ក្រសួង​យុត្តិធម៌​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​ខេត្ត​កំពង់ធំ ដែល​ជាប់​ចោទ​ពី​បទ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក

ដោយ​ សន ចាន់រដ្ឋា
2019-04-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា សុវណ្ណថេត ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ។
លោក ជា សុវណ្ណថេត ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ។
រូប៖ ហ្វេសប៊ុក សារព័ត៌មាន ខេប៊ីអិន KBN

លោក អង្គ​វង្ស​ វឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សម្រេច​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ឈ្មោះ ជា សុវណ្ណថេត បន្ទាប់ពី​ក្រសួង​យុត្តិធម៌​ទទួល​បាន​ការ​ជូន​ដំណឹង​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ស្ដីពី​ការចោទប្រកាន់​លោក ជា សុវណ្ណថេត ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​កាប់​ឆ្ការ គាស់ ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង ឬ​ហ៊ុមព័ទ្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃ​កោងកាង​ ក្នុង​ខេត្ត​កំពង់ធំ។

 

លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្ញើ​ទៅ​ព្រះរាជ​អាជ្ញា ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ​ ​នៅ​ថ្ងៃ​ទី២២ ​ខែ​មេសា ​ឱ្យ​ដឹង​ថា ក្រសួង​បាន​ស្នើ​ទៅ​ព្រះរាជ​អាជ្ញា ​ឱ្យ​ផ្អាក​តួនាទី​របស់​ព្រះរាជ​អាជ្ញា​រង​ឈ្មោះ ជា សុវណ្ណ​ថេត ជា​បណ្ដោះអាសន្ន ​រហូតដល់​មាន​ការសម្រេច​របស់​តុលាការ​ជា​ស្ថាពរ ​ដោយ​យោង​តាម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា មាត្រា​ ៥៨ ​និង​មាត្រា​ ១០០ ។​

 

ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក៏​បាន​បញ្ជាក់​ដែរ​ថា ព្រះរាជ​អាជ្ញា​រង​ លោក ជា សុវណ្ណ​ថេត ​បាន​រង​ការចោទប្រកាន់​ថា​បាន​ផ្ដួចផ្ដើម​ ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​កោងកាង និង​ព្រៃ​លិច​ទឹក​ កាលពី​ថ្ងៃ​ទី​ ១៣ ដល់​ថ្ងៃ​ទី១៧ ខែ​មេសា​។ ​បទ​ចោទប្រកាន់​នេះ នឹង​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ តាម​មាត្រា២៨ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា៩៨ ​នៃ​ច្បាប់​ជល​ផល។

ទាក់ទង​នឹង​បញ្ហា​នេះ​ អភិបាល​ខេត្ត​កំពង់ធំ​ លោក សុខ លូ ​ក៏​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា មនុស្ស​ដែល​ជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ចំនួន ៩នាក់ រួម​ជាមួយ​នឹង​គ្រឿងចក្រ​ជា​ច្រើន​ ត្រូវ​បាន​កង​កម្លាំង​របស់​ខេត្ត​ឃាត់​ខ្លួន ខណៈ​ពួក​គេ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា។ លោក​បន្ថែម​ថា​មក​ទល់​ពេលនេះ​ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ មនុស្ស​ទាំង​ ៩ នាក់​នោះ​ជា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល