គ្រួសារ​លោក ឈុត វុទ្ធី គ្រោង​ប្រារព្ធ​ខួប​៩​ឆ្នាំ និង​បន្ត​ទាមទារ​យុត្តិធម៌

ដោយ ជីវីតា
2021-04-19
Share
គ្រួសារ​លោក ឈុត វុទ្ធី គ្រោង​ប្រារព្ធ​ខួប​៩​ឆ្នាំ និង​បន្ត​ទាមទារ​យុត្តិធម៌ សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
RFA Screenshot

គ្រួសារ​របស់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គ្រោង​ធ្វើ​ពិធី​រំឭក​ខួប​គម្រប់ ៩​ឆ្នាំ នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី នៅ​ដើម​ខែ​ក្រោយ។ ការ​ធ្វើ​ពិធី​រំឭក​ខួប​នេះ គឺ​ដើម្បី​បន្ត​ទាមទារ​យុត្តិធម៌ និង​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ ខណៈ​លោក​កំពុង​ស៊ើបអង្កេត​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១២។ អ្នកនាំពាក្យ​រដ្ឋាភិបាល ឆ្លើយតប​ថា សំណុំ​រឿង​នេះ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​រួច​ហើយ ដូច្នេះ​រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បន្ត​ទាមទារ​នេះ​ទេ។

ក្រុម​គ្រួសារ និង​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សំណុំរឿង​បាញ់សម្លាប់​សកម្មជន​បរិស្ថាន​ដ៏​លេច​ធ្លោ លោក ឈុត វុទ្ធី គឺ​មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ទេ ក្នុង​រយៈពេល ៩​ឆ្នាំ​កន្លង​មក​នេះ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បន្ត​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក ប្រាប់​អាស៊ីសេរី​ថា ពិធី​បុណ្យខួប​គម្រប់​៩​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​ឪពុក​លោក​នេះ គ្រោង​ធ្វើ​នៅ​វត្តភ្នំ​សេរី ក្នុង​ទឹកដី​អាមេរិក នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។ លោក​បញ្ជាក់​ថា ក្រៅពី​ឧទ្ទិស​បុណ្យ​កុសល​នោះ ក៏​មាន​ពិធី​ថ្លែងការណ៍​ទាមទារ​យុត្តិធម៌​សម្រាប់​ឪពុក​របស់​លោក និង​ជនរងគ្រោះ​ផ្សេង​ទៀត​ដោយ​អំពើ​បាញ់​ប្រហារ​ក្នុង​របប​លោក ហ៊ុន សែន។ កូនប្រុស​របស់​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ បន្ត​ថា ចំពោះ​ការ​ប្រារព្ធ​ពិធីបុណ្យ​ខួប​នៅក្នុង​ស្រុក​ខ្មែរ​វិញ ទំនងជា​មិនបាន​ធ្វើ​ពិធី​ជួបជុំ​ធំដុំ​ដូច​រាល់​ឆ្នាំ​នោះ​ទេ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ ទោះជា​យ៉ាងណា លោក​ថា នៅ​ថ្ងៃទី​២៦ ខែ​មេសា នឹង​មាន​យុទ្ធនាការ​ប្តូរ​រូបភាព​(Profile) និង​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ទាមទារ​យុត្តិធម៌ និង​រំឭក​ឡើងវិញ​នូវ​ការងារ និង​ការ​លះបង់​របស់​លោក ឈុត វុទ្ធី ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ៖ «រយៈពេល​៩​ឆ្នាំ​ហើយ​ដែល​គាត់​បាន​ស្លាប់ ហើយ​មិនទាន់​ទទួល​បាន​យុត្តិធម៌ ពី​សំណាក់​រាជរដ្ឋាភិបាល របស់​សម្តេច​ហ៊ុន សែន នោះ​ទេ ហើយក៏​យើង​មិនទាន់​ទទួល​បាន​យុត្តិធម៌​ពី​តុលាការខេត្ត​កោះកុង​នោះ​ទេ​។ យើង​មិន​មាន​ទំនុកចិត្ត​ទៅលើ​រដ្ឋាភិបាល​ខ្មែរ​នោះ​ទេ យើង​មាន​តែ​ព្យាយាម​ឱ្យ​អន្តរជាតិ ជួយ​ឃ្លាំមើល​អំពី​បញ្ហា​យុត្តិធម៌​សម្រាប់​ឪពុក​ខ្ញុំ»

លោក ឈុត វុទ្ធី គឺជា​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ។ លោក​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វាល​បី ឃុំ​បាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។ ហេតុការណ៍​បាញ់សម្លាប់​នេះ កើត​ឡើង​ក្នុង​ពេល​លោក និង​អ្នកកាសែត​ពីរ​រូប​ទៀត បាន​ចូល​ទៅ​ស៊ើបអង្កេត និង​ថតរូប​ភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ធីមប៊ើរហ្គ្រីន (Timber Green)​។ ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្រុមហ៊ុន​រកស៊ី​កាប់​ឈើ​មួយ​នេះ គឺ​អ្នកស្រី ខៀវ សស៊ីលាភ និង​ឈ្មួញ​ម្នាក់​ទៀត មាន​ងារ​ឧកញ៉ា​ផង និង​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ផង គឺ​លោក ហួរ ហាប់ ដែល​គេ​ដឹង​ថា អ្នក​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និទ​ជាមួយ​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រោយ​មក ក៏​មាន​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី ខៀវ សស៊ីលាភ គឺជា​អ្នក​ឈរឈ្មោះ​តំណាង​ឱ្យ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​របស់​លោក ហ៊ុន សែន នៅក្នុង​ក្រុមហ៊ុន​ធីមប៊ើរហ្គ្រីន​នេះ​ទៀត​ផង។

ជុំវិញ​ការ​បាញ់​សម្លាប់​របស់​លោក ឈុត វុទ្ធី វិញ របាយការណ៍​ស៊ើបអង្កេត​ដំបូង​របស់​កងរាជអាវុធហត្ថ​បង្ហាញ​ថា ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី គឺជា​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ហើយ​បន្ទាប់មក លោក អ៊ិន រតនា បាន «​បាញ់​សម្លាប់​ខ្លួនឯង​» ចំនួន ២​គ្រាប់​។ កាលណោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រិះគន់​របាយការណ៍​នោះ​ថា ជា​ការ​រៀបចំ​ឆាកល្ខោន​មួយ ដើម្បី​បិទបាំង​សំណុំ​រឿង​នេះ ព្រោះ​ពួកគេ​មិន​ជឿ​ថា ជា​ការ​សម្លាប់​ខ្លួនឯង​នោះ​ទេ ព្រោះ​សាកសព​លោក អ៊ិន រតនា ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​ពីរ​គ្រាប់​ខុស​កន្លែង​គ្នា។ បន្ទាប់មក​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បង្កើត​គណៈកម្មាធិការ​ចំរុះ​មួយ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ម៉ក់ ជីតូ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជាថ្មី​ឡើង​វិញ។ របាយការណ៍​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​ចំរុះ បាន​រក​ឃើញ​ផ្សេង​ថា បន្ទាប់ពី​លោក អ៊ិន រតនា បាញ់​សម្លាប់​លោក ឈុត វុទ្ធី នោះ គឺ​មាន​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ើរហ្គ្រីន ម្នាក់​ឈ្នោះ រ៉ាន់ បូរ័ត្ន បាន​ស្ទុះ​ទៅ​ទាញ​កាំភ្លើង​ចេញពី លោក អ៊ិន រតនា ដើម្បី​កុំ​ឱ្យ​បាញ់​ទៀត ហើយ​ការ​ប្រទាញប្រទង់​គ្នា​នោះ បាន​ធ្វើ​រាលកៃ​កាំ​ភ្លើង ផ្ទុះ​ពីរ​គ្រាប់​ត្រូវ លោក អ៊ិន រតនា តែម្តង​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅតែ​មិន​ជឿ​លើ​ការស៊ើបអង្កេត​ថ្មី​នេះ​ទេ ព្រោះ​ជា​ធម្មតា​គ្មាន​មធ្យោបាយ​ណា​ដែល​កាំភ្លើង​ដ៏​វែង​របស់​លោក អ៊ិន រតនា អាច​បែរ​១៨០ ដឺក្រេ ហើយ​បណ្តាល​ឱ្យ​បាញ់​ត្រូវ​កន្លែង​ពីរ​ផ្សេងគ្នា ដោយ​មួយ​នៅ​ទ្រូង ឯ​មួយទៀត​នៅ​ចំ​ត្រង់​ពោះ​លោក អ៊ិន រតនា នោះ​ទេ។

ជា​លទ្ធផល សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ គឺ​មានតែ​សន្តិសុខ​ក្រុមហ៊ុន​ធីមប៊ើរហ្គ្រីន​ម្នាក់​គត់ ត្រូវ​បាន​តុលាការ​ខេត្តកោះកុង កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៦​ខែ ក្រោម​បទ​ចោទ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​អចេតនា។ តុលាការ​ក៏​សម្រេច​មិន​ចាត់ការ​ទៅ​លើ​សំណុំរឿង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បន្ត​ទៀត​ឡើយ ដោយ​សំអាង​ថា ឃាតក ដែល​បាញ់​សម្លាប់ លោក ឈុត វុទ្ធី ក៏​បាន​ស្លាប់​ដែរ។

លោក ឆឺយ ឧត្តមរស្មី ថ្លែង​ទាំង​ហួសចិត្ត​ថា សំណុំរឿង​ឃាតកម្ម​លើ​ឪពុក​របស់​លោក បាន​បញ្ចប់​ទៅ​ដោយ​ភាព​អយុត្តិធម៌​បំផុត ហើយ​បន្សល់​ទុក​នៅ​សំណួរ និង​ការ​សង្ស័យ​ជាច្រើន​។ លោក មើល​ឃើញ​ថា ការ​ស៊ើបអង្កេត​តាំង​ពី​ថ្ងៃទី​មួយ​នៃ​ការ​ស្លាប់​នោះ​មក គឺ​គ្មាន​ភាព​ច្បាស់លាស់​នោះ​ទេ៖ «ខ្ញុំ​វាយ​តម្លៃ​ថា មិនមែន​មានតែ​មន្ត្រី​កងរាជអាវុធហត្ថ​តូចតាច​ម្នាក់​អាច​ទៅ​បាញ់សម្លាប់​ឪពុក​ខ្ញុំ​បានទេ ហើយ​ក្នុង​នោះ​មាន​អ្នក​ពាក់ព័ន្ធ ច្រើន​មាន​ទាហាន មាន​សន្តិសុខ​ក្រុមហ៊ុន មាន​អ្នកបញ្ជា​ពីក្រោយ​ខ្នង​ជាច្រើន អ្នក​ដែល​យើង​គួរ​ឱ្យ​សង្ស័យ​មែនទែន​។ ដូច្នេះហើយ​ត្រូវតែ​មាន​ការ​បើក​ការស៊ើបអង្កេត​សាឡើងវិញ​ដើម្បី​រក​អ្នកបញ្ជា​នៅ​ក្រោយ​ខ្នង​ក្នុង​ការ​សម្លាប់​នេះ។ មិន​អាច​ត្រឹម​តែ​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់ និង​កងរាជអាវុធហត្ថ​ម្នាក់ សម្រេចចិត្ត​សម្លាប់ ឪពុក​ខ្ញុំ​បានទេ លុះត្រា​តែ​មាន​អ្នកបញ្ជា ឬ​រៀបចំ​សម្លាប់​តាំងពី​យូរ​មក​ហើយ»

ទាក់ទង​ករណីនេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា រដ្ឋាភិបាល មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ទាមទារ​រក​យុត្តិធម៌​នេះ​ទេ ព្រោះ​សំណុំ​រឿង​នេះ បាន​បិទ​បញ្ចប់ និង​បាន​ផ្ដល់​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ជូន​គ្រួសារ​ជនរងគ្រោះ​រួច​ហើយ​។ លោក​ចាត់​ទុកថា ការ​ស្វែងរក​យុត្តិធម៌​ពី​សហគមន៍​អន្តរជាតិ​នេះ គឺជា​រឿង​នយោបាយ និង​ជា​សិទ្ធិ​របស់​គ្រួសារ​រងគ្រោះ ហើយ​លោក ក៏​មិន​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ រដ្ឋាភិបាល​ដែរ៖ «គាត់​ចង់​ធ្វើ (​ទាមទារ​យុត្តិធម៌​) ឯណា​ក៏បាន​ដែរ ចង់​ឡើង​ទៅដល់​ឋាន​ព្រះ​ច័ន្ទ​ក៏បាន​ដែរ ប៉ុន្តែ​ដែន​យុត្តាធិការ ព្រោះ​រឿង​នេះ​កើតឡើង​នៅ​ស្រុក​ខ្មែរ តុលាការ ដែន​យុត្តាធិការ​គឺ​ស្រុក​ខ្មែរ ហើយ​រឿង​ហ្នឹង​គឺជា​រឿង​ផ្ទាល់ខ្លួន រឿង​ឯកជន​ទៅទៀត ដូច្នេះ​ឱ្យ​យល់ គាត់​ចង់​ទៅ​ទាមទារ​ទៅ​ដាក់​នៅ​ណា​ក៏បាន​ដែរ ដាក់​នៅ​ប្រធានាធិបតី​ប្រទេស​ណាមួយ​ក៏បាន​ដែរ ជា​សិទ្ធិ​របស់​គាត់។ យើង​អត់​មាន​ទៅ​ប្រឆាំង​គាត់​ទេ ។​យើង​អត់​ព្រួយ​បារម្ភ ឬ​ឈឺក្បាល​ទាល់តែ​សោះ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ មន្ត្រី​សង្គម​ស៊ីវិល មើលឃើញ​ថា រយៈពេល​៩​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ លោក ឈុត វុទ្ធី មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញ​លេញ​នៅ​ឡើយ​ទេ ហើយ​ពួកគេ​យល់ថា រដ្ឋាភិបាល មាន​តួនាទី​បើក​ការស៊ើបអង្កេត​ដើម្បី​ពិនិត្យ​រឿង​នេះ​ឱ្យ​បាន​ច្បាស់​លាស់​ឡើងវិញ និង​បង្ហាញ​ភស្តុតាង​ដែល​គួរ​ឱ្យ​ទុកចិត្ត​ដល់​សាធារណជន។

មន្ត្រីជាន់ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ា ចិត្រា លើកឡើង​ថា ទោះបីជា​ពេលនេះ មិន​ទាន់​មាន​យុត្តិធម៌​ពេញលេញ​សម្រាប់​លោក ឈុត វុទ្ធី ក្តី ក៏​លោក​សង្ឃឹម​ថា ដរាប​ណា​ពលរដ្ឋ និង​សកម្មជន​បរិស្ថាន​នៅតែ​គោរព និង​ផ្តល់​តម្លៃ​ដល់​វីរភាព​របស់​លោក ថ្ងៃ​ណាមួយ​យុត្តិធម៌ នឹង​កើត​មាន​សម្រាប់​លោក៖ «វា​គឺជា​គំរូ​ដ៏​អាក្រក់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ទៅ​លើ​ប្រព័ន្ធ​នីតិរដ្ឋ​មួយ ទៅ​លើ​កិច្ចការពារ​សម្បត្តិ​ធម្មជាតិ​មួយ ព្រោះ​មិន​ថា តែ​លោក ឈុត វុទ្ធី ទេ គឺ យើង​មើល​ឃើញ​ថា កន្លង​មក សកម្មជន​បរិស្ថាន​សាមញ្ញៗ ក៏​ត្រូវ​បាន​គេ​រុក​គួន​ធ្វើបាប​ចាប់​ដាក់​ពន្ធនាគារ​ជាដើម​ទៅ ដូច្នេះ​វា​ឆ្លុះ​បង្ហាញ ឱ្យ​ឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​ចូល​រួមការ​ពារ​មរតក​ដូនតា​យើង គឺ​សម្បត្តិ​ធម្មជាតិ»

ថ្វី​ដ្បិត​តែ​លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​រយៈពេល ៩​ឆ្នាំ​ហើយ​ក្តី ក៏​ប្រជា​ពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល យុវជន និង​សកម្មជន​បរិស្ថាន នៅតែ​បង្ហាញ​ការ​សោកស្តាយ នឹក​ស្រណោះ និង​ចាត់ទុក​លោក ជា​វីរបុរស​ការពារ​ព្រៃឈើ​ទៀត​ផង។ លើស​ពី​នេះ​ពួកគេ តែង​រួមគ្នា​ធ្វើ​ពិធី​រំឭក​ខួប​នៃ​ការ​ស្លាប់​របស់​សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​ជា​រៀងរាល់​ឆ្នាំ ទោះបី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ តែងតែ​តាម​រារាំង និង​គំរាមកំហែង​បែប​ណា​ក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល