ការ​រិះគន់៖ ក្រសួង​ការពារ​ជាតិ​ជួយ​លាក់បាំង​រឿង​ពុក​រលួយ និង​គ្រួសារ​និយម​ របស់​ប្រធាន​តុលាការ​យោធា​

ដោយ សុ ជីវី
2019.08.09
តុលាការយោធា ខ្លោងទ្វារ​ចូល​តុលាការ​យោធា នៅ​រាជធានី​ភ្នំពេញ
រូប៖ គេ​ផ្ដល់ឱ្យ

ក្រសួងការពារជាតិ​មិនទាន់​បង្ហាញ​ពី​ការស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ប្រធាន​តុលាការយោធា​នោះ​ទេ​បន្ទាប់ពី​មានការ​ការចោទប្រកាន់​ថា​បាន​ប្រមូល​ផ្តុំ​បក្ខពួក​សាច់ញាតិ​ធ្វើការ​ក្នុង​ស្ថាប័ន​តែមួយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​។សង្គម​ស៊ីវិល​ដែល​ធ្វើការ​បំបាត់​អំពើពុករលួយ​និង​មន្ត្រីដែល​ទម្លាយ​ព័ត៌មាន​នេះ​យល់ថា​ ក្រសួងការពារជាតិ​កំពុង​មាន​ចេតនា​ជួយ​លាក់បាំង​ករណី​ទាំងនេះ។

សង្គម​ស៊ីវិល​ និង​មន្ត្រី​ ដែល​ទម្លាយ​ព័ត៌មាន​សម្ដែង​ការ​សោក​ស្ដាយ ដែល​ក្រសួងការពារជាតិ​ហាក់​ព្រងើយ​កន្តើយ​មិន​បើក​ការស៊ើបអង្កេត​តាម​ការសន្យា ដើម្បី​រក​ការពិត​ករណី​ចោទ​ថា ប្រធាន​តុលាការ​យោធា​លោក​ ន័យ​ ថុល​ បាន​បង្កើត​ឱ្យ​មានអំពើ​ពុករលួយ​និង​បាន​កេណ្ឌ​សែ​ស្រឡាយ​បក្ខពួក​គ្រួសារ​សាច់​ញាតិ​ជាង ១០នាក់​ឱ្យ​មក​កាន់​តួនាទី​នៅ​ក្នុង​តុលាការ​យោធា​ក្រោម​ការ​ដឹក​នាំ​របស់​លោក។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ ឈុំ​ សុជាត ជា​ ច្រើន​លើក​ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ​នៅ​ថ្ងៃ​ទី៨ ខែ​សីហា។ កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា​លោក​ ប្រាប់​ថា ជាប់​រវល់​ប្រជុំ​និង​សន្យា​ឆ្លើយ​តប​តាម​បណ្ដាញ​តេឡេក្រាម​វិញ ប៉ុន្តែ​រហូត​មក​ដល់​ម៉ោង​ផ្សាយ​នេះ​មិន​ទាន់​ឃើញ​លោក​ឆ្លើយ​តប​ចំពោះ​សំណួរ​អាស៊ី​សេរី​នោះ​ទេ។

កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា​ លោក​ ឈុំ​ សុជាត​ ធ្លាប់​សន្យា​ដែរ​ថា ក្រសួង​ការពារ​ជាតិ​ នឹង​ស៊ើប​អង្កេត​ករណី​នេះ​ភ្លាមៗ ហើយ​នឹង​បង្ហាញ​ជា​សាធារណៈ​ដោយ​ចំណាយ​ពេល​តែ ១ថ្ងៃ ឬ ២ថ្ងៃ​ប៉ុណ្ណោះ​ព្រោះ​ ក្រសួង​ការពារ​ជាតិ​ដាច់ខាត​មិន​គាំទ្រ​ឱ្យ​មាន​បញ្ហា​បក្ខពួក​និយម​គ្រួសារ​និយម​នោះ​ទេ។

បន្ទាប់​មក​ នៅ​ថ្ងៃ​ទី២៤ ខែ​កក្កដា លោក ឈុំ សុជាត ប្រាប់​អាស៊ី​សេរី​ករណី​នេះ​មិន​ទាន់​ស៊ើប​អង្កេត​ទេ​ព្រោះ​ រង់ចាំ​សេចក្ដី​សម្រេច​របស់​លោក ទៀ បាញ់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជា​មុន​សិន។ លោក​សន្យា​ម្ដង​ទៀត​ថា យ៉ាង​យូរ​នឹង​មាន​លទ្ធផល​នៅ​ត្រឹម​ចុងខែ​កក្កដា​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ឃើញ​មាន​លទ្ធ​ផល​ដូច​ការ​សន្យា​នោះ​ទេ។

ទោះបីជា​មិន​ទាន់​ស៊ើបអង្កេត​ជា​ផ្លូវការ​ក៏ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ធ្លាប់​ចេញ​ មុខ​ការ​ពារ​ថា​តុលាការ​យោធា​កម្ពុជា​មិន​មាន​បញ្ហា​បក្ខពួក​និយម​គ្រួសារ​និយម​នោះ​ទេ។ នៅ​ពេល​អាស៊ី​សេរី​សួរ​លោក កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា​ថា ហេតុ​អ្វី​បាន​ជា​លោក​ហ៊ាន​អះ​ អាង​ដូច្នេះ លោក ឈុំ​ សុជាត ឆ្លើយ​តប​ថា លោក​គ្រាន់​តែ​ឆ្លើយ​ជំនួស​លោក ន័យ ថុល ដែល​បាន​ប្រាប់​លោក​ត្រួសៗ ថា​រឿង​នេះ​ ហាក់​ដូច​ជា​បំផ្លើស​ពេក ប៉ុន្តែ​ លោក ន័យ ថុល ទទួល​ស្គាល់​ថា មាន​កំហុស​ឆ្គង​ខ្លះ។

ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​អ្នកស្រី ម៉ម ស៊ីថា មាន​ប្រសាសន៍​ថា​នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​ក្នុង​ស្ថាប័ន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បែប​នេះ ក្រសួង​ការពារ​ជាតិ​គួរ​តែ​ពន្លឿន​ការ​ស៊ើប​អង្កេត និង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​ចៀសវាង​ការ​រិះគន់។ អ្នកស្រី​បន្ត​ថា​ ប្រសិន​បើ​ក្រសួង​ការពារ​ជាតិ​ចេះ​តែ​ឆ្លើយ​តប​ទាំង​មិន​បាន​ស៊ើប​អង្កេត​ផ្ទៀងផ្ទាត់​ព័ត៌មាន និង​គ្មាន​ មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ គឺ​គេ​នឹង​រិះគន់​បន្ថែម​ថា ក្រសួង​កំពុង​ជួយ​លាក់​បាំង និង​ការពារ​ ករណី​នេះ​ថែម​ទៀត៖ «ឱ្យ​តែ​គេ​ចេញ​ព័ត៌មាន​មក ​មិនទាន់​ទាំង​បាន​ស៊ើប​អង្កេត​ផង​ទៅ​ប្រឆាំង​ជាមួយ​ព័ត៌មាន​គេ គឺ​អត់​មាន​មូលដ្ឋាន​ដូច្នេះ​ត្រូវតែ​មាន​មូលដ្ឋាន​ពិតប្រាកដ។ ការ​អូស​បន្លាយ​និង​ការ​មិន​អើពើ​នេះ​ប្រៀប​ដូច​នឹង​ការ​ទទួល​ស្គាល់​ការ​ពិត ហើយ​ទី២ គឺ​មាន​ចិត្ត​ក្នុង​ការ​បិទ​បាំង។ ត្រូវតែ​មាន​ចំណាត់​ការ​មួយ ដើម្បី​ចៀសវាង​កុំ​ឱ្យ​គេ​ដៀល​ថា​ប្រទេស​ខ្មែរ​ រដ្ឋាភិបាល​ខ្មែរ​វា​ពាក់​ព័ទ្ធ​មាន​ក្រសួង​គ្រួសារ​ឬ​ស្ថាប័ន​គ្រួសារ។ យើង​ចង់​ឃើញ​ស្ថាប័ន​មួយៗ មាន​តម្លាភាព​និង​មាន​ការ​ប្រកួត​ប្រជែង​ចម្រុះ»

មន្ត្រី​ជាន់​ខ្ពស់​ដែល​ទម្លាយ​ព័ត៌មាន​នេះ​ប្រាប់​ថា​ ក្រសួង​ការពារ​ជាតិ​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​ករណី​នេះ​ទេ ហើយ​កំពុងតែ​រក​វិធី​ការពារ​មនុស្ស​ទាំង​នោះ​ថែម​ទៀត​ព្រោះ​វា​ជា "វប្បធម៌​ឯង​ជួយ​អញ​អញ​ជួយ​ ឯង"

កាល​ពី​ដើម​ខែ​កក្កដា​កន្លងទៅ​ មន្ត្រី​ជាន់ខ្ពស់​នៅ​តុលាការ​យោធា​ដែល​សុំ​លាក់​អត្តសញ្ញាណ​បាន​ទម្លាយ​ថា​ ប្រធាន​តុលាការ​យោធា​ឧត្ដមសេនីយ៍​ឯក​ផ្កាយ៣​ លោក​ ន័យ​ ថុល​ ដែល​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ១៩៨៧​ មក​ និង​ជា​ចៅក្រម​នៅ​សាលាក្ដី​ខ្មែរក្រហម​ផង​ បាន​តែងតាំង​ភរិយា​ គឺ​អ្នក​ស្រី​ ខឹម​ សម្បត្តិ​ និង​កូន​ប្រុស​បង្កើត​ពីរ​នាក់​របស់​ខ្លួន​ឱ្យ​ធ្វើ​ជា​ចៅក្រម​ និង​ជា​អនុប្រធាន​តុលាការ​យោធា។កូន​ប្រុស​ទាំង​ពីរ​នាក់​ ឈ្មោះ​ ផូរ​ ភិរម្យ​ និង​ឈ្មោះ ផូរ វីរៈ នេះ មិន​ត្រឹមតែ​មាន​តួនាទី​ជា​អនុប្រធាន​តុលាការ​យោធា និង​ជា​ចៅក្រម​ដូច​យ​ម្ដាយ​ទេ គឺ​ពួក​គេ​ក៏​ជា​នាយ​ការិយាល័យ​ចៅក្រម​ស៊ើប​សួរ​ព្រម​ទាំង​ជា​នាយ​ទាហាន​មាន​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍​ត្រី និង​ទោ​ទៀត​ផង។ ចំណែក​កូន​ទី៣​ លោក​ ន័យ​ ផូរ​ ច័ន្ទ​គង្គារ ក៏​កំពុង​ធ្វើ​ការ​នៅ​ក្នុង​តុលាការ​យោធា​ដែរ។ ប្រភព​ដដែល​ឱ្យ​ដឹង​ថា​អំពើ​ពុក​រលួយ​ និង​គ្រួសារ​និយម​នេះ​បាន​ធ្វើ​ឡើង​ជា​ប្រព័ន្ធ​ និង​លាក់​បាំង​បំផុត​ ដែល​សូម្បី​តែ​ឈ្មោះ​ត្រកូល​ក៏​ផ្លាស់​ប្ដូរ​ដែរ។

លោក​ ន័យ​ ថុល​ ក៏​ប្រមូល​សាច់​ញាតិ​មួយ​ចំនួន​ទៀត​ ដូចជា ឧត្ដមសេនីយ៍​ទោ នុត សោភ័ណ្ឌ ត្រូវជា​ប្អូន​ជីដូនមួយ​កំពុង​កាន់​តួនាទី​ជា​អនុប្រធាន​តុលាការយោធា​ជា​ចៅក្រម​ និង​ជា​នាយ​ការិយាល័យ​ហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មាន​បង​ប្អូន​បង្កើត​ម្នាក់​ទៀត ឈ្មោះ នុត សុផែន កំពុង​ធ្វើ​ការ​ក្រោម​បង្គាប់​របស់​លោក។ ប្រភព​បន្ត​ថា សូម្បី​តែ​អ្នក​បើក​ឡាន​ឱ្យ​លោក ន័យ ថុល ឈ្មោះ​ អ៊ូ​ សេរី​ក៏​ត្រូវ​បាន​ដំឡើង​ឱ្យ​ធ្វើ​ជា​ចៅក្រម​ដែរ។ ក្រៅ​ពី​នេះ​ ចៅក្រម​មួយ​ចំនួន​ទៀត ក៏​ជា​សាច់​ញាតិ​ និង​បក្ខពួក​របស់​លោក​ ន័យ​ ថុល​ ដែរ​ ដូចជា​លោក​ចៅក្រម ង៉ូវ វុទ្ធី ចៅក្រម ឃឹម សុឃាន និង​ចៅក្រម ពិន សំអឿន។

រី​ឯ​មន្ត្រី​គ្រាក់ៗ នៅ​ក្នុង​ស្ថាប័ន​នេះ​មួយ​ចំនួន​ក៏​យក​គំរូ​តាម​លោក​ ន័យ​ ថុល​ដែរ​ដោយ​ពួក​គេ​ ប្រមូល​ កូន​ និង​សាច់ញាតិ​ចូល​ធ្វើ​ការ​ជា​ហូរហែ​ដែរ។ អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ និង​ជា​ចៅក្រម​តុលាការ​យោធា​នាយ​ឧត្ដមសេនីយ៍​ ផ្កាយ៤ លោក​ សាវ​ សុខ​ ក៏​មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​ សុខ​ គីណូ​កត្តា​ ជា​ចៅក្រម​តុលាការ​យោធា​ និង​មាន​ឋានន្តរសក្ដិ​វរសេនីយ៍ត្រី។ រី​ឯ​អនុ​ប្រធាន​តុលាការ​យោធា​និង​ជា​ចៅក្រម​ លោក​ឧត្ដមសេនីយ៍​ទោ ប៉ោក ប៉ន មាន​កូន​ប្រុស​ឈ្មោះ ប៉ុន វណ្ណៈ ជា​ច្រៅក្រម។

ប្រភព​បន្ត​ថា​ប្រធាន​តុលាការ​យោធា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​ច្រើន​ករណី​ទៀត​ដែរ​ ដូច​ជា កាត់​ប្រាក់ខែ​ចៅក្រម​ដែល​មិន​មែន​ជា​សាច់​ញាតិ​ការ​ដំឡើង​តួនាទី​ឱ្យ​កូន​ចៅ​បក្ខពួក​របស់​ខ្លួន​និង​ការ​ពន្យារ​ពេល​ចូលនិវត្តន៍​ចំនួន ៧លើក​ និង​ស៊ី​ដាច់​លុយ​មន្ត្រី​ខ្សែ​បណ្ដោយ​អស់​ម្នា​ក់ៗ ប្រហែល​ជា ២ពាន់​ដុល្លារ​ទៅ ២ពាន់ ៥រយ​ដុល្លារ​ក្នុង​ការ​សូកប៉ាន់​ឱ្យ​លោក​ ន័យ​ ថុល​ បញ្ចូល​សាច់​ញាតិ​ជា​នាយ​ទាហាន​ប៉ុន្តែ​ត្រូវ​បាន​លោក​ ទៀ​ បាញ់​បដិសេធ។ ករណី​ទាំង​នេះ​មន្ត្រី​ក្នុង​តុលាការ​យោធា​ធ្លាប់​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ក្នុង​អំឡុង​ឆ្នាំ២០១៦ ប៉ុន្តែ​ពុំ​មាន​ការ​ស៊ើប​អង្កេត​អ្វី​ឡើយ​បន្ទាប់​ពី​មាន​លិខិត​ឆ្លើយ​បំភ្លឺ​ពី​លោក​ ន័យ​ ថុល។

ប្រធាន​គណៈកម្មការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​នឹង​អំពើពុករលួយ​អ្នកស្រី ម៉ម ស៊ីថា លើក​ឡើង​ថា បញ្ហា​បក្ខពួក​និយម​គ្រួសារ​សាច់ញាតិ​និយម​នេះ​គឺ​បង្កើត​ឱ្យ​មានអំពើ​ពុករលួយ​និង​ការ​ជា​បំផ្លាញ​ថវិកា ជាតិ៖ «ប៉ះ​ពាល់​ច្រើន​ណាស់​ ដូច​ជា​ ប៉ះពាល់​ដល់​ទំនាស់​ផល​ប្រយោជន៍​ ហើយ​មាន​ពុក​រលួយ ហើយ​មួយ​ទៀត​ការ​បាត់​បង់​ឱកាស​សម្រាប់​យុវជន​ ដែល​ចេញ​ពី​សាលា​អត់​បាន​ទៅ​ប្រឡង​ប្រជែង​ចូល​កន្លែង​នឹង។ គេ​ចង់​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ស្រប​តាម​គោល​ការណ៍​រដ្ឋ ហើយ​រើស​ដាក់​អ៊ីចឹង​វា​អត់​ស្រប​តាម​គោល​ការណ៍​រដ្ឋ»

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​អហង្ការ​មិន​ឱ្យ​មាន​ករណី​ក្រុម​គ្រួសារ​និយម​នៅ​ក្នុង​ស្ថាប័ន​តែ​មួយ​នោះ​ឡើយ។ ក៏​ប៉ុន្តែ​ស្ថានភាព​ជាក់​ស្ដែង​ស្ទើរ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់​កំពុង​តែ​ចាក់​ស្រេះ​ដោយ​បញ្ហា​គ្រួសារ ឬ​បក្ខ​ពួក​និយម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។