លោក​ រ៉ុង ឈុន​ ថា ដីកា​របស់​តុលាការ​ជា​រឿង​មិន​ត្រឹម​ត្រូវ​ ចំពោះ​រឿង​បញ្ឈប់​ក្រុម​គ្រូបង្រៀន​ជាង ១០នាក់​

ដោយ មាន ឫទ្ធិ
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
លោក​ រ៉ុង ឈុន​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

អតីត​សមាជិក គ..ប និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក​ រ៉ុង ឈុន​ ចាត់​ទុក​ដីកា​កោះ​ជា​លើក​ទី​ពីរ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​ ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ។ ក្នុង​ដីកាកោះ​ជា​លើក​ទី​ពីរ​ដែល​ចេញ​ដោយ​លោក​ចៅក្រម​ រស់ ពិសិដ្ឋ​ បង្គាប់​ឲ្យ​លោក​ រ៉ុង ឈុន​ ដើម​ចោទ​ក្នុង​សំណុំរឿង​ក្ដី​មួយ​ចុះ​ថ្ងៃ​ទី១៦ មករា​ ឆ្នាំ២០១៩​ ព្រម​ទាំង​ក្រុម​គ្រូបង្រៀន​ជាង ១០នាក់​ផ្សេង​ទៀត ឲ្យ​ចូល​បំភ្លឺ​ក្នុង​តុលាការ​ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ខាង​មុខ​នេះ។

ក្រុម​គ្រូ​បង្រៀន​សរុប​ជាង ១០នាក់ ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ជា​បន្ត​បន្ទាប់ កាល​ពី​ដើម​ឆ្នាំ២០១៨ កន្លង​ទៅ ក្រោម​ហេតុ​ផល​ថា ពួក​គេ​បោះ​បង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

កាល​ពី​ថ្ងៃ​ទី២៧ កុម្ភៈ​កន្លង​ទៅ តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើ​នីតិវិធី​ផ្សះផ្សា​រវាង​ក្រុម​គ្រូបង្រៀន​ និង​ខាង​​តំណាង​ក្រសួង​អប់រំ​ដែរ​ ក៏​ប៉ុន្តែ​គូ​ភាគី​មិន​ព្រម​ទទួល​យក​បាន​ឡើយ។ តុលាការ​ក៏​បាន​សម្រេច​លើក​ពេល​នីតិវិធី​ត្រៀម​ទៅ​ថ្ងៃ​ក្រោយ​​ទៀត។

ដីកា​កោះហៅ​លោក​ រ៉ុង ឈុន​ ព្រម​ទាំង​ក្រុម​គ្រូបង្រៀន​ជាង ១០នាក់​ផ្សេង​ទៀត បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក​ រ៉ុង ឈុន​ បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ជាង​មួយ​ខែ​នៅ​សហរដ្ឋ​អាមេរិក។

លោក​ រ៉ុង ឈុន​ បញ្ជាក់​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ​ ដើម្បី​បញ្ជាក់​ថា ក្រសួង​អប់រំ​សម្រេច​លុប​ឈ្មោះ​ក្រុម​គ្រូបង្រៀន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «យើង​បាន​ដាក់​ស្នើ ទៅ​ក្រសួង​អប់រំ​មិន​ត្រឹមតែ​ក្រសួង​អប់រំ​ទេ យើង​បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ថែម​ទៀត ដើម្បី​ឲ្យ​នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ករណី​ទាំង​អស់​នេះ ហើយ​យើង​ទុក​ពេល​វេលា​ឲ្យ​ក្រសួង​ដោះ​ស្រាយ​ ឲ្យ​នាយករដ្ឋមន្ត្រី​ដោះ​ស្រាយ ប៉ុន្តែ​ពុំ​មាន​ឃើញ​ការ​ឆ្លើយ​តប​ណា​មួយ​មក​សមាគម។ ដូច្នេះ​ហើយ​បាន​ជា​យើង​លើក​បញ្ហា​នេះ​ប្ដឹង​ទៅ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក​ លី សុផាន់ណា បាន​ទេ​នៅ​ថ្ងៃ​ទី១៩​ មីនា​នេះ។

ក្រុម​គ្រូ​បង្រៀន​ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា ពួក​គេ​នឹង​មិន​បោះ​បង់​ចោល​ការ​តវ៉ា​ទាម​ទារ​នេះ​ជា​ដាច់​ខាត​ ដរាប​ណា​មិន​ទាន់​ទទួល​បាន​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​វិញ​ទេ​នោះ ហើយ​ពួក​គេ​អំពាវនាវ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​រឿង​នេះ​ដោយ​ភាព​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល