មន្ត្រីសិទ្ធិមនុស្ស​ស្នើសុំ​​តុលាការ​កំពូល​ឲ្យ​​ដោះ​លែង​អតីត​បុគ្គលិក​អាស៊ី​សេរី​ ខណៈ​សវនាការ​សុំ​​នៅ​ក្រៅ​ឃុំ​ជុំ​ទីពីរ​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៣ កក្កដា

ដោយ តាំង សារ៉ាដា
2018.07.21
យាង សុជាមេត្តា អ៊ួន ឈិន ៦២២ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

មន្ត្រី​សិទ្ធិ​មនុស្ស​ស្នើ​ឱ្យតុលាការ​កំពូល​ពិចារណា​​ដោះលែង​អតីត​បុគ្គលិក​អាស៊ីសេរី​ ២រូប ដែល​កំពុង​ជាប់ឃុំ​ក្នុង​សំណុំ​រឿង​ចារកម្ម​នោះ ឱ្យ​បាន​នៅក្រៅ​ឃុំជា​បណ្តោះ​អាសន្ន​ ដោយ​សំអាង​ថា ពួក​គេ​​បាន​សន្យា​សហការគ្រប់​ដំណាក់​កាល​នៃ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​។ ​តុលាការ​កំពូល​​គ្រោង​បើក​សវនា​ការ​​ជំនុំ​ជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅឃុំ​​ជុំ​ទីពីររបស់​អតីតបុគ្គលិក​អាស៊ីសេរីទាំងពីរ​រូប នៅ​ថ្ងៃ​ចន្ទ ទី២៣ កក្កដា​។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក​ អំ សំអាត ថ្លែង​ថា ការ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​អាច​ធ្វើ​ទៅ​បាន​លុះ​ត្រាតែ​មាន​ភស្តុតាង ឬ​សំអាង​ហេតុថ្មីៗ ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ បើ​ពុំ​ដូច្នេះ​ទេ តុលាការ​គួរ​តែ​ដោះលែង លោក​ អ៊ួន ឈិន និង​លោក​ យាង​ សុធារិន​​ ឱ្យ​​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ ឱ្យ​ស្រប​ទៅ​នឹង​គោល​ការណ៍ច្បាប់​ និង​សិទ្ធិ​មនុស្ស។ លោក​ថា​ក្នុង​សំណុំ​រឿង​អតី​ត​បុគ្គលិក​អាស៊ីសេរី ២​រូប ដែល​រង​ការ​ចោទ​ប្រកាន់​​ពី​បទធ្វើ​​ចារកម្ម​នោះ តុលាការ​កំពូល​គួរ​តែ​ដោះលែង​ពួក​គេ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​​កំហុស​អ្វីដូច​ការ​ចោទ​ប្រកាន់​ឡើយ ហើយ​តុលាការ​ក៏​មិន​បាន​រក​ឃើញ​​​ភស្តុតាងអ្វីដែល​​​​បង្ហាញ​ពី​ពិរុទ្ធភាព​​របស់​​ពួកគេ​នោះ​ដែរ៖ «យើង​ឃើញថា នីតិវិធី​របស់​តុលាការ គឺ​ជារឿង​នីតិ​វិធី​ហើយ ប៉ុន្តែ​គ្រាន់​តែ​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ការ​ឃុំ​ខ្លួន​បន្ត ទាល់​តែ​មាន​ភស្តុតាង ឬ​សំអាងហេតុអ្វី​ថ្មី​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត។ ប្រសិន​បើ​មិន​មាន​ភស្តុតាង​អ្វី​ថ្មី​ មិន​មាន​រក​ឃើញ​អ្វី​ថ្មី​នោះ​ទេ ខ្ញុំ​គិត​ថា (តុលាការ​​កំពូល​​) គួរ​តែ​អនុញ្ញាត​ឱ្យ​ពួក​គាត់​នៅក្រៅ​ឃុំ​ហើយ ពីព្រោះ​ការ​ឃុំ​ខ្លួន​បុគ្គល​ម្នាក់ៗ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​។ ហើយ​នៅ​ក្នុង​នីតិ​វិធី​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ក្រម​ព្រហ្មទណ្ឌ គេ​ឱ្យ​យក​ជម្រើស​សេរីភាព​ជា​មូលដ្ឋាន​របស់​​ប្រជាពលរដ្ឋ​ បានន័យ​ថា ជា​ការ​នៅ​ក្រៅ​ឃុំ»

អតីត​បុគ្គលិក​អាស៊ី​សេរី​ទាំងពីរ​រូប រួម​ទាំង​មេធាវី​របស់​ពួក​លោក​ផង នឹង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​ជំនុំ​​ជម្រះ​បណ្តឹង​សុំនៅ​ក្រៅ​ឃុំ​លើក​ទីពីរ​​នេះនៅតុលាការ​កំពូល​ នៅ​ថ្ងៃចន្ទ ទី២៣ ខែ​កក្កដា។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីតបុគ្គលិក​អាស៊ីសេរី លោក កែវ វ៉ាន្នី អះអាង​ថា ​តុលាការមិន​បានរកឃើញ​ភស្តុតាង​អ្វី​ថ្មី​ដើម្បី​ដាក់​បន្ទុក ឬ​បង្ហាញ​ថា កូន​ក្តី​របស់​លោក​មាន​ពិរុទ្ធភាព​ឡើយ។​ ផ្ទុយ​ទៅ​វិញ​តុលាការ​បែរ​ជា​បន្តឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ ៦ខែ​ទៀត​ទៅ​វិញ។ លោក​យល់​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​​​តាំងពី​ដំបូង ដូច្នេះ​​លោក​ទទូច​ឱ្យ​តុលាការ​កំពូល​ដោះ​លែង​កូ​នក្តី​របស់​លោក​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បានទៅ​​ជួប​ជុំ​គ្រួសារ។ លោក​បន្ថែម​ថា ទោះ​បី​ជា​តុលាការ​បន្តឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ប៉ុន្មាន​ខែ​ទៀត​ក៏​ដោ​យ​ ក៏នៅ​តែ​​គ្មាន​ប្រយោជន៍​​​ដែរ ព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ឡើយ៖ «អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា ​តុលាការចុង​ក្រោយ​នេះ​នឹងរក​យុត្តិធម៌​ឱ្យ​ពួកគាត់​ទាំងពីរ​នាក់​ហ្នឹង ដោយ​សារ​តែ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មាន​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ ដូច្នេះ​វា​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឃុំ​ខ្លួន​ពួក​គាត់​បន្ត​ទៅ​ទៀត​ទេ»

លោក​ អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាល​​​​​​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ ក្រោម​បទ​ចោទ​ "ផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ”។ ក្រៅ​ពី​ជាប់​ចោទ​រឿង​ចារកម្ម​នេះ អ្នក​ទាំង​ពីរ​ក៏​កំពុង​ប្រឈម​នឹង​សំណុំ​រឿង​មួយ​ទៀត​ដែរ គឺ​បទ​ផលិត​វីដេអូ​អាសអាភាស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តំណាង​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោល​ទោស​ចំណាត់​ការ​នៃ​​របប​ក្រុង​ភ្នំពេញ​ទៅ​លើ​អតីត​បុគ្គលិ​ក​អាស៊ី​សេរី​ទាំង​ពីរ​នាក់ និង​បាន​ទាម​ទារ​ឱ្យមាន​ការ​​ដោះលែង​ពួក​គេឱ្យ​មាន​សេរីភាព​ឡើង​​វិញ។ ក្រុម​អង្គការ​សង្គម​​ស៊ីវិល​ទាំង​នោះ អះអាង​ថា ចំណាត់​ការ​របស់​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ហើយ​ថា ការ​មិន​ដោះ​លែង​អ្នក​ទាំង​ពីរ ព្រម​ទាំង​ការ​បន្ថែម​បទ​ចោទ​ថ្មី​ទៀត​នោះ បង្ហាញ​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា របប​ក្រុង​ភ្នំពេញ​កំពុង​រំលោភ​បំពាន​​ច្បាប់​ជាតិ និង​អន្តរជាតិ។

គិត​ត្រឹម​ថ្ងៃ​ទី​២១ កក្កដា លោក​ អ៊ួន ឈិន និង​លោក​ យាង សុធារិន​ បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ ២៥១ ថ្ងៃ​រួច​ទៅ​ហើយ ដោយ​មិន​ទាន់​​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។