ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិរិះគន់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតនេះ ចែងអំពីទោសទណ្ឌធ្ងន់ធ្ងរពេក ដែលរំលោភលើគោលការណ៍សិទ្ធិមនុស្ស។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)លោក ហ្វីល រ៉ូបឺតសុន (Phil Robertson)មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមីនាថា ទោសជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងទណ្ឌកម្មដទៃទៀតនៅក្នុងសេចក្តីព្រាងច្បាប់នេះ គឺផ្ទុយទាំងគោលការណ៍សិទ្ធិមនុស្ស និងសុខភាពសាធារណៈ។ លោកបន្តថា មេដឹកនាំខ្មែរគួរតែស្វះស្វែងរកកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនមែនគំរាមដាក់គុកពលរដ្ឋរាប់ឆ្នាំបែបនេះទេ។
ស្រដៀងគ្នានេះដែរ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)លោក អំ សំអាត ព្រួយបារម្ភថា ច្បាប់ដែលមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើអ្នកល្មើស នឹងបង្កការលំបាកដល់ពលរដ្ឋដែលមិនបានយល់ដឹងពីច្បាប់នេះ៖ «ប្រជាពលរដ្ឋបើសិនគាត់យល់ដឹងពីច្បាប់ហ្នឹងអត់អីទេ ប៉ុន្តែបើគាត់អត់ទាន់យល់ដឹងអាចប្រឈមបញ្ហានឹងទោសទណ្ឌធ្ងន់ធ្ងរ»។
សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀតនេះ រងការរិះគន់ពីក្រុមអ្នកការពារសិទ្ធិមនុស្សជាបន្តបន្ទាប់ ប៉ុន្តែរបបលោក ហ៊ុន សែន មិនបានពិចារណាលើមតិរិះគន់ទាំងនោះទេ ហើយថែមទាំងពន្លឿនការធ្វើច្បាប់នេះដោយប្រញាប់ប្រញាល់បំផុត។
សមាជិកសភាឯកបក្សនៃគណបក្សប្រជាជនកម្ពុជា ដែលចូលរួមកិច្ចប្រជុំចំនួន ៨៣នាក់ បានលើកដៃស្រុះគ្នាអនុម័តសេចក្តីព្រាងច្បាប់នេះ នៅព្រឹកថ្ងៃទី៥ ខែមីនា រួចបញ្ជូនទៅព្រឹទ្ធសភាភ្លាមៗ នៅក្នុងថ្ងៃដដែលដើម្បីបន្តនីតិវិធី។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ឱ្យអាស៊ីសេរីដឹងថា ការអនុម័តនេះគ្មានការជជែកដេញដោលច្រើននោះទេ ព្រោះសមាជិកសភាបានដឹងពីសារៈសំខាន់ និងភាពចាំបាច់នៃច្បាប់នេះរួចហើយ។ លោកពន្យល់ថា កក្តាជំរុញឱ្យសមាជិកសភាអនុម័តតាមសំណើររដ្ឋាភិបាលទាំងស្រុងបែបនេះ ព្រោះមុនពេលប្រជុំសភាមានការប្រជុំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជារួចហើយ ហើយគណៈកម្មាធិការជំនាញរដ្ឋសភាក៏ពិនិត្យរួចហើយដែរ។ លោករំពឹងថា ច្បាប់នេះនឹងត្រូវប្រកាសឱ្យប្រើក្នុងពេលដ៏ខ្លីខាងមុខនេះ៖«បានប្រជុំគ្នាម្ដងហើយថា ទោះក្នុងគណៈកម្មាធិការក្ដីនៅក្នុងគណបក្សក្ដី គឺចំពោះករណីហ្នឹងបើមានក្រុមណាមួយចង់ចម្លងជំងឺហ្នឹងដោយចេតនាគឺយើងមិនអនុញ្ញាតឱ្យទេត្រូវដាក់ទោសទណ្ឌ»។

ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានបង្ហាញឆន្ទៈគាំទ្រយ៉ាងខ្លាំងនូវច្បាប់ដែលឪពុកលោកបង្កើតនេះ។ លោក ហ៊ុន ម៉ានី សរសេរលើហ្វេសប៊ុកថា៖ «ច្បាប់នេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលមានឧបករណ៍អាចគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ លោកចោទសួរថា បើដោយសារមនុស្សម្នាក់មិនស្តាប់ និងមិនគោរពវិធានការសុខាភិបាល ពេលដឹងថាខ្លួនអាចមានផ្ទុកវីរុសកូវីដ-១៩ ហើយទៅចម្លងគេ តើគួរគិតពីមនុស្សម្នាក់ ឬមនុស្សច្រើននាក់ ?»។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា ច្បាប់នេះ មានការដាក់ទោសទណ្ឌហួសហេតុ ដែលបញ្ហានេះលោកចាត់ទុកជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។ អ្នកវិភាគជើងចាស់រូបនេះយល់ថា ការដាក់ទោសទណ្ឌក្នុងច្បាប់នេះ គឺគួរធ្វើយ៉ាងណាឱ្យស្របនឹងច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលរដ្ឋាភិបាលបានធ្វើរួចហើយ៖ «ខ្ញុំថាលើកលែងប្រទេសជាតិក្នុងភាពអាសន្នបើប្រទេសជាតិក្នុងភាពធម្មតាទេតែដាក់ទោសទណ្ឌខ្លាំងពេកគេអាចចោទប្រកាន់ថា ជាការបង្ក្រាប»។
ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជា កាលពីដើមឆ្នាំ២០២០ មក របបលោក ហ៊ុន សែន បានបង្កើតក្របខ័ណ្ឌច្បាប់បន្តបន្ទាប់ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺនេះ មានជាអាទិ៍ ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័កជាដើម។ ទោះជាយ៉ាងណា ក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា ក្រៅពីការបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌច្បាប់ទាំងនេះក៏មានទិសដៅគាបសង្កត់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែរ ជាពិសេសពលរដ្ឋដែលមិនគាំទ្ររដ្ឋាភិបាល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ពិនិត្យឃើញថា សេចក្តីព្រាងច្បាប់នេះចែងមិនច្បាស់លាស់ និងផ្តល់អំណាចយ៉ាងទូលំទូលាយ ដែលអាជ្ញាធរងាយអនុវត្តដោយបំពាន ព្រមទាំងគ្មានយន្តការត្រួតពិនិត្យដោយឯករាជ្យ ឬកិច្ចគាំពារតាមផ្លូវច្បាប់ត្រឹមត្រូវឡើយ។ អង្គការដដែលនេះ ស្នើដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ រដ្ឋាភិបាលបរទេស និងដៃគូអភិវឌ្ឍន៍ដែលជួយកម្ពុជារឿងប្រឆាំងជំងឺកូវីដ-១៩ ទាមទារជាសាធារណៈទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យលុបចោលវិធានការធ្ងន់ធ្ងរ និងច្រើនហួសប្រមាណទាំងនោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។