អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ ទាមទារ​ឱ្យ​តុលាការ​របប​លោក ហ៊ុន សែន ដោះ​លែង​អ្នកស្រី ទេព វន្នី ឱ្យ​មាន​សេរីភាព

ដោយ មួង ណារ៉េត
2018-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ នា​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)​ ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​​នៅ​ថ្ងៃទី​១៤ សីហា ទាម​ទារ​ឱ្យតុលាការ​នៃ​​របប​លោក​ ហ៊ុន​ សែន​​ ដោះលែង​សកម្ម​ជន​បឹង​កក់​អ្នកស្រី​ ទេព វន្នី ឱ្យ​មាន​សេរីភាព​វិញ។ សកម្មជនការពារ​​សិទ្ធិ​ដីធ្លី​រូប​នេះ​ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ ២ឆ្នាំ​មក​ហើយ តាម​អំណាច​នៃ​សេចក្តីសម្រេច​របស់​តុលា​ការ​​គ្រប់​ជាន់​ថ្នាក់​នៃ​របប​លោក​ ហ៊ុន​ សែន។

នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ីនៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ​​ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)​ លោក​ ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែង​ថា អ្នក​ស្រី ទេព វន្នី បាន​ជាប់​ឃុំ​ឃាំង​ក្នុង​សំណុំ​រឿង​បែប​ប្រឌិត​នេះ​អស់​រយៈ​ពេល​ ២ឆ្នាំ​ហើយ គឺ​​ល្មម​ដល់​ពេល​ដែល​អាជ្ញាធរ​គួរ​តែទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ និង​​ដោះលែង​សកម្ម​ជន​រូប​នេះ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ។ លោក​បន្ត​ថា សំណុំ​រឿង​អ្ន​ក​ស្រី​ ទេព វន្នី នេះ ជា​ករណី​មួយ​ក្នុង​ចំណោម​ករណីខុស​ឆ្គង​​ជា​ច្រើន​ទៀត ដែល​អាជ្ញាធរ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ទាំង​បំពាន​​ ដើម្បី​វាយ​ប្រហារ និង​ចាប់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ដាក់​ពន្ធនាគារ។

ម្ចាស់​ពាន​រង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​ពិភព​លោក​ឆ្នាំ ២០១៣ នៃ​អង្គការ​វ៉ាយ​ថល​ វ៉យស៍ (Vital Voices) អ្នក​ស្រី​ ទេព វន្នី ត្រូវ​បានតុលាការ​គ្រប់​ជាន់​ថ្នាក់​នៃ​របប​លោក​ ហ៊ុន​ សែន​​ កាត់​​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ២ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១៤លាន​រៀល ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ហិង្សា​លើ​សន្តិសុខ​សាលា​ខណ្ឌ​ដូន​ពេញ​ ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ផ្ទះ​នាយក​រដ្ឋមន្ត្រី កាល​ពី​ឆ្នាំ២០១៣ កន្លង​ទៅ​។ អ្នក​ស្រី​ត្រូវ​បាន​អាជ្ញាធរ​​ក្រុងភ្នំពេញ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី១៥ ​ខែសីហា ឆ្នាំ២០១៦ ​ខណៈ​អ្នក​ស្រី និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​មួយ​ចំនួន​ទៀត កំពុង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​​ខ្មៅ ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​មន្ត្រីអាដហុក​ទាំង ៤រូប និង​លោក​ នី ចរិយា ព្រម​ទាំង​ជំរុញ​ឱ្យ​របប​ក្រុងភ្នំ​ពេញ​​​វែក​មុខរក​ឃាតករ​ពិត​ ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)​ អះអាង​ថា សំណុំ​រឿង​នេះ ​ត្រូវ​បាន​គេ​ប្រឌិត​ឡើង​ ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ ដើម្បី​បំបិទ​សំឡេង​អ្នក​ស្រី​ ទេព វន្នី ប៉ុណ្ណោះ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក​ អំ សំអាត ថ្លែង​ថា អ្នក​ស្រី​ ទេព វន្នី ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ និង​ដីធ្លី​ដ៏​ឆ្នើម​មួយ​រូប​ ដែល​ហ៊ាន​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​របស់​សហគមន៍​បឹង​កក់​ និង​រឿង​អយុត្តិធម៌​សង្គម​ផ្សេង​ទៀត ក៏​ប៉ុន្តែ​សកម្មភាព​ទាំង​នេះ​ បែរ​ជា​ត្រូ​វ​បាន​គេ​លាប​ពណ៌​ថា ជា​ការ​បម្រើ​នយោបាយ​គណបក្ស​ប្រឆាំង​ទៅ​វិញ។ លោក​ថា ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ២​ឆ្នាំ​មក​នេះ ល្មម​គ្រប់​គ្រាន់​ហើយ ​ដែល​តុលាការ​គួរ​តែ​ពិចារ​ណា​ដោះ​លែង​អ្នក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​ទៅ​ជួប​ជុំ​គ្រួសារ និង​ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​អំពី​ភាព​អយុត្តិធម៌​ក្នុង​សំណុំ​រឿង​នេះ​បន្ត​ទៅ​ទៀត៖ «»

ក្រៅពី​រឿង​ហិង្សា​ក្បែរ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​នេះ អ្នក​ស្រី ទេព វន្នី ក៏​កំពុង​ប្រឈម​នឹង​សំណុំ​រឿង​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ដែល​សំណុំ​រឿង​ខ្លះ​ត្រូវ​បាន​កាត់​ក្តី​រួច​ហើយ និង​ខ្លះ​ទៀត​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ។ សំណុំ​រឿង​ទាំង​នោះ​សុទ្ធសឹង​តែ​ផ្តើម​ចេញ​អំពី​ការ​ទាមទារ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជុំវិញ​បញ្ហា​ដីធ្លី និង​ភាព​អយុត្តធម៌​សង្គម។

នៅ​ថ្ងៃ​ទី២៤ សីហា សប្តាហ៍​ក្រោយ​នេះ អ្នក​ស្រី ទេព វន្នី និង​សកម្ម​ជន​បឹងកក់​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញកោះ​ហៅ​ឱ្យ​ចូល​ខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះក្នុង​​សំណុំរឿង​ដាច់​ដោយ​ឡែក​មួយ​ទៀតផង​ដែរ គឺ​សំណុំ​រឿង​ជេរ​ប្រមាថជា​សាធារណៈ និង​គំរាម​ថា​នឹង​សម្លាប់ ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​មីនា ឆ្នាំ២០១២ កន្លង​ទៅ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដដែល​នេះ បន្ត​ថា ការ​ដាក់​​ទោស​អ្នក​ស្រី ទេព វន្នី និង​សកម្ម​ជន​ដទៃ​ទៀត​នោះ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​ស្មើ​ភាព​ ដែល​មាន​ចែង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​មាន​ចែង​​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​ភាគី​ហត្ថលេខី​ស្រាប់។

លោក​ ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់ជំនួយ​របស់​កម្ពុជា ​ចាត់​ទុក​​ករណី​អ្នក​ស្រី​ ទេព វន្នី នេះ ជា​រឿង​សំខាន់​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល