មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​អាជ្ញាធរ​ឱ្យ​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

ដោយ វ៉ែន សុមេធ
2019-04-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។
Licadho

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​មាន​ការ​​ពន្លឿន​នីតិវិធី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ស្ថានភាព​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​មិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ឡើយ។ ក្រសួង​យុត្តិធម៌​ថា អាជ្ញាធរ​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ ក៏​ប៉ុន្តែ​ដំណាក់​កាល​ដំបូង​នេះ អាជ្ញាធរ​ផ្ដោត​អាទិភាព​លើ​សំណុំ​រឿង​ជន​ជាប់​ឃុំ​ជា​ស្ត្រី។

ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត កត់​សម្គាល់​ថា ស្ថាន​ភាព​ចង្អៀត​ណែន​តាម​បណ្ដា​ពន្ធនាគារ​ទូទាំង​ប្រទេស នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។ លោក​បន្ត​ថា ​បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​តុលាការ​រាជធានី​ខេត្ត​ ពន្លឿន​នីតិវិធី​ជន​ជាប់​ឃុំ​ក្តី​ ក៏​ដំណោះ​ស្រាយ​នេះ​នៅ​មាន​ភាព​យឺត​យ៉ាវ​ មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​កំណើន​អ្នក​ជាប់​ឃុំ​បាន​នោះ​ឡើយ៖ «ទោះបី​ជា​គណៈកម្មការ​ថ្នាក់​ជាតិ​ហ្នឹង​ខំ​ធ្វើ​ម៉េច​ឱ្យ​តុលាការ​រាជធានី​ខេត្ត​ពន្លឿន​នីតិវិធី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​យើង​នៅ​តែ​មើល​ឃើញ​ថា ដំណើរ​ការ​នៅ​តែ​មា​ន​ការ​យឺតយ៉ាវ​នៅឡើយ។ អ៊ីចឹង​ភាព​យឺតយ៉ាវ​ហ្នឹង​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​នៅឡើយ​ទេ»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​ពន្ធនាគារ និង​ពង្រីក​បន្ទប់​ឃុំ​ឃាំង​បន្ថែម ក៏​ប៉ុន្តែ​លោក​ថា នេះ​មិន​មែន​ជា​ដំណោះស្រាយ​ដែល​មាន​ប្រសិទ្ធភាព​នោះ​ឡើយ​។ លោក​ថា ដំណោះស្រាយ​ល្អ​បំផុត​នោះ គឺ​តុលាការ​គ្រប់​ជាន់ថ្នាក់ ត្រូវ​តែ​ពន្លឿន​នីតិវិធី ដោយ​ចាត់​អាទិភាព​ទៅតាម​ភាព​ធ្ងន់​ស្រាល​នៃ​សំណុំ​រឿង​នីមួយៗ។

ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ បាន​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ ចាប់​ពី​ឆ្នាំ២០១៧ មក បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់។ ចំនួន​អ្នក​ជាប់​ឃុំ​​ដោយសារ​បទល្មើស​គ្រឿង​ញៀន​បាន​កើន​ឡើង​យ៉ាង​គំហុក​ បូក​រួម​ទាំង​ភាព​យឺត​នៃ​ការ​អនុវត្ត​នីតិវិធី​លើ​រឿង​ក្តី​នីមួយៗ​ផង ធ្វើ​ឱ្យ​ស្ថាន​ភាព​ចង្អៀត​ណែន ​​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

អគ្គនាយករង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ថ្លែង​ថា ចំនួន​អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​បាន​កើន​ឡើ​ង​ដល់​ជាង ៣ម៉ឺន ១ពាន់​នាក់ ក្នុង​នោះ​អ្នក​ត្រូវ​បាន​កាត់​ទោស​រួច​មាន​ប្រមាណ ៣០% ហើយ​ក្រៅ​ពី​នេះ​សុទ្ធ​សឹង​ជា​អ្នក​រង់​ចាំ​នីតិវិធី​តុលាការ។ លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជាប់​ឃុំ​ជាង ៥០% មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន។ លោក​បន្ត​ថា ដំណោះ​ស្រាយ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ គឺ​ការ​ពង្រីក​បន្ថែម​បន្ទប់​ឃុំ​ឃាំង និង​កន្លែង​សម្រាក​សម្រាប់​ជន​ជាប់​ឃុំ ចំណែក​ការ​ដោះ​ស្រាយ​យ៉ាង​ណា​ទៀត​នោះ គឺ​ស្ថិត​នៅ​លើ​តុលាការ៖ «ចំនួន​សំណុំ​រឿង​ដូច​ជា​មាន​ច្រើន​ដែរ ទាំង​រឿង​រដ្ឋប្បវេណី ទាំង​រឿង​ព្រហ្មទណ្ឌ​ ហើយ​លទ្ធភាព​នៃ​ការ​សម្រួល​នីតិវិធី ការ​កាត់​ក្តី ជំនុំជម្រះ​អី​ហ្នឹង ក៏​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​ហ្នឹង​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​គិត​ថា ដំណើរ​ការ​ហ្នឹង​វា​រាង​យឺត​ទៅ ដល់​ពេល​អ្នក​ថ្មី​ចូល​មក​ថែម​ទៀត អត្រា​អ្នក​ដែល​អត់​ទាន់​កាត់​ទោស​ហើយ​ហ្នឹង វា​កាន់​តែ​កើន។ អា​ហ្នឹង​វា​អាស្រ័យ​ទៅ​លើ​ខាង​ស្ថាប័ន​តុលាការ មិន​មែន​ខាង​ខ្ញុំ​ទេ»

មន្ត្រី​ជំនាញ​រូប​នេះ ​ឱ្យ​ដឹង​បន្ថែម​ថា ស្ថានភាព​ចង្អៀត​ណែន​នេះ ក៏​បង្ក​ការ​លំបាក​សម្រាប់​មន្ត្រី​ពន្ធនាគារ​ផង​ដែរ ដោយ​ចំនួន​អនុរក្ស​ពន្ធនាគារ មិន​សមាមាត្រ​នឹង​ចំនួន​អ្នក​ជាប់​ឃុំ។ តួ​យ៉ាង​ដូច​ជា​នៅ​ពន្ធនាគារ​ព្រៃស​ជា​ដើម​ ដែល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ម្នាក់​ត្រូវ​មើល​ការ​ខុស​ត្រូវ​អ្នក​ជាប់​ឃុំ​ជាង ៣០នាក់ ខុស​ពី​ស្តង់ដារ​​កំណត់ ដែល​អនុរក្ស​ពន្ធនាគារ​ម្នាក់​ត្រូវ​មើល​ការ​ខុស​ត្រូវ​អ្នក​ជាប់​ឃុំ​តែ ៦នាក់​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ថ្លែង​ថា ជា​ដំណោះស្រាយ​បន្ទាន់ អាជ្ញាធរ​ផ្ដោត​អាទិភាព​ទៅ​លើ​ការ​ពន្លឿន​សំណុំ​រឿង​ជន​ជាប់​ឃុំ​ជា​ស្ត្រី និង​អនីតិជន​ជាមុន​សិន ដោយ​ផ្អែក​លើ​គោល​ការណ៍​មនុស្ស​ធម៌។ ចំពោះ​សំណុំ​រឿង​ទូទៅ​វិញ លោក​ថា អាជ្ញាធរ​នៅ​ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​ដោះស្រាយ ព្រោះ​ត្រូវ​រៀប​ចំ​យន្ត​ការ​ជា​ច្រើន៖ «ការ​បង្កើត (សាលា) ឧទ្ធរណ៍​តំបន់​ដើម្បី​ដោះ​ស្រាយ​ភាព​កក​ស្ទះ​នៃ​សំណុំ​រឿង​នៅ​តាម​តុលាការ ការ​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​តុលាការ ការ​បង្កើន​ធនធាន​មនុស្ស​បន្ថែម​ទៀត​នៅ​តាម​តុលាការ និង​ការ​អនុវត្ត​ទោស​មួយ​ចំនួន​មិន​មែន​ពន្ធនាគារ ដូច​ជា ទោស​សហគមន៍ ជា​ដើម រួម​ទាំង​ការ​កសាង​ពន្ធនាគារ​បន្ថែម​ និង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ ក៏​អាច​ចូល​រួម​ក្នុង​ការ​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នេះ​បាន​ដែរ។ អ៊ីចឹង​ជា​ទិសដៅ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត យើង​ត្រូវ​រៀប​ចំ​យន្ត​ការ​ធំៗ ទាំង​អស់​នេះ ហើយ​យើង​មិន​អាច​កំណត់​ថា ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​ច្បាស់​លាស់​នោះ​ទេ ពី​ព្រោះ​ជា​យន្តការ​ដែល​យើង​កំពុង​តែ​ធ្វើ​ ហើយ​ត្រូវ​ការ​ពេល​វេលា​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត»

ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក អំ សំអាត មើល​ឃើញ​ថា ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន​នោះ គឺ​តុលាការ​គួរ​តែ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​បាន​នៅ​ក្រៅ​ឃុំ ចំពោះ​ករណី​មិន​ចាំបាច់​មួយ​ចំនួន។ ទន្ទឹម​នឹង​នេះ លោក​ក៏​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់​ស្កាត់​ការ​ហូរ​ចូល​នៃ​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ ដោយ​សារ​បញ្ហា​គ្រឿង​ញៀន គឺ​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មាន​កំណើន​អ្នក​ជាប់​ឃុំ​យ៉ាង​គំហុក​នៅ​តាម​ពន្ធនាគារ​នីមួយៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល