ស្ត្រី​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​​ឱ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ពី​បទ​បង្ខំ​កុមារ​ឱ្យ​សុំទាន

ដោយ ម៉ៅ សុធានី
2018-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេង​ទាំង​នេះ​កំពុង​រង់ចាំ​សុំ​ទាន នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៥។
ក្មេង​ទាំង​នេះ​កំពុង​រង់ចាំ​សុំ​ទាន នៅ​ចំណុច​ប្រសព្វ​ផ្លូវ​ម៉ៅសេទុង និង​ផ្លូវ​មុនីរ៉េត (ស្តុប​ផ្សារ​ដើម​គ) នៅ​ថ្ងៃ​ទី​១២ មីនា ឆ្នាំ​២០១៥។
Photo: RFA

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៤ ខែ​ឧសភា បាន​កាត់ទោស​ស្ត្រី​ម្នាក់ ឈ្មោះ ភួង ចាន់នី ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពី​បទ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​កុមារ​មួយ​ក្រុម​ឱ្យ​ដើរ​សុំទាន។

សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (IJM) និង​អង្គការ​អន្តរជាតិ​២​ផ្សេង​ទៀត កាលពី​ថ្ងៃទី៨ ខែ​ឧសភា បាន​ឱ្យ​ដឹង​ថា ទណ្ឌិត ភួង ចាន់នី នេះ បាន​បង្ខំ​កុមារ​ចំនួន​៧ នាក់ មាន​អាយុ​ចន្លោះ ពី​៦​ខែ​រហូតដល់ ១២​ឆ្នាំ ឱ្យ​ដើរ​សុំទាន​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា ការ​កាត់ទោស​នេះ​នឹង​ធានា​ថា កុមារ​រងគ្រោះ​ទាំងនោះ​មាន​សុវត្ថិភាព​ពី​ការ​កេងប្រវ័ញ្ច និង​ទទួល​បាន​ការថែទាំ និង​ស្តារ​នីតិសម្បទា នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​រូប​នេះ បាន​ផ្តល់​ជម្រក និង​អាហារ​ជា​ថ្នូរ​នឹង​លុយ​ដែល​កុមារ​រក​បាន​ពី​ការ​សុំទាន ហើយ​ប្រសិនបើ​មិន​អាច​រកលុយ​បាន ២​ដុល្លារ ឬ​ស្មើ​៨​ពាន់​រៀល​ក្នុង​មួយថ្ងៃ​ទេ ពួកគេ​ទទួលរង​ទារុណកម្ម ដោយ​ការ​វាយ​នឹង​ខ្សែភ្លើង និង​បង្ខំ​ឱ្យ​ដេក​នៅ​តាម​ទី​សាធារណៈ។ កុមារ​ទាំងនោះ ត្រូវ​បាន​ផ្តល់​អាហារ​ឱ្យ​ទទួលទាន​តែម្ដង​គត់​ក្នុង​មួយថ្ងៃ ចំណែក​ទារក​វិញ​ត្រូវ​ឱ្យ​ថ្នាំ​ងងុយដេក​ជា​រៀងរាល់ថ្ងៃ។ ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន ជា​មេខ្លោង​ចាប់​បង្ខំ​ឱ្យ​កុមារ​ដើរ​សុំទាន រយៈពេល​៨​ឆ្នាំ កន្លង​មក​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល