួន​ចោល​តែម្ដង។ ខ្ញុំ​គិត​ថា ពាក្យ​ដែល​និយាយ​ក្នុង​ហ្វេសប៊ុក មិន​មាន​អី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​ដល់​ពេល​ដំណោះ​ស្រាយ​មិន​មាន​ដែរ ខ្ញុំ​អត់​យល់​សោះ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​មែន​ជា​រឿង​ផ្លូវ​ទេ​ អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង»

លោក ឈុន សិទ្ធី ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​ជា​វីដេអូ​ថា លោក​មិន​ចង់​បាន​ប្រាក់​ខែ ៥៧​ម៉ឺន​រៀល (៥៧០.០០០) នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ប្រាក់​ខែ ៥០​ម៉ឺន​ដុល្លារ​ទៀត ​ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ។

លោក ឃឹម ប៉ុន អះអាង​ថា ការ​ចាប់​ខ្លួន​នេះ ​​សមត្ថកិច្ច​គ្មាន​ដីកា​ពី​តុលាការ​ទេ ម្យ៉ាង​ទៀត​ក៏​ពុំ​បាន​បញ្ជាក់​ពី​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ដែរ។

ចំណែក​ប្រពន្ធ​ជន​ត្រូវ​ចោទ អ្នកស្រី លុន សៅមុត អះអាង​ថា កាល​ពី​ស្វាមី​អ្នកស្រី​ជាប់​ពន្ធនាគារ​ប្រមាណ​កន្លះ​ខែ​ គឺ​​ពិត​ជា​មាន​មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​អ្នកស្រី​ថា ​ប្រសិន​បើ​ស្វាមី​របស់​ខ្លួន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ គាត់​នឹង​ត្រូវ​បាន​ដោះលែង​យ៉ាង​យូរ​មួយ​សប្ដាហ៍៖ «អ្នក​ដែល​ខ្ញុំ​និង​គាត់​គ្រាន់​តែ​ជា​ស្ពាន​ត​ពី​គេ​ទេ ដែល​មក​ប្រាប់​គាត់​ឲ្យ​ទៅ​ប្រាប់​ប្ដី​ខ្ញុំ​ត​នោះ។ ខ្ញុំ​លំបាក​ណាស់​ពេល​អត់​ពី​ប្ដី​ទៅ​ ព្រោះ​ណា​មួយ​ត្រូវ​មើល​កូន​តូច​អាយុ​ ១០​ខែ ហើយ​កូន​ម្នាក់​ទៀត​អាយុ​ទើប​តែ​បាន ៤​ឆ្នាំ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល»

អាស៊ីសេរី ពុំ​ទាន់​អាច​រក​ប្រភព​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ និង​ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ​ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ខេត្ត​បាត់ដំបង​ លោក ​យិន ម៉េងលី មាន​ប្រសាសន៍​ថា តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​ពន្យារ​ពេល​សាកសួរ​ជន​ត្រូវ​ចោទ​បាន​ទៅ​តាម​ការ​ជាក់ស្ដែង។​ ក៏​ប៉ុន្តែ​ លោក​អះអាង​ថា​ ប្រសិន​បើ​តុលាការ​បង្កក​សំណុំ​រឿង​របស់​បុគ្គល​ណា​ម្នាក់​ទុក​ចោល​ ដោយ​មិន​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់៖ «ចំណែក​យក​បញ្ហា​នយោបាយ​យក​មក​ឡូកឡំ​ថា​បើ​អ្នក​ចុះចូល​ជា​មួយ​ខ្ញុំ​ ខ្ញុំ​នឹង​អោយ​អ្នក​ឯង​រួច​ខ្លួន​នោះ​ គឺ​ជា​រឿង​មួយ​ក្រៅ​ច្បាប់។ ដូច្នេះ​ពាក់ព័ន្ធ​បញ្ហា​បទ​ល្មើស​គឺ​ចៅក្រម​គាត់​ត្រូវ​តែ​សម្រេច​ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​ច្បាប់​ មិន​អាច​ផ្អែក​លើ​បញ្ហា​នយោបាយ​ទេ»

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ​ លោក ឈុន សិទ្ធី ត្រូវ​បាន​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ខ្លួន ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​តុលា ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ នៃ​តុលាការ​ខេត្ត​ប៉ៃលិន ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៧ ក្រោម​បទចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល