មេធាវី និងមន្ត្រីសង្គមស៊ីវិលមួយចំនួនយល់ថា មូលហេតុដែលធ្វើឲ្យសំណុំរឿងកកស្ទះ នៅតាមសាលាជម្រះក្ដី គឺដោយសារប្រព័ន្ធច្បាប់ និងភាពយឺតយ៉ាវរបស់មន្ត្រីតុលាការ។ ការលើកឡើងនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើសុំជាថ្មីឲ្យមន្ត្រីតុលាការទាំងអស់ បន្តប្រឹងប្រែងដោះស្រាយសំណុំរឿងបន្ថែមទៀត កុំឲ្យកកស្ទះ។
ទោះបីជាក្រសួងយុត្តិធម៌ បានបង្កើតយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរាជធានីខេត្តចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០ មកក្តី ប៉ុន្តែក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើល ពិនិត្យឃើញថា ចំណាត់នេះ នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។ ពួកគាត់យល់ថា ភាពសាំញ៉ាំនៃនីតិវិធីច្បាប់ គឺជាផ្នែកធំ ដែលបណ្ដាលឲ្យសំណុំរឿង ត្រូវកកស្ទះជាប់ទ្រឹង នៅដំណាក់កាលចៅក្រមស៊ើបសួរ។
មេធាវីនៃការិយាល័យក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ លោកមេធាវី សុក សំអឿន យល់ថា រដ្ឋាភិបាលគួរតែស្នើកែច្បាប់នៅចំណុចនេះ ដោយទុកឲ្យចៅក្រមជម្រះជាអ្នកស៊ើប ឬទម្លាក់ភារៈកិច្ចស៊ើបសួរ នៅត្រឹមតំណាងអយ្យការ ទើបជួយជំរុញសំណុំរឿងឲ្យបានលឿនដល់នីតិវិធីសវនាការឆាប់ៗ។ បន្ថែមពីនេះ លោក សុក សំអឿន សង្កេតឃើញថា យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការកន្លងមកនេះ មានប្រសិទ្ធិភាពតិចតួច ហើយពិបាកនិយាយដល់យុត្តិធម៌ណាស់៖ « បែងចែកឲ្យដាច់ ឬក៏លុបចោលចៅក្រមស៊ើបទៅ ឲ្យព្រះរាជអាជ្ញា គេអ្នកធ្វើទៅ។ ឥឡូវព្រះរាជអាជ្ញា មានធ្វើអ្វី មើលសំណុំរឿងមួយភ្លែត ហុចឲ្យចៅក្រមស៊ើបហ្នឹង។ អាហ្នឹង មកពីប្រព័ន្ធយើងទេ ធ្វើឲ្យកកស្ទះ ហើយបើអត់ប្ដូរទេ ខំប្រឹងប្រែងបង្កើតចៅក្រមថែមទៀតឲ្យច្រើន។ ទី១ លុប ឬក៏បែងចែកឲ្យដាច់។ កុំឲ្យចៅក្រមម្នាក់ កាន់ស៊ើបផង ជម្រះផង»។

ចំណែក មេធាវីម្នាក់ទៀត នៅក្រុមប៊ីប៊ីស៊ី (BBC) លោក សួស វណ្ណៈ បញ្ជាក់ថា សំណុំរឿងតាមសាលាជម្រះក្ដីមួយចំនួន ចាប់ផ្ដើមកកស្ទះឡើងវិញជាបណ្ដើរៗ ហើយ ក្នុងស្ថានភាពជំងឺកូវីដ១៩ (Covid-19)។ លោកថា មួយរយៈពេលចុងក្រោយនេះ មន្ត្រីតុលាការបានអវត្តមានទៅធ្វើការ និងផ្អាកសវនាការ ក្នុងហេតុផលខ្លាចឆ្លងជំងឺកូវីដ១៩។ លោកមេធាវីបារម្ភថា សំណុំរឿងនឹងបន្តកកស្ទះទៀត៖ « ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ វាបានតែមួយឆាវ ហើយក្រោយពីមួយឆាវហ្នឹង សាច់រឿងវានៅតែដដែល។ យើងមើលឃើញទៅ ក្នុងនាមបងជាអ្នកធ្វើការជាមួយខាងតុលាការហ្នឹង វាមើលទៅនៅដដែលទេ។ ឥឡូវហ្នឹង វាធ្លាក់មកស្ថានភាពដដែលវិញហើយ»។
ការលើកឡើងពីប្រសិទ្ធិភាព និងការដោះស្រាយសំណុំរឿងក្ដីនេះ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើដល់ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងថ្មីៗ បន្ថែមទៀត ដើម្បីកុំឲ្យសំណុំរឿងក្ដី កើតស្ទះទ្រង់ទ្រាយធំបន្តទៀត។ លោកលើកឡើងនេះ កាលពីថ្ងៃទី២៤ ឧសភា ក្នុងពិធីផ្ទេរតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាតំណាងអយ្យការអមសាលាដំបូង សរុបចំនួន ៨នាក់ នៅក្នុងបរិវេណសាលាឧទ្ធរណ៍បាត់ដំបង។

លោក កើត រិទ្ធិ បានដាក់ចេញយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតាមសាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មុន គឺបានបន្តិចក្រោយពេលលោកចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ក្រសួងនេះ បានចេញផ្សាយរបាយការណ៍ចុងក្រោយ (៣១ ធ្នូ ២០២០) ថា រយៈពេល ២២២ថ្ងៃ ក្រសួងដោះស្រាយសំណុំរឿងកកស្ទះ បាន ៣៥.១០០សំណុំរឿង ស្នើ ៨៩ភាគរយ និងបន្តដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌថ្មី បាន ៣៦.៥០០សំណុំរឿង។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២៥ ឧសភា។ ទោះជាយ៉ាងណា សង្គមស៊ីវិលធ្វើការផ្នែកឃ្លាំមើលសវនាការ ជំរុញនគរបាល និងមន្ត្រីតុលាការឱ្យពិនិត្យមើលភាពមិនប្រក្រតីនៃការឃាត់ខ្លួន ការចាប់ខ្លួន និងការឃុំខ្លួនពលរដ្ឋឡើងវិញ ដើម្បីជាផ្នែកមួយ ជួយក្នុងការកាត់បន្ថយការកកស្ទះ នៅតាមតុលាការ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ថា បន្ថែមពីលើវិធានផ្សេងៗ គឺចៅក្រមគួរដោះលែងសកម្មជនសង្គម សកម្មជននយោបាយ និងអ្នកជាប់ជាប់ឃុំ ក្នុងបទល្មើសស្រាលៗ បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយសំណុំរឿងកកស្ទះ និងការចង្អៀតណែនក្នុងពន្ធនាគារ។ ជាងនេះទៅទៀត លោកយល់ថា ការដោះលែងអ្នកជាប់ឃុំទាំងនោះ ជាការជួយសម្រួលដល់ស្ថានភាពពន្ធនាគារ ដែលកំពុងប្រឈមហានិភ័យជំងឺកូវីដ១៩៖ « មែនទែនទៅ រឿងកកស្ទះ ឬក៏ការរកយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋនេះ គឺជាតួនាទីយ៉ាងសំខាន់របស់អង្គការតុលាការ ដែលគួរតែមានឆន្ទានុសិទ្ធិ ក្នុងការរៀបចំ និងអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ត្រឹមត្រូវសម្រាប់ពលរដ្ឋ។ មិនមែនទាល់តែមានការស្នើសុំ ឲ្យមានការពន្លឿន ទើបពន្លឿននោះទេ»។

បើទោះជាសង្គមស៊ីវិល និងអ្នកច្បាប់គាំទ្រយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ ប៉ុន្តែ ពួកគេចង់ឱ្យរដ្ឋាភិបាល និងសភា ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌បន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋទទួលបានយុត្តិធម៌ស្នើភាពគ្នា។ លើសពីនេះ ក្រុមអង្គការជាតិ និងអន្តរជាតិ ជំរុញរដ្ឋាភិបាលជាថ្មីទៀត ឲ្យចាត់វិធានការជាបន្ទាន់ដោះលែងជនជាប់ឃុំ ដែលមានទោសកម្រិតស្រាល ជាពិសេសអ្នកជាប់ឃុំជាស្ត្រីមានផ្ទៃពោះ ឬស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ។
ជាងនេះទៅទៀតនោះ អង្គការទាំងនេះ ស្នើឲ្យដោះលែងអ្នកជាប់ឃុំដែលឃុំខ្លួនដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់ ពោលគឺចាប់ខ្លួនតាមអំពើចិត្ត ដូចជា ក្នុងករណីអ្នកទោសនយោបាយ និងការចាប់ឃុំខ្លួនដោយបង្ខំ ដើម្បីបន្សាបគ្រឿងញៀនជាដើម។ ចំណាត់ការដែលត្រូវធ្វើជាចាំបាច់នេះ មិនត្រឹមតែជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ដើម្បីបង្ការការឆ្លងជំងឺកូវីដប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។