គ្រួសារ​ជន​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ច្នៃ​អំពាវនាវ​ឲ្យ​តុលាការ​ខេត្ត​ក្រចេះ​ជួយ​ផ្ដល់​យុត្តិធម៌

ដោយ ម៉ែន សុធីរ
2016-07-31
Share
តុលាការ​ខេត្ត​ក្រចេះ ៦២០ ប្រជាពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ឡើង​ទៅ​ស្តាប់​ការ​សាកសួរ​តំណាង​ពួក​គាត់​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។
Photo Provided

ពលរដ្ឋ​រស់នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា តំណាង​អយ្យការ​ខេត្ត​ក្រចេះ ពុំ​ទាន់​ចាត់​វិធានការ​ច្បាប់​លើ​ជន​ល្មើស​ដែល​ប្រើ​កាំភ្លើង​ច្នៃ​បាញ់​បុរស​ម្នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​អូស​បន្លាយ​ពេល​អនុវត្ត​ច្បាប់​ករណី​នេះ បង្ក​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត និង​បង្ហាញ​ការ​កើន​ឡើង​នៃ​វប្បធម៌​និទ្ទណ្ឌភាព។

ពលរដ្ឋ​មួយ​គ្រួសារ​រស់នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​សំបូរ នៅ​ថ្ងៃ​ទី​៣១ កក្កដា អំពាវនាវ​ឲ្យ​តំណាង​អយ្យការ​ខេត្ត​ក្រចេះ និង​ស្ថាប័ន​ពាក់ព័ន្ធ ស្វែងរក​យុត្តិធម៌​ករណី​បុរស​ឈ្មោះ ថាន ជីន យក​កាំភ្លើង​ច្នៃ​បាញ់​បុរស​ម្នាក់​ឈ្មោះ ញ៉ែ ឈូក របួស​ធ្ងន់។

ពួក​គាត់​អះអាង​ថា បើ​តំណាង​អយ្យការ​មិន​ដំណើរ​ការ​នីតិវិធី​ករណី​នេះ​ទេ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យុត្តិធម៌ និង​ជីវភាព​គ្រួសារ​ជន​រងគ្រោះ។

លោកស្រី ធីន ណាត់ ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​រៀបរាប់​ថា ប្ដី​លោកស្រី​ត្រូវ​បុរស​ឈ្មោះ ថាន ជីន អាយុ ២៥​ឆ្នាំ យក​កាំភ្លើង​ច្នៃ​បាញ់​ចង្កេះ​បណ្ដាល​ធ្លាយ​ពោះវៀន​របួស​ធ្ងន់ នៅ​គ្រា​ដែល​ពួក​គេ​ដើរ​ក្នុង​ព្រៃ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០១៦។ លោកស្រី​អះអាង​ថា ការ​បាញ់​នេះ​ជា​ចេតនា​គិត​ទុក​ជា​មុន ព្រោះ​កន្លង​ទៅ ប្ដី​លោកស្រី​ធ្លាប់​មាន​រឿង​ជម្លោះ​ជាមួយ​ជន​ល្មើស​ដែរ។ លោកស្រី​ថា បុរស​ឈ្មោះ ថាន ជីន បាន​សារភាព​ថា ពិត​ជា​បាញ់​ប្ដី​លោកស្រី​មែន ក៏ប៉ុន្តែ​តំណាង​អយ្យការ​នៅ​តែ​ពុំ​មាន​វិធានការ​ច្បាប់។ លោកស្រី​បន្ថែម​ថា បន្ទាប់​ពី​ប្ដី​លោកស្រី​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ​ធ្លាយ​ពោះវៀន ៤​កន្លែង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​៣១ មិថុនា គ្រួសារ​លោកស្រី​ត្រូវ​បង្ខំ​ចិត្ត​លក់​ផ្ទះ ម៉ូតូ និង​ខ្ចី​បុល​គេ ដើម្បី​ព្យាបាល​ជំងឺ តែ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ពេក មិន​រំពឹង​ថា​អាច​ជា​សះស្បើយ​ឡើយ៖ «បាញ់​សម្លាប់​បណ្តោយ ព្រោះ​មាន​រឿង​ពី​មុន​មក។ កូន​គាត់​អ្នក​បាញ់ ឪពុក​អ្នក​ស្ល​សំណ​គ្រាប់ ត្រូវ​ចង្កេះ​ពី​ក្រោយ​ដាច់​ពោះវៀន ៤​កំណាត់។ ក្រ​ណាស់​ខ្ញុំ​រាល់​ថ្ងៃ​នេះ គ្មាន​ម៉ូតូ​ជិះ​នឹង​គេ​ទេ ម៉ូតូ​អី​លក់​ខ្ទេចខ្ទី​អស់​ហើយ អត់​មាន​សល់​អី​ទេ ផ្ទះ​ក៏​អត់​សល់​ដែរ លក់​មើល​ប្ដី​អស់​ហើយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​ខេត្ត​ក្រចេះ លោក ទី សុវ៉ាន់ថាល់ ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣១ កក្កដា។

អធិការ​ស្រុក​សំបូរ លោក ប៊ុន ឈៀន បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តំណាង​អយ្យការ​ខេត្ត​ក្រចេះ រួច​ហើយ។ លោក​រំឭក​ថា បន្ទាប់​ពី​នគរបាល​ទទួល​ពាក្យ​បណ្ដឹង​នេះ នគរបាល​បាន​ចុះ​ស៊ើប​អង្កេត​រក​ឃើញ​ថា ជន​រងគ្រោះ និង​ជន​ល្មើស​ជា​បង​ប្អូន​គ្នា។ ចំណែក​ការ​បាញ់​នោះ គឺ​ធ្វើ​ឡើង​ដោយ​អចេតនា៖ «គេ​បាន​អះអាង​ថា​ជា​បង​ប្អូន​ទៅ​ដេញ​សត្វ​ជាមួយ​គ្នា ទៅ​រាល​កាំភ្លើង​ទៅ បណ្ដាល​ឲ្យ​គ្រោះថ្នាក់។ យើង​បាន​ឆ្លង​យោបល់​ស្ថាប័ន​តុលាការ។ គេ​ឲ្យ​ខ្ញុំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ទៅ»

ជន​រងគ្រោះ និង​ជន​ល្មើស​ត្រូវ​ជា​បង​ប្អូន​សាច់​ថ្លៃ និង​បាន​កាត់​កាល​គ្នា​ចោល ហើយ​ក៏​ធ្លាប់​មាន​ជម្លោះ​ពាក្យ​សម្ដី​គ្នា​កន្លង​មក។

មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ករណី​នេះ ថា​ជា​បទល្មើស​ពីរ​ផ្សេង​គ្នា​មាន​ជាអាទិ៍ រក្សា​អាវុធ​ខុស​ច្បាប់ និង​ប្រើ​ហិង្សា​ដោយ​ចេតនា ឬ​បង្ក​របួស​ស្នាម ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់​ថា ការ​បាញ់​នោះ​ទោះ​បី​ជា​ចេតនា ឬ​អចេតនា​ក្តី ផ្លូវ​ច្បាប់​ត្រូវ​តែ​អនុវត្ត​ច្បាប់ ហើយ​អាជ្ញាធរ​ជំនាញ​ត្រូវ​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព និង​យុត្តិធម៌។ លោក​ថា រឿង​សំណង​ភាគី​ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី មាន​សិទ្ធិ​ប្ដឹង​ទាមទារ​សំណង ហើយ​តំណាង​អយ្យការ​ត្រូវ​តែ​ចាត់​វិធានការ​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​ករណី​នេះ តំណាង​អយ្យការ និង​សមត្ថកិច្ច​មិន​អនុវត្ត​ច្បាប់​ទេ វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន ហើយ​ពលរដ្ឋ​នឹង​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​ពេល​នេះ​អ្នក​ហ្នឹង​មិន​បាន​គេច​ខ្លួន មិន​បាន​ទៅ​ណា​ទេ ហេតុ​អី​ក៏​អាជ្ញាធរ​ក៏ដូចជា​តុលាការ មិន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​វា​ជា​បទល្មើស​មួយ​ដែល​អ្នក​រងគ្រោះ​កើត​ឡើង​ជាក់ស្តែង ទោះ​បី​ជា​ចេតនា ឬ​អចេតនា​ក៏ដោយ ត្រូវ​អនុវត្ត​តាម​ផ្លូវ​ច្បាប់»

កន្លង​ទៅ មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល និង​ប្រមុខ​រដ្ឋាភិបាល ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ និង​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ធ្លាប់​ជំរុញ​ឲ្យ​នគរបាល​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្មោះ​ត្រង់ និង​មាន​វិជ្ជាជីវៈ ដើម្បី​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល