អ្នកឃ្លាំមើលស្នើរដ្ឋាភិបាលពង្រឹងប្រសិទ្ធភាពការងារស្ថាប័នអនុវត្តច្បាប់ជាជាងបង្កើតគណៈកម្មការបន្ថែម
2024.02.10
អ្នកឃ្លាំមើលលើកឡើងថា ការបង្កើតគណៈកម្មការពង្រឹងប្រព័ន្ធយុត្តិធម៌ នឹងធ្វើឱ្យមានភាពសាំញ៉ាំ និងគ្មានប្រសិទ្ធភាពឡើយ ដោយសារតែសមាសភាព របស់គណៈកម្មការនេះ មានកូតាចេញពីគណបក្សកាន់អំណាច។ ពួកគាត់ថា រដ្ឋាភិបាលគួរតែពង្រឹងតួនាទី និងការងាររបស់ស្ថាប័នអនុវត្តច្បាប់ដែលមានស្រាប់ ជាជាងបង្កើតគណៈកម្មការច្រើនក្នុងស្ថាប័នតែមួយ។
មន្ត្រីគណបក្សប្រឆាំង មិនរំពឹងថា ការបង្កើតគណៈកម្មការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាបន្តបន្ទាប់មកនេះ នឹងអាចជួយលើកស្ទួយប្រព័ន្ធយុត្តិធម៌ ឱ្យបានល្អប្រសើរជាងមុននោះទេ ដោយសារស្ថាប័ន ដែលបង្កើតថ្មី និងស្ថាប័នចាស់ ស្ថិតក្នុងរចនាសម្ព័ន្ធគ្រប់គ្រងតែមួយ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី០៩ កុម្ភៈ ថា កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលរដ្ឋាភិបាលបានបង្កើតឡើង ហាក់មានភាពច្របូកច្របល់ និងសាំញ៉ាំ ពីព្រោះគណៈកម្មការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ បែរជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ខ្លួនឯង ដែលចំណុចនេះ មានន័យថា ក្រសួងយុត្តិធម៌ ពង្រីកស្ថាប័នដើម្បីកែទម្រង់ខ្លួនឯង នៅលើតួនាទីដែលមានស្រាប់។
លោក រ៉ុង ឈុន៖ «បើជាទស្សនៈរបស់ខ្ញុំក្នុងនាមជាគណបក្សកម្លាំងជាតិ វាមិនចាំបាច់បង្កើតគណៈកម្មការសាំញ៉ាំ សំពីងសំពោងច្រើនទេបាទ! សំខាន់អ្នកគ្រប់គ្រងស្ថាប័ន ដូចជាស្ថាប័នយុត្តិធម៌ រដ្ឋមន្ត្រីយុត្តិធម៌ហ្នឹង មានសេចក្ដីក្លាហាន ក្នុងការវះកាត់ប៉ុណ្ណា? ហើយថ្នាក់លើរដ្ឋមន្ត្រីហ្នឹង ផ្ដល់អំណាចប៉ុន្មានឱ្យគាត់អារកាត់»។
ការលើកឡើងនេះ គឺបន្ទាប់ពីព្រះមហាក្សត្រ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ០៨ ខែកុម្ភៈ បានចេញព្រះរាជក្រឹត្យ តែងតាំងសមាសភាពនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងប្រធានតុលាការកំពូល លោក ជីវ កេង ជាសហប្រធាន និងសមាសភាពថ្នាក់ដឹកនាំតាមស្ថាប័នផ្សេងទៀត ដែលពួកគេមួយចំនួនជាមន្ត្រីជាន់ខ្ពស់ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងខ្លះទៀត ស្និទ្ធនឹងគណបក្សកាន់អំណាច។
កន្លងមក រដ្ឋាភិបាលនីតិកាលទី៧ បានបង្កើតគណៈកម្មការដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាច្រើនមកហើយ មានដូចជា គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជាដើម។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា ការបង្កើតគណៈកម្មការច្រើនស្អេកស្កះ បែបនេះ អាចនឹងប៉ះពាល់ដល់ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ ព្រោះថា ចៅក្រម និងព្រះរាជអាជ្ញា គឺស្ថិតនៅក្រោមឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានព្រះមហាក្សត្រជាប្រធានក្នុងការត្រួតពិនិត្យ និងដាក់ពិន័យលើចៅក្រម និងព្រះរាជអាជ្ញា។ ពួកគាត់ថា ការបង្កើតគណៈកម្មការនេះ ក៏អាចធ្វើឱ្យមានភាពច្របូកច្របល់ផងដែរ ដោយក្រសួងយុត្តិធម៌ មានឱកាសជ្រៀតជ្រែកក្នុងការងារក្រសួងដទៃ។
អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ថា ការបង្កើតគណៈកម្មការ ដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌ របស់រដ្ឋាភិបាលនីតិកាលទី៧ នេះ ប្រៀបបានទៅនឹងការពង្រីកតួនាទី និងកន្លែងការងារ ជាជាងការផ្ដោតទៅលើគុណភាពការងារ។
លោក ប៉ោ មករា៖ «ដូច្នេះ ដើម្បីកុំឱ្យមានឥទ្ធិពល ឬបញ្ហាអ្វីមួយទៅដល់ស្ថាប័នរដ្ឋ អ៊ីចឹងតួនាទីរបស់គណបក្សនយោបាយ ឬក៏សមាជិកគណបក្សនយោបាយដែលផ្ដល់ទៅឱ្យមន្ត្រី នៅតាមក្រសួងហ្នឹង គួរតែលុបបំបាត់ចោល។ ដើម្បីការអនុវត្តការងារ ពិសេសនៅស្ថាប័នតុលាការហ្នឹង កុំឱ្យអនុវត្តទៅវាមានការលម្អៀងទៅក្នុងអគតិទាំង៤»។
របាយការណ៍ស្ដីពីសន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ២០២២ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់បំផុតរហូតដល់បាតតារាង គឺនៅលេខរៀង១៣៩ ក្នុងចំណោម ១៤០ប្រទេស គឺគ្រាន់បើតែជាងប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) មួយតែប៉ុណ្ណោះ។
អ្នកឃ្លាំមើលលើកឡើងថា ការបង្កើតគណៈកម្មការដើម្បីកែទម្រង់យុត្តិធម៌ត្រួតជាន់គ្នានេះ គឺជាការសម្ដែងដើម្បីកុហកពលរដ្ឋខ្លួនឯង និងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ ពួកគាត់ថា ជំហានដំបូង ដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌ គឺការដាក់ឱ្យស្ថាប័នអនុវត្តច្បាប់ ស្ថិតនៅឯករាជ្យ និងមិនបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។