តុលាការ​អាមេរិក​សម្រេច​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​បង្ហាញ​ស្ថិតិ​គណនី​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្លះ

ដោយ ម៉ៅ សុធានី
2018-05-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៨។
ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៨។
Printscreen

ចៅក្រម​តុលាការ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា (California) បញ្ជា​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បញ្ចេញ​ព័ត៌មាន តាម​សំណើ​របស់​មេធាវី លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ដើម្បី​ការពារ​ក្តី​នៅ​ក្នុង​សំណុំរឿង​ដែល​របប​ទីក្រុង​ភ្នំពេញ​ចោទ​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍។

លោក ហ៊ុន សែន បាន​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់ពី​លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ទិញ “Likes” ក្លែងក្លាយ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ ដើម្បី​ធ្វើ​ប្រជាភិថុតិ។

ទីភ្នាក់ងារ​ព័ត៌មាន Bloomberg news ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ មេសា ថា នៅ​ក្នុង​សវនាការ ចៅក្រម​អ្នកស្រី សាលី គឹម (Sallie Kim) ប្រកាសថា អ្នកស្រី​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី មាន​លទ្ធភាព​ដើម្បី​ទទួល​បាន​ទិន្នន័យ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក។ ទោះបីជា​យ៉ាង​ក៏ដោយ អ្នកស្រី​ចៅក្រម បញ្ជាក់​ថា អ្នកស្រី​នឹង​បញ្ជា​ឲ្យ​ក្រុមហ៊ុន Facebok ផ្ដល់​ទិន្នន័យ​មួយ​ចំនួន​តែប៉ុណ្ណោះ​ទៅ​តាម​សំណើ​របស់​លោក សម រង្ស៊ី មិនមែន​ទាំងអស់​នោះ​ទេ។

ក្នុង​សវនាការ មេធាវី​ក្រុមហ៊ុន​ហ្វេសប៊ុក​បញ្ជាក់​ថា​ក្រុមហ៊ុន មិន​ចង់​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​នយោបាយ រវាង​គណបក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះ​ទេ។ ក្រុមហ៊ុន​នេះ ក៏បាន​អះអាង​ថា ការ​បង្ហាញ​គណនី​ហ្វេសប៊ុក​ឯកជន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នេះ គឺជា​ការ​រំលោភ​ច្បាប់់​កម្មសិទ្ធិ​ឯកជន នៅ​សហរដ្ឋអាមេរិក។

លោក​មេធាវី ណូអេ ហាហ្គី (Noah Hagey) ដែល​ជា​មេធាវី​មួយ​រូប​ក្នុងចំណោម​មេធាវី​បី​រូប ដែល​ការពារ​ក្តី​ឲ្យ​លោក សម រង្សី បាន​អះអាង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​ជួយ​លោក សម រង្ស៊ី ឲ្យ​រួច​ផុត​ពី​ការចោទប្រកាន់ របស់​តុលាការ​ក្រុងភ្នំពេញ ដែល​បាន​កាត់ទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ ពី​បទ​បរិហារកេរ្តិ៍​លោក ហ៊ុន សែន នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ហ៊ុន សែន បន្លំហើយហ៊ាន​ប្ដឹងគេទៀត

May 02, 2018 07:45 AM

គេហទំព័រ​ទាំងមូល