ស្នងការ​នគរបាល​ជាតិ ដាក់​វិន័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​មួយ​ក្រុម ដែល​​​ប្រើ​ហិង្សា​​​លើ​​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់

ដោយ សុ ជីវី
2019-02-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ថ្លែង​បន្ទាប់​ពី​មាន​ជំនួប​កំពូល​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សមត្ថកិច្ច​ចម្រុះ នា​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Brach Chev

ស្នងការ​នគរបាល​ជាតិ សម្រេច​ដាក់​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​មួយ​ក្រុម ដែល​បាន​អនុវត្ត​តួនាទី​ធ្វេស​ប្រហែសចាប់​វាយ​ខ្នោះ និង​ប្រើ​អំពើ​ហិង្សា​ច្រឡំ​លើ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់ ដោយសារ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​ស្នងការ​​នគរបាល​ជាតិ ចាត់​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​នគរបាល ដែល​អនុវត្ត​ខុស​តួនាទី​បែប​នេះ ដើម្បី​កុំ​ឲ្យ​នគរបាល​ដទៃ​ទៀត​យក​គំរូ​តាម និង​កុំ​ឲ្យ​ហេតុការណ៍​ដដែល​កើត​ឡើង។

ឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ ប្រកាស​ទទួល​ស្គាល់​កំហុស និង​សូម​អភ័យទោស ចំពោះ​ទង្វើ​របស់​មន្ត្រី​នគរបាល ប្រឆាំង​គ្រឿងញៀន​មួយ​ក្រុម ដែល​ឃាត់​ខ្លួន​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​ឈ្មោះ ឡាយ ប៊ុនថូ ដោយ​ច្រឡំ​ថា មន្ត្រី​រូប​នេះ ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ត្រង់​ចំណុច​តាម​ដង​វិថី​ព្រះមុនីវង្ស ក្បែរ​ស្ថានីយ​សាំង​ សូគីម៉ិច ខណ្ឌ​ចំការ​មន កាល​ពី​យប់​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

លោក ម៉ក់ ជីតូ ឲ្យ​អាស៊ី​សេរ​ដឹង​ថា ក្រៅ​ពី​ការ​សុំទោស​នោះ លោក​ក៏​បាន​ដាក់​វិន័យ​រដ្ឋបាល​ចំពោះ​មន្ត្រី​នគរបាល​មួយ​ក្រុម​នោះ​ដោយសារ​ពួក​គេ​ធ្វេស​ប្រហែស​ក្នុង​ការងារ ដើម្បី​ឲ្យ​ពួក​គេ​រាងចាល និង​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​មាន​ការ​ធ្វេសប្រហែស​បន្ត​ទៀត។ លោក​សុំ​មិន​បង្ហាញ​ថា មន្ត្រី​នគរបាល​មួយ​ក្រុម​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់ និង​ឈ្មោះ​អ្វី​នោះ​ទេ៖ «ធម្មតា​ខុស​ឆ្គង យើង​ប្រមូល​ផ្ដុំ​ពិចារណា​កំហុស​ហើយ បើ​សិន​ជា​កំហុស​ធ្ងន់ធ្ងរ​រហូត​ដល់​ប៉ះពាល់​បទ​ល្មើស​ព្រហ្មទណ្ឌ អា​ហ្នឹង​តុលាការ​ចាត់​ការ​ទៅ។ យើង​ខ្ញុំ​ទទួល​ស្គាល់​កំហុស​ជំនួស​បង​ប្អូន ដោយសារ​បង​ប្អូន​បំពេញ​បេសកកម្ម​ក្នុង​នាម​ថ្នាក់ ដឹក​នាំ តែ​កូន​ចៅ​ខុស យើង​ខុស​ដែរ​ហើយ»

ទោះ​យ៉ាង​ណា​ក្ដី លោក ម៉ក់ ជីតូ អះអាង​ថា មន្ត្រី​នគរបាល​មិន​បាន​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ដូច​សារព័ត៌មាន​ចុះ​ផ្សាយ​ឡើយ ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ឃាត់​ខ្លួន​ច្រឡំ​នោះ ព្រោះ​មាន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ក្រុម​បាន​ចង្អុល​បង្ហាញ​មេ​ក្លោង ដែល​មាន​ភិន​ភាគ សំលៀកបំពាក់ និង​នៅ​ស្ថិត​ក្នុង​កន្លែង​ប្រតិបត្តិការ​ដូច​គ្នា។

ជន​រង​គ្រោះ​ដែល​ជា​មន្ត្រី​ក្រសួង​ធនធាន​ទឹក លោក ឡាយ ប៊ុនថូ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​អាច​ទទួល​យក​ការ​សុំ​ទោស ហើយ​បញ្ចប់​រឿង​បាន​ទេ ព្រោះ​នគរបាល​ទាំង​នោះ​អនុវត្ត​ខុស​នីតិវិធី ហើយ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​លោក​ទាំង​ដៃ​ជាប់​ខ្នោះ។

លោក​រៀបរាប់​ថា នៅ​យប់​កើត​ហេតុ គឺ​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ីវិល​មួយ​ក្រុម បាន​ចាប់​វាយ​ខ្នោះ​ដៃ និង​ប្រើ​ហិង្សា​លើ​លោក​ទាំង​កម្រោល​តែ​ម្ដង​ដោយ​មិន​បញ្ជាក់​មូលហេតុ​នោះ​ទេ ខណៈ​ដែល​លោក​ចេញ​ពី​ញាំ​អាហារ និង​គ្រឿង​ស្រវឹង​នៅ​ផ្ទះ​មិត្តភ័ក្ដិ៖ «គាត់​ចាប់​ខ្ញុំ​ប្រផាប់ប្រភីង​ប្រហែល​ជាង​គ្នា ១០នាក់ ហើយ​ខ្ញុំ​រើ​បម្រះ ព្រោះ​ខ្ញុំ​អត់​ដឹង​ថា គាត់​ជា​នរណា​គេ ព្រោះ​អត់​ទាំង​មាន​ឯកសណ្ឋាន​ផង គឺ​ស៊ីវិល​ទាំង​អស់។ ខ្ញុំ​អ្នក​ធ្វើ​ការ​ដែរ ខ្ញុំ​យល់។ ខ្ញុំ​សួរ​ថា តើ​មាន​បញ្ហា​ស្អី​គេ ទើប​មក​ចាប់​ខ្ញុំ​បែប​នេះ ខ្ញុំ​អត់​យល់។ គាត់​ទះ​ខ្ញុំ ៣កំភ្លៀង ហើយ​រុញ​ចូល​ឡាន។ ពេល​ចូល​ក្នុង​ឡាន ខ្ញុំ​សួរ​គាត់​ទៀត​ថា បង្ក្រាប​បទ​ល្មើស​ស្អី​គេ គាត់​ឆ្លើយ​ថា ហ្អែង​កុំ​មាត់ នៅ​ឲ្យ​ស្ងៀម។ ខ្ញុំ​សួរ​គាត់​ទៀត ហើយ​គាត់​ទះ​ខ្ញុំ ២កំភ្លៀង​ទៀត។ ខ្ញុំ​ចាំ​មុខ​មន្ត្រី​នោះ​ច្បាស់ ហើយ​មាន​ថត​បាន​វីដេអូ​ទុក​ទៀត តែ​អត់​ទាន់​បង្ហាញ»

ជនរងគ្រោះ​អះអាង​ថា ក្រុម​នគរបាល​ទាំង​នោះ បាន​ព្យាយាម​សុំ​ទោស​ម្ដង​ហើយ​ម្ដង​ទៀត ថែម​ទាំង​សម្រួល​ជា​ប្រាក់​ចំនួន ២រយ​ដុល្លារ​ថែម​ទៀត ដើម្បី​ឲ្យ​លោក​យល់​ព្រម​បញ្ចប់​រឿង​ក្រៅ​ផ្លូវ​ច្បាប់។

អាស៊ី​សេរី មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ បាន​ទេ​នៅ​ថ្ងៃ​ទី១១ ខែ​កុម្ភៈ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក អ៊ុំ រីណា ក៏​មិន​ទទួល​ទូរស័ព្ទ។

អ្នក​នាំ​ពាក្យ​សមាគម អាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ក្នុង​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​របស់​សមត្ថកិច្ច​នគរបាល គឺ​មិន​អាច​ប្រើ​អំពើ ហិង្សា​តាម​អំពើ​ចិត្ត​លើ​ជន​សង្ស័យ​បាន​ឡើយ ទោះ​បី​ជា​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ក៏​ដោយ ព្រោះ​ច្បាប់​បាន​ការពារ​ជន​សង្ស័យ។ លោក​បន្ត​ថា ថ្នាក់​ដឹក​នាំ នៅ​អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​បញ្ចប់​សំណុំ​រឿង​នេះ​ត្រឹម​ទទួល​ស្គាល់​កំហុស និង​សុំ​ទោស​នោះ​ទេ គួរ​តែ​ចាត់​វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ដែល​ប្រព្រឹត្ត​ខុស ដើម្បី​កុំ​ករណី​បែប​នេះ ចេះ​តែ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត៖ «ថ្នាក់​ដឹក​នាំ​របស់​មន្ត្រី ដែល​អនុវត្ត​ខុស​ច្បាប់​បែប​នេះ មិន​គួរ​ណា​ប្រើ​វិធានការ​បែប​សុំ​ទោស​អ៊ីចឹង​ទេ ព្រោះ​ច្បាប់​មាន​យើង​អនុវត្ត​ទៅ​តាម​ច្បាប់​ទៅ កុំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បែប​នេះ កើត​ឡើង​បន្ត​ទៀត»

ជន​រង​គ្រោះ​អះអាង​បន្ថែម​ថា លោក​បាន​ដាក់​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេ​បាសាក់​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែរ កាល​ពី​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ប៉ុន្តែ​អង្គភាព​ទាំង​នោះ​មិន​ទទួល​បណ្តឹង​របស់​លោក​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​យុត្តិធម៌​ដដែល។

ចំណែក​ឧត្ដមសេនីយ៍ ម៉ក់ ជីតូ ឆ្លើយ​តប​ថា ការ​ដែល​ជន​រងគ្រោះ​មិន​ទទួល​យក​ការ​សុំ​ទោស ហើយ​បន្ត​ដាក់​បណ្ដឹង គឺ​ជា​សិទ្ធិ​របស់​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល