តុលាការ​រតនគិរី​រង​ការ​រិះគន់​ករណី​ដោះលែង​វៀតណាម ១២​នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

ដោយ សេក បណ្ឌិត
2019-06-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​វៀតណាម ១២​នាក់ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី អំឡុង​ខែ​មេសា ឆ្នាំ​២០១៩។
ជនជាតិ​វៀតណាម ១២​នាក់ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី អំឡុង​ខែ​មេសា ឆ្នាំ​២០១៩។
Photo provided

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​ទំ​ពូន​ខេត្ត​រតនគិរី​រិះគន់​តុលាការ​ខេត្ត​នេះ ដោះលែង​ជនជាតិ​វៀតណាម ១២​នាក់ ដែល​ជាប់ចោទ​ពី​បទ​ឆ្លងដែន​ខុសច្បាប់ នាំ​គ្រឿងចក្រ​ចូល​ដី​ខ្មែរ​គ្មាន​លិខិត​អនុញ្ញាត និង​ឈូស​ឆាយ​ព្រៃ​ក្នុង​តំបន់​ហាម​ឃាត់។ ពួកគាត់​ចាត់​ទុក​ការ​ដោះលែង​នេះ​ថា ​ជា​សញ្ញា​បង្ហាញ​ពី​ភាព​ទន់ខ្សោយ នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​ទំពួន កាន់តែ​អស់​ជំនឿ​ចិត្ត​លើ​ប្រសិទ្ធភាព​ការងារ​របស់ តុលាការ​ខេត្ត​រតនគិរី​ថា មិន​បាន​ការពារ​ផលប្រយោជន៍​ជាតិ ដើរ​តាម​បន្ទាត់​ច្បាប់​នោះ​ទេ ផ្ទុយ​ទៅវិញ បែរ​ជា​មាន​ចេតនា ដោះលែង​ជនល្មើស​ច្បាប់ ជា​ជនជាតិ​វៀតណាម ១២​នាក់ ឆ្លងដែន​ចូល​ដី​ខ្មែរ​ខុសច្បាប់ ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ឋិត​ក្នុងស្រុក​តាវែង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម ​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ការ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ការពារ​ធម្មជាតិ ជា​ទម្រង់​នៃ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ ដែល​មាន​ចែង​ក្នុង​មាត្រា ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។ ករណី​នេះ ប្រសិន​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ជាក់លាក់ ជន​នោះ​ត្រូវ​ជាប់គុក​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ​។ លោក​ថា សមត្ថកិច្ច​ការពារ​ព្រំដែន​ខ្មែរ ដែល​ឃុបឃិត​អនុញ្ញាត​​​​​​ឱ្យ​ជនជាតិ​វៀតណាម ចូល​ដី​ខ្មែរ​ដោយ​ខុសច្បាប់ ក៏​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ និង​វិន័យ​រដ្ឋបាល​ដែរ តែ​លោក​នៅ​ពុំ​ទាន់​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​នៅឡើយ​ទេ។ លោក​សង្ស័យ​ថា ការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនេះ អាច​ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ក្នុង​ស្ថាប័ន​តុលាការ ៖ «ជា​បទល្មើស​ឧក្រិដ្ឋ​ថ្នាក់​ទី​១ ក្នុង​ច្បាប់ ព្រៃឈើ មិន​ថា ជនបរទេស និង​ខ្មែរ​ដែរ ប្រព្រឹត្ត​បទល្មើស​ក្នុង​ដែន​កម្ពុជា​ហ្នឹង​ក៏​ត្រូវ​ទទួលទោស​ដូចគ្នា​ដែរ​។ ការ​ចូល​មក​ធ្វើ​ហ្នឹង​ប្រាកដ​ជា​មាន​អំពើពុករលួយ​ហើយ ជនជាតិ​វៀតណាម​ដែល​ចូល​មក​ខុសច្បាប់ មិនដែល​បាន​ឃុំខ្លួន បើក​សាវ​នា​ការ​ផ្តន្ទាទោស​ដែរ ដូច​ករណី​ហ្នឹង​ជិត ២​ខែ​ត្រូវ​បាន​ដោះលែង»

កាលពី​ថ្ងៃទី​៣០ ឧសភា ឆ្នាំ ២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្ត​រតនគិរី លោក ឡេង វណ្ណារិទ្ធិ បាន​ចេញ​ដីកា​ដោះលែង​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នោះ ទាំង​យប់ និង​ត្រូវ​​​​​​ឱ្យ​ឋិត​ក្រោម​ការពិនិត្យ​ពី​បទ ឆ្លង​ដែន​គ្មាន​លិខិតអនុញ្ញាត និង​បទ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន សុភាពសុភី ក្នុងស្រុក​តាវែង ខេត្ត​រតនគិរី​។ ជនជាតិ​វៀតណាម​ទាំងនោះ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​អស់​រយៈពេល​ជាង ១​ខែ​កន្លះ។

ដីកា​ដោះលែង ដែល​អាស៊ីសេរី​ទទួល​បាន ​​​​​ឱ្យ​ដឹង​ថា ជនជាតិ​វៀតណាត​ម្នាក់ ក្នុងចំណោម​ជនជាតិ​វៀតណាម​ទាំង ១២​នាក់ ឈ្មោះ ឈ្មោះ ង្វៀន វ៉ាន់ ហុង (NGUYEN VANHUNG) វ័យ ៤៨ ឆ្នាំ រស់នៅ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៦​មេសា ឆ្នាំ​២០១៩ ក្នុង​បទល្មើស​មាន​ចែង​ក្នុង​មាត្រា ២៩ និង​មាត្រា ៥៦ នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ និង​មាត្រា ៦២ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ខេត្ត​រតនគិរី​លោក ឡេង វណ្ណារិទ្ធ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ពី​ហេតុផល នៃ​ការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំងនោះ​បានទេ នៅ​ថ្ងៃ​ទី២ មិថុនា។

ចំណែក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគិរី លោក ជា ពេជ្រ បដិសេធ​មិន​អធិប្បាយ​ចំពោះ ការ​ដោះលែង​ជនជាតិ​វៀតណាម​ទាំង​នោះ​ទេ ដោយ​លោក​គ្រាន់តែ​និយាយ​ដោយ​ខ្លី​ថា សូម​​​​​​ឱ្យ​សួរ​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​វិញ ព្រោះ​លោក​កំពុង​ជាប់រវល់៖ «ទាក់ទង​សួរ​ទៅ​តុលាការ​ឬ​ចៅក្រម​ស៊ើបសួរ ខ្ញុំ​រវល់​តិច​សុំទោស»

ជនជាតិ​ដើម​ភាគតិច​ទំពួន ខេត្ត​រតនគិរី លោក ខាំ និន ហួសចិត្ត​នៅ​គ្រា​ដែល​តុលាការ​ដោះលែង​ជនបរទេស​ឆ្លងដែន​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ដែល​លោក​ចាត់ទុកថា មិន​បាន​ធ្វើ​​​​​​ឱ្យ​ជនសង្ស័យ ជា​ជនជាតិ​វៀតណាម​ទាំងនោះ​រាងចាល​ទេ ផ្ទុយទៅវិញ​ពួកគេ​នឹង​មើលងាយ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ទៀត ហើយ​អាច​វិល​មក​កម្ពុជា​ប្រព្រឹត្ត​បទល្មើស​ដដែលៗ៖ «ខ្ញុំ​រាល់ថ្ងៃ​អត់​មាន​ជំនឿ​ចិត្ត​តុលាការ​យើង ព្រោះ​គាត់​អត់​អនុវត្ត​តាមច្បាប់​ផង ព្រោះ​ខ្ញុំ​ឃើញនឹងភ្នែក​។ ខ្ញុំ​បាន​ស្នើ​សុំ​តុលាការ​ចុះ​មក​មើល​ផ្ទាល់​ករណី​ព្រៃឈើ គ្រាន់តែ​ឮ​ដំណឹង​ថា គាត់​ចុះ​មក​ហើយ​តែ​អ្នក​កាប់​នៅតែ​កាប់ អ្នក​ឈូស​ឆាយ​នៅតែ​ឈូស​ឆាយ​រាល់ថ្ងៃ​។ មិន​ឃើញ​គាត់​ចាប់​ជនល្មើស​ទៅ​ផ្ដន្ទាទោស ខ្ញុំ​អត់​ឃើញ អីចឹង​បាន​ខ្ញុំ​អត់​ជំនឿ​លើ​តុលាការ»

មន្ត្រី​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា យល់ថា ការ​ដោះលែង​ជនជាតិ​ជាតិ​វៀតណាម​ទាំងនេះ​ជា គឺជា​សញ្ញា​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​មាន​សមត្ថភាព ការពារ​អធិបតេយ្យភាព​ទប់ទល់​ជាមួយ​ប្រទេសជិតខាង​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ។ លោក​ថា ទម្រង់​នៃ​ការអនុវត្ត​ច្បាប់​ធូររលុង​បែបនេះ ហាក់​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រណប រដ្ឋាភិបាល​ក្រុង​ហូជីមិញ បើ​ទោះ​បី​ជា សំណុំ​រឿង​នេះ មាន​ភស្តុតាង​ជាក់ស្ដែង​ក៏ដោយ៖ «យើង​សោកស្ដាយ​មែនទែន ក្នុង​រឿង​នេះ មាន​អំពើ​បទល្មើស​ជាក់ស្ដែង ផ្ទាល់​ភ្នែក​មាន​ការ​ចាប់​ឃុំខ្លួន ចោទប្រកាន់​ទៅ​ហើយ ហើយ​បែរជា​ជន​ហ្នឹង​មាន​សេរីភាព​ទៅវិញ ពុំ​មាន​អធិបតេយ្យភាព​ពិតប្រាកដ​ទេ ពាក់ព័ន្ធ​ជនបរទេស​យើង​មិន​ហាន​អារកាត់ និង​ផ្ដន្ទាទោស​ដល់​ជនបរទេស​នោះ​ទេ​។ ជាក់ស្ដែង​ករណី​នេះ​តែម្ដង»

កាលពី​ថ្ងៃទី១៦ មេសា មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ១២​នាក់ និង​គ្រឿងចក្រ ៦​គ្រឿង ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ របស់​ឃុំ​តាវែងលើ ស្រុក​តាវែង។ ជនជាតិ​វៀតណាម​ទាំងនោះ បាន​ចូល​មក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ ក្នុង​ភូមិ​សាស្ត្រ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៥០៥ ក្នុង​ខេត្ត​រតនគិរី ជាប់​ប្រទេស​វៀតណាម​។ មន្ត្រី​សង្គម​ស៊ីវិល​កត់សម្គាល់​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ ដែល​តុលាការ​ខេត្ត​នេះ ដោះលែង​ក្រុម​ឧក្រិដ្ឋជន ជា​ជនជាតិ​វៀតណាម ឆ្លងដែន​មក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល