អ្នកជំនួញ​អង់គ្លេស​ប្តឹង​កម្ពុជា​ថា ចាប់​គាត់​ជា​ចំណាប់ខ្មាំង​អស់​ជិត ១០​ឆ្នាំ

ដោយ មួង ណារ៉េត
2022.04.15
អ្នកជំនួញ​អង់គ្លេស​ប្តឹង​កម្ពុជា​ថា ចាប់​គាត់​ជា​ចំណាប់ខ្មាំង​អស់​ជិត ១០​ឆ្នាំ លោក​មេធាវី សុក សំអឿន។
RFA

អ្នកជំនួញ​ជនជាតិ​អង់គ្លេស​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ជា អស់​ជាច្រើន​ឆ្នាំ ពី​បទ​បន្លំ​ឯកសារ​ដើម្បី​ទិញ​ដី និង​បទ​រាន​ដី​ដោយ​ខុសច្បាប់ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​កម្ពុជា ដោយ​ចោទ​ប្រកាន់​មន្ត្រី​តុលាការ និង​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ជំរិត​ទារប្រាក់​ពី​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជិត ១០​ឆ្នាំ។

អ្នកជំនួញ​ជនជាតិ​អង់គ្លេស​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) ដែល​ពេល​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ខែ​មីនា ដោយ​ចោទប្រកាន់​ថា រូបលោក​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​៨ ឆ្នាំ​នៅ​កម្ពុជា យ៉ាង​អយុត្តិធម៌ ដោយសារតែ​ភាព​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​តុលាការ និង​ដោយសារ​លោក​មិន​ផ្តល់​ប្រាក់​សំណូក ១​លាន​ដុល្លារ ជូន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង ២.២ លាន​ដុល្លារ ជូន​មន្ត្រី​តុលាការ ដែល​ជំរិត​ទារ​ពី​លោក ជា​ថ្នូរ​នឹង​ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​មក​លើ​រូបលោក។

លោក​អះអាង ថា​ដំបូង​ចៅក្រម អាំង មាលតី ប្រចាំការ​នៅ​ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​លោក បាន​តាម​ជំរិត​ទារប្រាក់​ពី​លោក​ជាច្រើន​គ្រា។ ដំបូង​ទារ​លោក ៣​លាន​ដុល្លារ និង​ក្រោយមក​ទម្លាក់​មក​នៅ​ត្រឹម ២.២​លាន​ដុល្លារ។ តែ​លោក​មិន​ព្រម​ឲ្យ។

ប៉ុន្តែ ក្រោយ​មក​ចៅក្រម​រូប​នេះ ក៏​ត្រូវ​បាន​ផ្លាស់​មក​ភ្នំពេញ​មក​ធ្វើជា​ប្រធាន​សាលាដំបូង​។ មិន​យូរ​ប៉ុន្មាន នៅ​ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ លោក​ចៅក្រម​រូប​នេះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​ក្នុង​ករណី​ដាច់​ដោយឡែក​មួយ ពី​បទ​កិបកេង​ប្រាក់​ទាក់ទង​រឿង​គាត់​រឹបអូស​យក​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក អៅឌី (Audi) ពី​អ្នក​ចែកចាយ​គ្រឿងញៀន។

លោក អាំង មាលតី ត្រូវ​សាលាដំបូង​ខេត្ត​កណ្តាល កាត់ទោស​កាល​ពី​ដើមឆ្នាំ ឆ្នាំ​២០១៦ ឲ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ ដោយ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ ព្យួរ​១​ឆ្នាំ​។ ប៉ុន្តែ នៅ​ចុង​ឆ្នាំ ២០១៦ ព្រះមហាក្សត្រ​បង្គាប់​ឲ្យ​បន្ធូរ​បន្ថយ​ទោស​នេះ ៦​ខែ​ទៀត។ លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ នៅ​ដើម​ឆ្នាំ​២០១៧ ក្រោយ​ជាប់​ពន្ធនាគារ បាន​១​ឆ្នាំ​កន្លះ​។ ទោះជា​យ៉ាងនេះ​ក្ដី​នៅ​ដើម​ឆ្នាំ​២០១៧ នោះ​ដែរ ព្រះមហាក្សត្រ​បាន​លុប​ឈ្មោះ​លោក អាំង មាលតី ចេញ​ពី​ក្របខណ្ឌ​ចៅក្រម។

កាល​ពី​ពេល​លោក អាំង មាលតី ត្រូវ​ផ្លាស់​មក​ភ្នំពេញ នៅ​ឆ្នាំ​២០១៤ លោក​យក​សំណុំ​រឿង​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) និង​ជន​ជាប់ចោទ​ដទៃទៀត​នៅក្នុង​រឿង​ក្តី​នេះ មក​ជា​មួយ​ដែរ បើ​ទោះបី​លោក​មិនមែន​ជា​ចៅក្រម​ជម្រះ​ក៏ដោយ។ ប្រការ​នេះ ធ្វើ​ឲ្យ​ក្រុម​មេធាវី​ជនជាប់ចោទ ប្តឹង​ឲ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ដែល​ស៊ើបអង្កេត​ដោយ​ចៅក្រម អាំង មាលតី ព្រោះ​ចៅក្រម​រូប​នេះ មាន​រឿង​អាស្រូវ​ពុករលួយ​រហូត​ជាប់​ពន្ធនាគារ​។ ប៉ុន្តែ តុលាការ​ជំទាស់។

មេធាវី​ការិយាល័យ​ក្រុម​អ្នក​ច្បាប់ និង​ទីប្រឹក្សា​អមរិន្ទ​លោក សុក សំអឿន ដែល​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ ដែល​ជា​បុគ្គលិក​របស់​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) ក្នុង​សំណុំរឿង​នេះ​ដែរ ហួសចិត្ត​ចំពោះ​ការ​មិន​យកចិត្តទុកដាក់​របស់​តុលាការ ទៅ​លើ​បញ្ហា​នៃ​រឿងអាស្រូវ​របស់​ចៅក្រម អាំង មាលតី ដែល​ស៊ើបអង្កេត​ករណី​នេះ និង​ក្រោយ​មក​ក្លាយជា​ប្រធាន​តុលាការ​ដំបូង​ក្រុងភ្នំពេញ ដែល​ជា​កន្លែង​កាត់ក្តី​សំណុំរឿង​ដដែល​នេះ​ទៀត៖ «ចៅក្រម​ដែល​កាត់ក្តី​ហ្នឹង​ជា​កូនចៅ ចង់​មិន​ចង់​ក៏​មាន​ឥទ្ធិពល​ដែរ​។ ប៉ុន្តែ វា​ចម្លែក​ត្រង់​ថា​គេ​ចាប់ខ្លួន​គាត់​ហើយ​ហ្នឹង ចៅក្រម​ហ្នឹង​អត់​មាន​ផ្លាស់ប្ដូរ​អ្វី​បន្តិច​សោះ​! ចៅក្រម​ជម្រះ​ហ្នឹង​អត់​ផ្លាស់ប្ដូរ​គំនិត​អ្វី​សោះ​! នៅ​ការពារ​ការ​ចោទប្រកាន់​ហ្នឹង​ដដែល»

បើ​តាម​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) ក្រោយ​ចាប់​ខ្លួន​ចៅក្រម អាំង មាលតី លោក​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​អ្នក​ជំរិត​ទារប្រាក់​ពី​លោក​ជំនួស​វិញ ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រឆាំង​លើ​រូបលោក។

លិខិត​បញ្ជាក់ កាល​ពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១២ ដែល​ចុះ​ហត្ថលេខា​ដោយ អ្នកស្រី ម៉ៅ ម៉ាឡៃ ដែល​ជា​ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​ប្រធាន​ក្រុមហ៊ុន វ៉ា​យ.អិល.ភី គ្រុប (Y.L.P Group Co., LTD) និយាយ​អំពី​ទំហំ​ដី​ជាង ៦,០០០ (,០៧១.៣៨) ហិកតារ ដែល​ត្រូវ​ប្រគល់​ជូន​លោក ហ្ក្រែក ហ្វ្រាយធ៍ តំណាង​ឲ្យ​ក្រុមហ៊ុន អ៊ិនធើណេស្សិនណល ហ្គ្រីន អ៊ិននើជី ( International Green Energy) ដើម្បី​ដាំ​ដើម​ល្ហុងខ្វង យក​ផ្លែ​ទៅ​ធ្វើ​ជា​ជីវៈឥន្ធនៈ​។ ក្រុមហ៊ុន​នេះ​បាន​ជួល​បុគ្គលិក និង​កម្មករ​ខ្មែរ​រាប់​រយ​នាក់។

ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ​ដី និង​ដាំ​ដើម​ល្ហុងខ្វង​នៅ​កម្ពុជា នៅ​ប្រទេស​អង់គ្លេស​ឯណោះ ការិយាល័យ​បង្ក្រាប​អំពើ​ឆបោក​កម្រិត​ធ្ងន់ បាន​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន សាស្តេណេបិល អាហ្ក្រូ អ៊ិននើជី (Sustainable Agro Energy) របស់​លោក ហ្ក្រែ​ក ហ្វ្រាយធ៍ ហើយ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ករណី​ចោទប្រកាន់ ដែល​ថា​លោក​ឆបោក​មនុស្ស​នៅ​ទីនោះ យក​ប្រាក់​អស់ ៥៤​លាន​ដុល្លារ។

ក្រោយ​មក អង្គភាព​ប្រឆាំង​អំពើពុករលួយ​កម្ពុជា បាន​ចាប់ផ្តើម​ស៊ើបអង្កេត​លោក ហ្ក្រែក ហ្វ្រាយធ៍ និង​ក្រុមហ៊ុន អ៊ិនធើណេស្សិនណល ហ្គ្រីន អ៊ិននើជី។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ឆ្នាំ ២០១៣ បាន​រកឃើញ​ថា ក្រុមហ៊ុន​ដាំ​ដើម​ល្ហុងខ្វង​នេះ ជា​ផ្លូវការ​មិនដែល​ទទួល​បាន​សិទ្ធិ​លើ​ដី​នោះ​ឡើយ ក៏ប៉ុន្តែ​បាន​ចរចា​តម្លៃ​ប្រហែល​២​លាន​ដុល្លារ សម្រាប់​ទិញ​ដី​នោះ​ពី​អ្នកស្រី ម៉ៅ ម៉ាឡៃ។

ទោះជា​យ៉ាងនេះ​ក្តី លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​ពិតជា​បាន​ទិញ​ដី​នោះ ដោយ​ស្របច្បាប់​ពី​អ្នកស្រី ម៉ៅ ម៉ាឡៃ មែន៖ «យើង​មាន​កិច្ចសន្យា​ទិញ​ដី​នោះ​។ យើង​បាន​វិនិយោគ​ត្រឹមត្រូវ​។ យើង​យល់ថា​យើង​បាន​ធ្វើ​អ្វីៗ​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី»

យោង​តាម​កិច្ចព្រមព្រៀង​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច កាលពី​ខែ តុលា ឆ្នាំ ២០០៩ រវាង​ក្រុមហ៊ុន ផល្លាឌីវ៉ែលឡុបម៉ិន (Phalla Development Co., Ltd) ដែល​តំណាង​ឲ្យ​អ្នកស្រី ម៉ៅ ម៉ាឡៃ និង​លោក ហ្ក្រែក ហ្វ្រាយធ៍ (Gregg Fryett) ដី​ជាង ៥,០០០ (,០៧៩)...នៅមានបន្ត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។