មេធាវី​រដ្ឋាភិបាល​ដាក់​ភស្តុតាង​បន្ថែម​រឿង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ដោយ មួង ណារ៉េត
2017.11.13
មេធាវី គី តិច ៨៥៥ ២០១៧ លោក​មេធាវី គី តិច ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

លោក​មេធាវី គី តិច រួម​នឹង​មេធាវី​បួន​រូប​ទៀត ដែល​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ បាន​ដាក់​ឯកសារ​ភស្តុតាង​បន្ថែម នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា នេះ ដោយ​អះអាង​យ៉ាង​មុតមាំ​ថា ក្រសួង​មហាផ្ទៃ នឹង​ឈ្នះ​ក្ដី​ដូច​អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ភ្នាល់។

លោក គី តិច៖ «បើ​និយាយ​អំពី​ភាគ​រយ​នៃ​ការ​សង្ឃឹម​របស់​ក្រុម​មេធាវី​របស់​យើង​ខ្ញុំ ដូច​ខ្ញុំ​បាន​បញ្ជាក់​រួច​ហើយ ដោយសារ​ភស្តុតាង​មាន​ភាព​ច្បាស់លាស់ និង​ រឹងមាំ​ក្រុម​មេធាវី​អាច​វាយ​តម្លៃ​ថា សឹង​ថា ១០០% ក្នុង​ការ​ឈ្នះ​ក្ដី​ក្នុង​ការណ៍​ដែល​តុលាការ​យក​ទៅ​ពិនិត្យ និង​សម្រេច​ក្នុង​កា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ»

​ប៉ុន្តែ​អ្នក​ច្បាប់​ចាត់​ទុក​ថា ទោះជា​ដាក់​ភស្តុតាង​បន្ថែម​ច្រើន​យ៉ាង​ណា ក៏​រឿង​នេះ​គ្មាន​យុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។ មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា មួយ​រូប​បញ្ជាក់​ថា លោក កឹម សុខា មិន​បាន​ចាត់ចែង​ឲ្យ​មាន​មេធាវី​ការពារ​ក្ដី​រឿង​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​នេះ​ទេ ព្រោះ​លោក​ចាត់​ទុក​ថា វា​ជា​រឿង​នយោបាយ៖ «ភស្តុតាង​ដែល​គេ​ដាក់​ហ្នឹង​មិន​ដឹង​ជា​ភស្តុតាង​ស្អី​ផង ខ្ញុំ​មិន​យល់​ដែរ ពីព្រោះ​ថា នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ​មួយ​ពាក់ព័ន្ធ​នឹង​បទល្មើស​ភស្តុតាង គឺ​មាន​ជា​សាក្សី ឬ​វត្ថុ​ដែល​ពាក់ព័ន្ធ​ក្នុង​បទល្មើស។ រឿង​នេះ​គឺ​ជា​រឿង​នយោបាយ មិន​ដឹង​ថា យក​ភស្តុតាង​ទៅ​ប្រើ​ក្នុង​ស្អី។ ម្យ៉ាង​ទៀត​លោក កឹម សុខា គេ​ចោទ​ថា ក្បត់​ជាតិ។  តែ​យើង​សួរ​ថា មក​ទល់​ពេល​នេះ​តុលាការ​បាន​កំណត់​លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ ឬ​នៅ? នៅ​ទេ! ដូច្នេះ  តើ​ការ​រំលាយ​បក្ស​ហ្នឹង​ផ្អែក​លើ​ស្អី? ដូច្នេះ គ្មាន​ទេ​យុត្តិធម៌​ក្នុង​រឿង​រំលាយ​បក្ស​នេះ»

ភស្តុតាង​ដែល​ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ អះអាង​ថា រឹង​មាំ​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​មេធាវី​ដែល​មាន​កម្រាស់ ៦២​ទំព័រ ឯកសារ​ភស្តុតាង​ថ្មី ៤​កញ្ចប់​ទៀត​គម្រប់ ២៦​កញ្ចប់ និង​បញ្ជី​ឈ្មោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​អស់​ផង​សរុប ១១៧​នាក់ ដែល​ក្រុម​មេធាវី​របស់​ក្រសួង​មហាផ្ទៃ អះអាង​ថា នឹង​ត្រូវ​ហាមឃាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ រំលាយ​មែន​នោះ។​

មតិ​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ចំណាត់ការ​របស់​រដ្ឋាភិបាល​មក​លើ​គណបក្ស​ប្រឆាំង​ថា ជា​រឿង​នយោបាយ និង​បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា យ៉ាង​ចាស់​ដៃ។ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ជា​ច្រើន​រូប​កំពុង​ស្នើ​ច្បាប់ និង​សេចក្ដី​សម្រេច​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

សវនាការ​តុលាការ​កំពូល​ក្នុង​រឿង​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ដោយសារ​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ហាមប្រាម​មិន​ឲ្យ​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​ដើម្បី​តវ៉ា​ទោះ​អហិង្សា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។