លោក ហ៊ុន សែន បញ្ជា​ឱ្យ​​​តុលាការ​ពន្លឿន​សំណុំ​រឿង​ជន​ជាប់​ឃុំ​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

ដោយ សេក បណ្ឌិត
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
Photo: RFA

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ មិន​មាន​ការ​ថមថយ​នោះ​ទេ។ លោក​បាន​ចេញ​​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដំណោះស្រាយ​រឿង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព។ អ្នក​ការពារ​សិទ្ធិមនុស្ស​រំពឹង​ថា បទ​បញ្ជា​ថ្មី​របស់​លោក ហ៊ុន សែន នេះ នឹង​អាច​ជួយ​ដោះស្រាយ​ស្ថានភាព​ចង្អៀត​ណែន​នេះ​បាន​មួយ​ផ្នែក​។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន សម្ដែង​ការ​ភ្ញាក់​ផ្អើល​ នៅ​ពេល​ក្រុម​មន្ត្រី​របស់​លោក​ប្រាប់​ថា ពន្ធនាគារ​កំពុង​មាន​ស្ថានភាព​ចង្អៀត​ណែន​ខ្លាំង បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ពន្ធនាគារ។ លោក​ថា ជន​ជាប់ឃុំ​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​កាត់​ទោស និង​បាន​​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​​បណ្ដោះអាសន្ន​លើស​កាល​កំណត់ ដែល​នេះ​គឺ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី។ លោក​បញ្ជា​ឱ្យ​​តុលាការ​ និង​ក្រសួង​យុត្តិធម៌ ពន្លឿន​នីតិវិធី​សំណុំ​រឿង​ជន​ជាប់​ឃុំ ដើម្បី​កាត់​បន្ថយ​ស្ថានភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៖ «ទណ្ឌិត​ពិត​ប្រាកដ​តែ ១/៣ ទេ ពិរុទ្ធជន ២/៣។ ពិរុទ្ធជន​មានន័យ​ថា មិន​ទាន់​បាន​កាត់ទោស។ អ៊ីចឹង​បញ្ហា​នេះ​តុលាការ​គ្រប់​ជាន់​ថ្នាក់ រដ្ឋមន្ត្រី​យុត្តិធម៌ ត្រូវ​ធ្វើ​ការងារ​ហ្នឹង​ឱ្យ​លឿន បើ​មិន​អ៊ីចឹង​ទេ ចាប់​គេ​យក​ទៅ​ឃុំ​ខុស»

លោក​បន្ត​ថា ស្ថាប័ន​ដែល​ទទួល​ខុស​ត្រូវ​រឿង​នេះ​​មិន​អាច​លើក​ហេតុ​ផល​ រឿង​ខ្វះខាត​បន្ទប់​សវនាការ ឬ​ខ្វះ​ខាត​មេធាវី​នោះ​ឡើយ​ ព្រោះ​រឿង​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា ព័ត៌មាន​ដែល​លោក ហ៊ុន សែន ធ្លាប់​ទទួល​បាន​ទាក់ទង​នឹង​រឿង​ពន្ធនាគារ​នេះ ទំនង​ជា​ព័ត៌មាន​មិន​ពិត ឬ​មិន​គ្រប់​ជ្រុង​ជ្រោយ ហេតុ​ដូចនេះ​​បាន​ជា​លោក​ទើប​តែ​បញ្ចេញ​ប្រតិកម្ម​នៅ​ពេល​នេះ ក្រោយ​ពេល​មន្ត្រី​ជំនិត​របស់​លោក​បាន​ទៅ​ឃើញ​ស្ថានភាព​ជាក់​ស្ដែង​នៅ​ពន្ធនាគារ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​​រំពឹង​ថា បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​​អាច​នឹង​ត្រូវ​​ដោះស្រាយ​បាន​លឿន​ជាង​មុន បន្ទាប់​ពី​មាន​បទ​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល៖ «យើង​ឃើញ​ថា គណៈកម្មការ​អន្តរក្រសួង ឬ​គណៈកម្មការ​ជាតិ​ហ្នឹង បាន​​បង្កើត​ឡើង និង​រក​វិធី រក​មធ្យោបាយ​ក្នុង​ការ​ដោះ​ស្រាយ ប៉ុន្តែ​វា​ហាក់​ដូច​ជា​អត់​ទាន់​​មាន​ចេញ​ជា​រូប​រាង​អី ឬ​ដំណោះស្រាយ​នៅ​ឡើយ។ អ៊ីចឹង​យើង​សង្ឃឹមថា ក្រោយ​មាន​បទ​បញ្ជា​ពី​សម្ដេច​នាយករដ្ឋមន្ត្រី ដំណោះស្រាយ​នឹង​អាច​មាន​ដំណើរការ​លឿន»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​អះអាង​ប្រាប់​អាស៊ី​សេរី​កាល​ពី​​ពេល​ថ្មីៗ នេះ​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​អនុវត្ត​យន្តការ​ដោះស្រាយ​​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​នេះ​ជា​បណ្តើរៗ ហើយ​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ជំរុញ​ឱ្យ​គ្រប់​តុលាការ​រាជធានី​-ខេត្ត ពន្លឿន​សំណុំ​រឿង​របស់​ជន​ជាប់​ឃុំ។ លោក​ថា មាន​សំណុំ​រឿង​ខ្លះ​ត្រូវ​បាន​ជំរុញ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ និង​មាន​ខ្លះ​ទៀត​ត្រូវ​បាន​ជំនុំ​ជម្រះ​ និង​ចេញ​សាលក្រម​រួច​រាល់​ហើយ តែ​​​លោក​មិន​ទាន់​មាន​តួលេខ​សំណុំ​រឿង​ដែល​ត្រូវ​បាន​ពន្លឿន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិមនុស្ស​អះអាង​ថា យន្ត​ការ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​​ដាក់​ចេញ​នោះ មិន​ទាន់​​ឆ្លើយ​តប​នឹង​បញ្ហា​ចង្អៀត​ណែន​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​​នៅឡើយ​ទេ។

ស្ថានភាព​ចង្អៀត​ណែន​ខ្លាំង​ក្នុង​ពន្ធនាគារ​នេះ បាន​ចោទ​ជា​បញ្ហា​កាន់​តែ​ខ្លាំង​ ចាប់​ពី​ឆ្នាំ២០១៧ មក​ បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ខុសច្បាប់។ ចំនួន​អ្នក​ជាប់​ឃុំ​​ដោយសារ​បទល្មើស​គ្រឿង​ញៀន​​​បាន​កើន​ឡើង​យ៉ាង​គំហុក​ បូក​រួម​ទាំង​ភាព​យឺត​នៃ​ការ​អនុវត្ត​នីតិវិធី​លើ​រឿង​ក្តី​នីមួយៗ ​ផង ធ្វើ​ឱ្យ​ស្ថាន​ភាព​ចង្អៀត​ណែន​​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។ ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស បាន​កើន​ឡើង​ដល់​ជាង ៣ម៉ឺន​នាក់ ក្នុង​នោះ​ទណ្ឌិត​មាន​ប្រមាណ ៩ពាន់​នាក់​​ ក្រៅ​ពី​នេះ​សុទ្ធសឹង​ជា​អ្នក​ជាប់​ឃុំ​ដែល​កំពុង​រង់​ចាំ​នីតិវិធី​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល