"ការ​គ្រោង​អនុម័ត​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​គឺ​ជា​ការ​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន"

ដោយ ទីន ហ្សាការីយ៉ា
2018-02-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា
Photo: RFA

គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ឲ្យ​សភា​បើ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ខាង​មុខ ដែល​កែប្រែ​ពី​ការ​ដាក់​ទោសទណ្ឌ​អ្នក​ប្រមាថ​ព្រះចេស្ដា​ព្រះមហាក្សត្រ ទោះបីជា​មាន​ការ​ជំទាស់ និង​សុំ​ឲ្យ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​នេះ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​យ៉ាង​នេះ​ក្ដី។

រដ្ឋ​សភា​នឹង​បើក​កិច្ចប្រជុំ​នីតិកាល​ទី​៥ ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែ​គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ច្បាប់​នេះ​ឡើយ។

​ការ​គ្រោង​ដាក់​ឲ្យ​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ក្រម​ព្រហ្មទណ្ឌ​នេះ នៅ​ក្រោយ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ដែល​ដឹកនាំ​ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា បាន​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នៅ​ខណៈ​សភា​អាស៊ាន​កំពុង​អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទម្លាក់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចោល ដោយសារ​ថា ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​មេធាវី សេក សោភណ្ឌ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ថា ការ​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ព្រះមហាក្សត្រ​គឺ​ជា​រឿង​ល្អ​មួយ ប្រសិនបើ​ការ​ធ្វើ​ច្បាប់​នោះ ពិត​ជា​មាន​គោលបំណង​គោរព​ព្រះមហាក្សត្រ ហើយ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា៖ «ខ្ញុំ​យល់​ថា​ល្អ បើសិនជា​ក្នុង​គោលដៅ​ការពារ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​មាន​ព្រះរាជ​សិទ្ធិ និង​អំណាច​តាម​រដ្ឋធម្មនុញ្ញ»

​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ក្រហម និង​បាន​កាន់​អំណាច​យូរ​ជាង​គេ​នៅ​អាស៊ី​នោះ បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ហើយ​បញ្ជូន​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច និង​បញ្ជូន​ឲ្យ​សភា​អនុម័ត​ដែល​ច្បាប់​នេះ​មាន​ចែង​ពី​ការ​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​ត្រូវ​តុលាការ​រក​ឃើញ​ថា មាន​កំហុស​ប្រមាថ​ព្រះមហាក្សត្រ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២.៥០០​ដុល្លារ។ នេះ​គឺ​ជា​ច្បាប់​ទី​ពីរ​ហើយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម។ រដ្ឋធម្មនុញ្ញ​ក៏​រដ្ឋាភិបាល​បាន​អនុម័ត ហើយ​ស្នើ​ឲ្យ​សភា​ធ្វើ​វិសោធនកម្ម​ដែរ ដោយ​លោក ហ៊ុន សែន ចង់​តែងតាំង​មន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ​ដោយ​ផ្ទាល់ ដោយ​មិន​បាច់​ឆ្លងកាត់​សភា។

​សមាជិក​សភា​អាស៊ាន មក​ពី​ប្រទេស​អាស៊ាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ទៅ​នឹង​សេចក្ដី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​កែប្រែ​ក្រម​ព្រហ្មទណ្ឌ​ដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើ​ឡើង​នោះ គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

​ប្រធាន​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស លោក Charles Santiago លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ស្នើ​ឲ្យ​សមាជិក​រដ្ឋសភា​កម្ពុជា កុំ​នាំ​គ្នា​លើកដៃ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ទាំង​នេះ ​ពីព្រោះ​ថា ការ​ធ្វើ​វិសោធនកម្ម​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​បន្ថែម​ថា បើ​សភា​ព្រម​អនុម័ត​វិសោធនកម្ម​ទាំង​នេះ​មែន គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​លើ​នីតិរដ្ឋ និង​កាន់​តែ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​បែប​ផ្ដាច់ការ​នៅ​កម្ពុជា។

​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ច្បាប់​ទាំង​ឡាយ​ណា​ដែល​សភា​បក្ស​កាន់​អំណាច និង​ក្រុម​បក្ស​ពួក​បាន​ធ្វើ និង​អនុម័ត​នៅ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​ឡើយ ដោយ​លោក​ចាត់​ទុក​សភា​បច្ចុប្បន្ន​គឺ​ជា​សភា​មិន​ស្រប​ច្បាប់ ហើយ​រាល់​ការ​ធ្វើ​ច្បាប់​ទាំង​ឡាយ​ក៏​ខុស​រដ្ឋធម្មនុញ្ញ​ដែរ។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ប្រសិនបើ​សភា​អនុម័ត​តាម​សំណើ​រដ្ឋាភិបាល ច្បាប់​ថ្មី​នេះ ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​រដ្ឋសភា​បច្ចុប្បន្ន​មិន​ស្រប​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស​នៅ​តែ​ទទួល​ស្គាល់​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​សមាជិក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ទទួល​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ដែល​គណបក្ស​កាន់​អំណាច​ផ្ដល់​ជូន​នោះ​ទេ។

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា អ្នក​ដែល​មិន​គោរព​ព្រះមហាក្សត្រ​នោះ​គឺ​រដ្ឋាភិបាល​ទៅ​វិញ​ទេ ពីព្រោះ​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ធ្វើ​សមាជ​ជាតិ​ក្នុង​មួយ​ឆ្នាំ​ម្ដង​នោះ៖ «ព្រះមហាក្សត្រ​មិន​អាច​បំពេញ​ភារកិច្ច​របស់​ព្រះអង្គ​ក្នុង​ការ​ធានា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​បាន​ទេ ដោយសារ​គ្មាន​ការ​ចូលរួម​ពី​រដ្ឋាភិបាល»

​រដ្ឋធម្មនុញ្ញ​មាត្រា ១៤៧​ថ្មី ចែង​ថា សមាជ​ជាតិ​បើក​ឲ្យ​ប្រជារាស្ត្រ​ជ្រាប​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ ដែល​ជា​ប្រយោជន៍​ជាតិ និង​លើក​បញ្ហា​សំណូមពរ​ឲ្យ​រដ្ឋ​អំណាច​ដោះស្រាយ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ទៅ​ចូលរួម​ក្នុង​សមាជ​ជាតិ។ រី​ឯ​មាត្រា ១៤៨ ចែង​ដែរ​ថា សមាជ​ជាតិ​ប្រជុំ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការ​កោះ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី។ សមាជ​ជាតិ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជ​ធិបតី​ភាព​នៃ​ព្រះមហាក្សត្រ។

​អ្នក​វិភាគ​លើក​ឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​កន្លង​មក​ដែល​ស្នើ​ឡើង​ដោយ​លោក ហ៊ុន សែន ដូចជា​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ការ​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត​នោះ គឺ​ជា​ការ​ពង្រឹង និង​ក្រាញ​អំណាច​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន និង​បក្សពួក​ក្រោម​រូបភាព​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល