HRW៖ លោក ជាម យៀប ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​៣​ឆ្នាំ

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch = HRW) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ ព្រមាន​ថា រឿង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ លោក ជាម យៀប មិន​ត្រូវ​យក​រឿង​នយោបាយ​មក​លាយឡំ​ជាមួយ​រឿង​ព្រហ្មទណ្ឌ​ទេ ហើយ លោក ជាម យៀប ត្រូវ​ប្រឈម​មុខ​ច្បាប់ ដោយ​រថយន្ត​របស់​លោក​បាន​បុក​ប្ដី​ប្រពន្ធ​កាល​ពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។
ដោយ វោហារ ជាតិ និង យាង សុជាមេត្តា
2013-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នា​រដ្ឋសភា នៅ​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៣។
Photo: RFA

សេចក្ដី​ប្រកាស​ព័ត៌មាន ឲ្យ​ដឹង​ថា លោក ជាម យៀប អាច​ប្រឈម​មុខ​ជាប់​គុក​យ៉ាង​ហោច​បី​ឆ្នាំ បើ​ទោះ​បី​ជា​លោក​មិន​មែន​ជា​អ្នក​បើកបរ​ក៏ដោយ។

នាយក​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា កន្លង​មក​មាន​មន្ត្រី និង​អ្នក​មាន​ប្រាក់​នៅ​កម្ពុជា ច្រើន បាន​បុក​មនុស្ស ហើយ​បើក​ឡាន​រត់​គេច​យក​រួច​ខ្លួន ហើយ​មិន​ដែល​បាន​ទទួល​ទោស​តាម​ច្បាប់​ទេ៖ «អ្នក​មាន​អំណាច និង​អ្នក​មាន​បុណ្យ​សក្ដិ​នៅ​កម្ពុជា មាន​ប្រវត្តិ​យូរ​លុង​មក​ហើយ​ពាក់ព័ន្ធ​រឿង​បុក​គេ​នៅ​តាម​ផ្លូវ ហើយ​រត់​យក​រួច​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​កំហឹង​ឡើង»

កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១៣ រថយន្ត​ទំនើប​របស់ លោក ជាម យៀប ជា​តំណាង​រាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បុក​ប្ដី​ប្រពន្ធ​ដែល​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​១ នៅ​កៀនស្វាយ បណ្ដាល​ឲ្យ​ប្រពន្ធ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ និង​ប្ដី​របួស​ធ្ងន់។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា រថយន្ត លោក ជាម យៀប បាន​បុក​ម៉ូតូ ហើយ​អូស​ម៉ូតូ​ជន​រងគ្រោះ​ចម្ងាយ ៥០​ម៉ែត្រ ហើយ​រត់​យក​រួច​ខ្លួន ដែល​មិន​បាន​ផ្ដល់​ជំនួយ​បន្ទាន់​ដល់​ជន​រងគ្រោះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ បាន​អំពាវនាវ​អោយ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ហើយ​រត់​ នៅ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល​នេះ​។

នៅ​ក្នុង​ព័ត៌មាន​ ដែល​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)  បាន​លើក​ឡើង​ថា​ ការ​យោគយល់​ផ្នែក​នយោបាយ​មិន​គួរ​ ធ្វើ​អោយ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​ស៊ើប​អង្កេត​ពេញលេញ​ និង​ការ​កាត់​ទោស​លើ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។ ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ព្រួយបារម្ភ​ថា​ អាជ្ញាធរ​កម្ពុជា​អាច​នឹង​មិន​បើក​ ការ​ស៊ើប​អង្កេត​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ដោយសារ​វា​មាន​ពាក់ព័ន្ធ​ នឹង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​។

គ្រោះថា្នក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​លោក​ ជាម យៀប​ បាន​កើត​ឡើង​កាល​ ពី​ថ្ងៃ​សុក្រ​ទី​២២​ វិច្ឆិកា​ នៅ​ចំណុច​ស្ពាន​ព្រែក​យួន​ ស្រុក​កៀ​នស្វាយ​ ខេត្ត​កណ្តាល​ បណ្តាល​អោយ​ស្រ្តី​ឈ្មោះ​ ពិន​ សុភា​ មាន​ផ្ទៃ​ពោះ​២​ខែ​ស្លាប់​ នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ និង​ បុរស​ជា​ប្តី​ឈ្មោះ​ មឿន ថា​ អាយុ​២៦​ឆ្នាំ​ រង​របួស​ធ្ងន់​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ សរសេរ​ថា​ បន្ទាប់​ពី​មាន​គ្រោះថ្នាក់​នោះ​ ប្រសិន​បើ​លោក​ ជាម យៀប​ បាន​បញ្ជូន​ជន​រងគ្រោះ​ទំាងពីរ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដែល​នៅ​ក្បែរ​នោះ​ គេ​មិន​ដឹង​ប្រាកដ​ថា​តើ​ពួក​គេ​អាច​នៅ​មាន​ជីវិត​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ​ តែ​ជន​រងគ្រោះ​ទំាងពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​កន្លែង​កើត​ហេតុ​ប្រមាណ​ជា​ជាង​៣០​នាទី​ មុន​នឹង​មាន​ ពេទ្យ​មក​ដល់​។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ មាន​ប្រសាសន៍​ថា​ ពួក​អ្នក​មាន​អំណាច​ និង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ប្រទេស​កម្ពុជា​ ធ្លាប់​មាន​ប្រវត្តិ​ក្នុង​ ការ​ពាក់ព័ន្ធ​នឹង​គ្រោះថា្នក់​ចរាចរណ៍​បុក​ហើយ​រត់​ ហើយ​ដែល​ប្រការ​នេះ​ បាន​ធ្វើ​អោយ​ប្រ ជាពលរដ្ឋ​កម្ពុជា​ ផ្ទុះ​កំហឹង​ជា​ញយ​ដង​។ លោក​បន្ត​ថា​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​អនុវត្ត​ច្បាប់​ ជា​ជាង​ការ​ការពារ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ ប្រ៊ែដ​ អាដាម​ បន្ត​ទៀត​ថា​ ប្រសិន​បើ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ចង់​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ​ និង​ចង់​បង្ហាញ​ថា​ លោក​ពិត​ជា​មាន​ឆន្ទៈ​បញ្ចប់​និទណ្ឌ​ភាព​លើ​មន្ត្រី​ជាន់ខ្ពស់​មែន​នោះ​ លោក​ ហ៊ុន​ សែន​ គួរ​ធានា​ថា​ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ ចំពោះ​ករណី​បុក​ ហើយ​រត់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រថយន្ត​លោក​ ជាម​ យៀប​នេះ​។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​លោក​ ជាម​ យៀប​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ យូមែន​ រ៉ៃត៍​ វច្ឆ​ (Human Rights Watch)​ បាន​ឡើយ​ ដោយ​ទូរស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្នក​លើក​។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ អ៊ូ​ វីរៈ​ បាន​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បញ្ហា​នេះ​ ហើយ​លោក​ ជាម​ យៀប​ ខ្លួន​ឯង​ដែល​មាន​តួ​នាទី​ជា​តំណាង​រាស្រ្ត​ផង​នោះ​ គួរ​តែ​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​ស៊ើប​អង្កេត​ពី​ករណី​គ្រោះថ្នាក់​ ដែល​ពាក់ព័ន្ធ​នឹង​រូប​លោក​។ ព្រោះ​ថា​ នៅ​ពេល​នេះ​ គេ​មិន​ទាន់​អាច​និយាយ​បាន​ថា​ អ្នក​ណា​ខុស​ អ្នក​ណា​ត្រូវ​នៅ​ឡើយ​ទេ​ ហើយ​ការ​ស៊ើប​អង្កេត​អាច​នឹង​លាត​ត្រដាង​ការ​ពិត​។ លោក​ អ៊ូ​ វីរៈ​ បន្ត​ថា​ បើ​ទោះ​ជា​ពលរដ្ឋ​ខ្មែរ​នៅ​ពុំ​ទាន់​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ក្តី​ តែ​ការ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ ជា​រឿង​ដ៏​ត្រឹមត្រូវ​មួយ​។

យ៉ាងណាក៏ដោយ​ ជន​រងគ្រោះ​ដោយ​គ្រោះថា្នក់​ចរាចរណ៍​ លោក​ មឿន​ ថា​ ធ្លាប់​បាន​អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ គាត់​នឹង​មិន​ប្តឹង​ផ្តល់​ចំពោះ​ករណី​គ្រោះថា្នក់​ចរាចរណ៍​ ដែល​មាន​ពាក់ព័ន្ធ​រថយន្ត​ លោក​ ជាម​ យៀប​ នេះ​ឡើយ​។ លោក​ មឿន​ ថា​ មិន​បាន​បញ្ជាក់​មូលហេតុ​ ថា​ហេតុ​អ្វី​បាន​ជា​លោក​មិន​ប្តឹង​ផ្តល់​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​លើក​ឡើង​ថា​ លោក​មិន​ ចង់​អោយ​មាន​រឿង​វែង​ឆ្ងាយ​។ ហើយ​អ្វី​ដែល​លោក​ចង់​បាន​ គឺ​គ្រាន់​តែ​ចង់​អោយ​លោក​ ជាម​ យៀប​ ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​របួស​ដល់​រូប​គាត់​បន្ត​ទៀត​ និង​ទិញ​ម៉ូតូ​ថ្មី​អោយ​គាត់​មួយ​គ្រឿង​វិញ​ប៉ុណ្ណោះ​។

ទាក់ទង​នឹង​ការ​ចង់​បាន​សំណង​ និង​ការ​មិន​ចង់​ប្តឹង​ផ្តល់​របស់​ជន​រងគ្រោះ​នេះ​ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា​ លោក​ អ៊ូ​ វីរៈ​ បាន​លើក​ឡើង​ថា​ រឿង​ទាមទារ​សំណង​របស់​ជន​រងគ្រោះ​ វា​គ្រាន់​តែ​ជា​រឿង​រដ្ឋប្បវេណី​ប៉ុណ្ណោះ​ តែ​រឿង​ដែល​បុក​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ ហើយ​រត់​ដូច្នេះ​ វា​គឺ​ជា​រឿង​ព្រហ្មទណ្ឌ​ ដែល​សមត្ថកិច្ច​គួរ​ធ្វើ​ការ​ស៊ើប​អង្កេត​៖ «​ការ​បង្ក​របួស​ស្នាម​ហ្នឹង​ ឬ​ការ​បង្ក​អោយ​ស្លាប់​ហ្នឹង​ ដោយសារ​មាន​ការ​ស្រវឹង​ ឬ​ធ្វេស​ប្រហែស​ ឬ​មួយ​ក៏​បើក​លឿន​ពេក​ អញ្ចឹង​ទៅ​វា​អាច​ជា​រឿង​ព្រហ្មទណ្ឌ​ រឿង​ព្រហ្មទណ្ឌ​បាន​ន័យ​ថា​ជា​ច្បាប់​ ព្រះ​រាជ​អាជ្ញា​ជា​អ្នក​តំណាង​ ហើយ​យើង​មិនមែន​ពឹង​តែ​ជន​រងគ្រោះ​ទេ​ ជន​រងគ្រោះ​គាត់​មាន​សិទ្ធិ​ត្រឹម​កំរិត​រដ្ឋប្បវេណី​ទេ​ គាត់​មិន​អាច​ចោទ​ប្រកាន់​ មិន​អាច​ទាមទារ​ ទាក់ទង​នឹង​បទ​រដ្ឋប្បវេណី​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​ជា​រឿង​ព្រហ្មទណ្ឌ​ អា​ហ្នឹង​គឺ​ មិនមែន​ជា​សិទ្ធិ​របស់​គាត់​ទេ​ អា​ហ្នឹង​គឺ​តុលាការ​ត្រូវ​អនុវត្ត​អោយ​បាន​ត្រឹមត្រូវ​។»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ថា​ បើ​ទោះ​ជា​លោក​ ជាម​ យៀប​ បាន​ផ្តល់​ប្រាក់​អោយ​គ្រួសារ​ជន​រងគ្រោះ​ ដើម្បី​រៀបចំ​បុណ្យ​សព​ ឬ​ចេញ​ថ្លៃ​ព្យាបាល​ អោយ​បុរស​រងគ្រោះ​ យ៉ាង​ណា​ក៏​ដោយ​ តែ​រឿង​នេះ​ វា​មិន​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ឡើយ​។ បន្ថែម​ពី​លើ​នេះ​ លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ បាន​និយាយ​ថា​ មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​នីតិ​រដ្ឋ​នៅ​កម្ពុជា​មិន​ត្រូវ​បាន​បង្កើត​ឡើង​ ក៏​ដោយ​សារ​តែ​អ្នក​មាន​លុយ​ និង​មាន​អំណាច​ តាម​ធម្មតា​ផ្តល់​ប្រាក់​ទៅ​អោយ​ជន​រងគ្រោះ​ ឬ​ពេល​ខ្លះ​គំរាម​កំហែង​ពួក​គេ​អោយ​ រក្សា​ការ​សម្ងាត់​ និង​មិន​អោយ​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការ​ដំណើរ​ការ​ស៊ើប​អង្កេត​ ជា​ដើម​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​ឡើង​ផង​ដែរ​ថា​ បើ​ផ្អែក​តាម​ច្បាប់​ចរាចរណ៍​របស់​កម្ពុជា​ លោក​ ជាម​ យៀប​ អាច​មាន​ទោស​ជាប់​ពន្ធនាគារ​ដល់​ទៅ​៣​ឆ្នាំ​ ព្រោះ​ថា​ បើ​ទោះ​ជា​លោក​ ជាម​ យៀប​ មិន​មែន​ជា​អ្នក​បើក​បរ​ក្តី​ តែ​លោក​បាន​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដោយ​មិន​បាន​នាំ​យក​ជន​រងគ្រោះ​ ដែល​ក្រោយ​មក​បាន​ស្លាប់​នោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ បាន​លើក​យក​មាត្រា​៣៦​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា​ ដែល​ចែង​ថា​ អ្នក​បើកបរ​ និង​មនុស្ស​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថា្នក់​ចរាចរណ៍ និង​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​កើត​ឡើង​ ត្រូវ​បញ្ឈប់​រថយន្ត​ជា​បន្ទាន់​ និង​ត្រូវ​ផ្តល់​ពត៌មាន​អោយ​អាជ្ញាធរ​មូលដ្នាន​ និង​ប៉ូលិស​ចរាចរណ៍​បាន​ដឹង​អំពី​គ្រោះថា្នក់​នេះ​។ អ្នក​បើកបរ​ និង​អ្នក​ពាក់ព័ន្ធ​ទំាងអស់​នោះ​ មិន​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ​ឡើយ​ លុះ​ណា​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ ឬ​មាន​ការ​អនុញ្ញាតិ​ពី​ប៉ូលិស​ចរាចរណ៍​។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ​ ក៏​បាន​លើក​ឡើង​នូវ​មាត្រា​មួយ​ចំនួន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​រត់​គេច​ពី​កន្លែង​កើត​ហេតុ​ ហើយ​ដែល​តាម​ច្បាប់​ប្រទេស​កម្ពុជា​ អ្នក​ប្រព្រឹត្ត​ទំាង​នោះ​ អាច​ត្រូវ​បាន​កាត់​ទោស​អោយ​ជាប់​គុក​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ​។​

យ៉ាង​ណា​ក៏​ដោយ​ មេធាវី​តំណាង​អោយ​លោក​ ជាម​ យៀប​ លោក​ កា​ សាវុធ​ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោក​ ជាម​ យៀប​ ពុំ​មាន​បំណង​គេច​វេស​នោះ​ទេ​។ លោក​ថា​ ក្រោយ​ពេល​កើត​ហេតុ​ លោក​ ជាម​ យៀប​ បាន​ទូរស័ព្ទ​ទៅ​លោក​ ហើយ​លោក​ក៏​បាន​ ចុះ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​។ លោក​ សាវុធ​ ថា​ អង្គ​រក្ស​លោក​ ជាម​ យៀប​ បាន​បើក​ឡាន​ចេញ​ទៅ​ ដោយសារ​ពួក​គេ​ព្រួយបារម្ភ​ពី​សន្តិសុខ​របស់​លោក​ ជាម​ យៀប​ ដោយ​ខ្លាច​ក្រែង​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​នោះ​ ព្រួត​គ្នា​វាយ​។

អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ហាក់​ពុំ​មាន​ជំនឿ​ឡើយ​ថា​ សមត្ថកិច្ច​កម្ពុជា​នឹង​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​នេះ​ ដោយសារ​តែ​ លោក​ ជាម​ យៀប​ គឺ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​សមត្ថកិច្ច​ រដ្ឋបាល​ដឹកនាំ​ និង​តុលាការ​នៅ​ខេត្ត​ ដែល​មាន​គ្រោះថ្នាក់​កើត​ឡើង​ សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រៅ​ពី​នេះ​ អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ក៏​បាន​លើក​ឡើង​អំពី​អភ័យ​ឯក​សិទ្ធិ​សភា​ ដែល​អ្នក​តំណាង​រាស្រ្ត​កម្ពុជា​ទទួល​បាន​ មាន​ន័យ​ថា​ អ្នក​តំណាង​រាស្ត្រ​មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ចំពោះ​ទង្វើ​ឧក្រិដ្ឋ​ធម្មតា​ឡើយ​ លុះ​ណា​តែ​ ពួក​គេ​ត្រូវ​បាន​ដក​ អភ័យ​ឯក​សិទ្ធិ​សភា​ជា​មុន​សិន​។ ហើយ​ការ​ស្នើ​អោយ​ដក​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ទៀត​ សោត​ ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រសួង​យុត្តិធម៌​ និង​ទាមទារ​អោយ​មាន​សម្លេង​គាំទ្រ​អោយ​បាន​ ២​ភាគ​៣​ពី​សមាជិក​សភា​ទំាងមូល​។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ អ៊ូ​ វីរៈ​ បាន​អោយ​ដឹង​ថា​ រឿង​អភ័យ​ឯក​សិទ្ធិ​សភា​ គឺ​ជា​រឿង​មួយ​ តែ​លោក​ថា​ ប្រសិន​បើ​លោក​ ជាម​ យៀប​ ខ្លួន​ឯង​ ស្ម័គ្រ​ចិត្ត​ផ្តល់​អំណាច​អោយ​តុលាការ​ធ្វើ​ការងារ​តាម​ច្បាប់​ និង​ព្រម​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ​នោះ​ រឿង​អភ័យ​ឯក​សិទ្ធិ​សភា​នឹង​មិនមែន​ជា​បញ្ហានោះ​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (42)
Share

ម៉ា​​ ដានី

ដើម្បីដឹកនាំប្រទេសទៅរកការអភិវឌ្ឍ និងក្លាយជាប្រទេសជឿនលឿនទៅមុខបានល្គឹកណាតែប្រទេសយើងឈប់ប្រើច្បាប់ព្រៃមកអនុវត្តលើការរស់នៅជាក់ស្តែងរបស់ប្រជាជនក្នុងស្រុក។ គឺត្រូវតែយកច្បាបើ មកអនុវត្ត និងមានតំលាភាព។ បើសិនជាប្រជាជនខុសក៏ត្រូវកាត់ទោសតាមផ្លូវច្បាប់ រីឯមន្ត្រីរាជការក៏ត្រូវតែកាត់ទោសអោយដូចជាប្រជាជនធម្មតា។ ព្រោះថានៅចំពោះមុខច្បាប់ គឺច្បាប់ជាធំ មិនមែនបុណ្យស័ក្ត មិនមានទ្រព្យធន និងរិតតែមិនមែនសារាចរឬអភ័យឯកសិទ្ធិរបស់អ្នកដឹកនាំឡើយ ព្រោះថាអ្នកដឹកនាំក៏ត្រូវតែគោរពច្បាប់ និងមានភាពស្មើគ្នាចំពោះមុខច្បាប់ដែរ។

Dec 08, 2015 01:27 AM

True relate generic gene -pobia

Psychologists around the world had studied about midget person who mostly violence than a taller guy like "kim IL.Sun ,Mao ,Ho C.Minh ,Sihanouk ,Hunsein and C.Yeap " , most of them are very aggressive behavior and ruthless " act like barbarism ".

Dec 06, 2015 12:21 PM

អ្នក​អាន​អនាមិក

នេះជាការ មើលងាយ ជីវិតមនុស្ស យ៉ាងគំលើន កំសាក មិនទទួលខុសត្រូវ ។

Dec 05, 2015 04:38 AM

អ្នក​អាន​អនាមិក

ហេតុម្តេចមិនលើកពីច្បាប់ស្រុកខ្មែរមកសរសេរលើសារពត៌មាន ចាំបាច់យកឈ្មោះពួកបរទេសមកបង្ហាញធ្វើអ្វី ។ ចុះអាស៊ីសេរី អន់អីក៍អន់ ថោកអីក៍ថោក យ៉ាងនេះ។

Dec 04, 2015 08:51 PM

អ្នក​អាន​អនាមិក

BECAUSE ALL LAWS IN CAMBODIA ARE BENEATH THE HIGHER RANKING CPP OFFICERS. WAIT TILL YOU GET HIT BY ONE OF CPP OFFICER, I WILL REPORT FROM CAMBODIA RULE OF LAW[ THE ONE WHO GAS THICKER BACK WINS].

Dec 06, 2015 11:52 AM

Bopha

មានតែសង្គមហ្វេសប៊ុកទេ ដែលអាចទាមទារយុត្តិធម៌ជូនជនរងគ្រោះ និងសង្គម។
តម្លៃនៃតំណាងរាស្រ្ត កាន់តែបាត់បង់ តម្លៃបុគ្គលគឺសូន្យ។

Dec 04, 2015 07:34 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល