អន្តរក្រសួង​កំពុង​ប្រមូល​ទិន្នន័យ​អ្នក​ជាប់ឃុំ​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

ដោយ មួង ណារ៉េត
2018-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាមួយ​មន្ត្រី​តុលាការ​គ្រប់​រាជធានី-​ខេត្ត នា​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
RFA

របប​ក្រុងភ្នំពេញ​កំពុង​ប្រមូល​ទិន្នន័យ​អ្នក​ជាប់ឃុំ​ទាំងអស់​នៅ​ទូទាំង​ប្រទេស មុននឹង​ឈាន​ដល់​ការ​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​សាទរ​រឿង​នេះ និង​ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ពន្លឿន​នីតិវិធី​ឱ្យ​បាន​ឆាប់ ដើម្បី​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​កំណើន​យ៉ាង​គំហុក​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី១៨ ធ្នូ ថា ក្រុមការងារ​អន្តរក្រសួង​កំពុង​ប្រមូល​ទិន្នន័យ​អ្នក​ជាប់ឃុំ​ពី​គ្រប់​តុលាការ​ខេត្ត​ក្រុង និង​មន្ទីរឃុំឃាំង​ទាំងអស់​នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​ដឹង​ថា តើ​អ្នក​ជាប់ឃុំ​ណាខ្លះ​ដែល​កំពុង​ស្ថិត​ក្នុង​នីតិវិធី​តុលាការ ប្រភេទ​បទល្មើស​ដែល​អ្នក​ជាប់ឃុំ​បាន​ប្រព្រឹត្ត រយៈពេល​នៃ​ការ​ជាប់​ឃុំ និង​ព័ត៌មាន​លម្អិត​ផ្សេងទៀត​នៃ​សំណុំរឿង​នីមួយៗ។ លោក​បន្ត​ថា ក្រោយពេល​ប្រមូល​ទិន្នន័យ​ទាំងនេះ​ចប់​សព្វគ្រប់ ក្រុមការងារ​អន្តរក្រសួង​នឹង​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រឿង​នេះ៖ «រយៈពេល​ជាប់ឃុំ​ហ្នឹង​ប៉ុន្មាន? មូលហេតុ​អ្វី​បានជា​រយៈពេល​ជាប់ឃុំ​ហ្នឹង​វា​យូរ​? ដំណាក់កាល​នីតិវិធី​ហ្នឹង​វា​ដល់​ត្រឹមណា​? អ្នក​ជាប់ឃុំ​ដែល​មាន​សាលក្រម​ហើយ​ហ្នឹង​ប៉ុន្មាន​? អ្នក​ជាប់ឃុំ​ដែល​មាន​សវនាការ​រួចហើយ តែ​មិនទាន់​មាន​សាលក្រម​ហ្នឹង​ប៉ុន្មាន ហើយ​មូល​ហេតុអ្វី​? អ៊ីចឹង​ដំណាក់កាល​នេះ ជា​ដំណាក់កាល​ប្រមូល​ទិន្នន័យ វិភាគ​ទៅលើ​ទិន្នន័យ ដើម្បី​ស្វែងរក​មូលហេតុ និង​ដាក់​ចេញ​ជា​ដំណោះស្រាយ»

លោក​បញ្ជាក់​ថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​ដែល​គ្រោង​ធ្វើ​នៅ​ពេល​ខាងមុខនេះ អាច​នឹង​បើក​ឱ្យ​មាន​ការ ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​អន្តរជាតិ ហើយ​ក្រុមការងារ​អន្តរក្រសួង​នឹង​ពិចារណា​គ្រប់​ទិដ្ឋភាព និង​អនុសាសន៍​ទាំងឡាយ ដែល​ក្រុម​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​អន្តរជាតិ​ធ្លាប់​បាន​ស្នើ​ឡើង។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​ដំណើរការ​នេះ​ឱ្យ​បាន​ឆាប់រហ័ស ខណៈ​ចំនួន​អ្នក​ជាប់ឃុំ​បាន​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ។ លោក​បន្ថែម​ថា របប​ក្រុងភ្នំពេញ​ត្រូវ​ទប់ស្កាត់​ការ​ហូរ​ចូល និង​ការ​រីក​រាលដាល​នៃ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ស្រប​ពេល​នៃ​ការ​រក​ដំណោះស្រាយ​កាត់បន្ថយ​ការ​ចង្អៀត​ណែន​នេះ ដោយសារ​អ្នក​ជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន មាន​ចំនួន​ច្រើន​គេ​នៅ​តាម​ពន្ធនាគារ​នីមួយៗ៖ «ត្រូវតែ​ពិនិត្យ​ឡើងវិញ​លើ​សំណុំរឿង​នៅ​សាលាដំបូង​ទាំងអស់ ថា​តើ​សំណុំរឿង​ណា​ជា​បទល្មើស​មជ្ឈិម ហើយ​កម្រិត​ស្រាល គួរ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បានទេ។ ទី​ពីរ​មើល​ទៅលើ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ហ្នឹង ប្រសិនបើ​ការ​ឃុំខ្លួន​មាន​រយៈពេល​វែង គួរតែ​ពន្លឿន​ឱ្យ​មាន​ការ​បញ្ចប់​ការស៊ើបអង្កេត ហើយ​បើក​ការ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់​ទៅ។ ហើយក៏​ពិនិត្យ​ផង​ដែរ ថា​តើ​សំណុំរឿង​ណា​ដែល​អាច​កាត់ទោស​ឱ្យ​ជនជាប់ចោទ​ហ្នឹង ធ្វើ​ការងារ​សហគមន៍ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ ផលប្រយោជន៍​សហគមន៍»

កម្ពុជា​មាន​ពន្ធនាគារ​សរុប​ចំនួន ២៨​កន្លែង ដែល​សព្វថ្ងៃ​មាន​អ្នក​ជាប់ឃុំ​ចំនួន​ជាង ៣​ម៉ឺន​នាក់ ក្នុង​នោះ​ទណ្ឌិត​មាន​ប្រមាណ ៩ ពាន់​នាក់ ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​អ្នក​ជាប់ឃុំ​ដែល​កំពុង​រង់ចាំ​នីតិវិធី​តុលាការ។ ចំនួន​អ្នក​ជាប់ឃុំ​បាន​កើន​ឡើងជា​លំដាប់ បន្ទាប់ពី​របប​ក្រុងភ្នំពេញ​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿន​ញៀន​ខុសច្បាប់ ចាប់​តាំងពី​ដើម​ឆ្នាំ ២០១៧ កន្លងទៅ​។ ការ​កើនឡើង​នៃ​អ្នក​ជាប់ឃុំ​ក្នុង​បទល្មើស​គ្រឿងញៀន បូករួម​ទាំង​ភាព​យឺត​នៃ​ការអនុវត្ត​នីតិវិធី​ជម្រះក្ដី​ជនជាប់ចោទ​ផង​នោះ បាន​ធ្វើឱ្យ​ពន្ធនាគារ​ទូទាំង​ប្រទេស​មាន​សភាព​កាន់តែ​ចង្អៀត​ណែន។

ទាំង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សុទ្ធតែ​បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ពុំ​មាន​ភស្តុតាង​រឹងមាំ និង​ស្នើ​ឱ្យ​តុលាការ​កម្ពុជា​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ មុននឹង​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​លើ​ជន​ណា​ម្នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល