ការ​បង្កើន​ចំនួន​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​រង​ការ​រិះគន់​ថា ធ្វើ​ដើម្បី​មហិច្ឆតា​បក្ស​កាន់អំណាច

ដោយ មួង ណារ៉េត
2019.01.04
លោក ឡេង ប៉េងឡុង ៦២២ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា។
រូបថត៖ រដ្ឋសភា ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០១៨

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កូតា​គណបក្ស​ប្រឆាំង យល់ថា ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​២ ដើម្បី​បង្កើន​ចំនួន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ដើម្បី​កែប្រែ​ការគ្រប់គ្រង​រដ្ឋបាល នឹង​មិន​អាច​បម្រើ​ផលប្រយោជន៍​ជាតិ​បានទេ តែ​ជា​ការ​ធ្វើ​ឡើង​ដើម្បី​ពង្រីក​អំណាច និង​មហិច្ឆតា របស់​បក្ស​កាន់អំណាច​តែប៉ុណ្ណោះ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​របប​ក្រុងភ្នំពេញ​ដក​ហូត​យក​តំណែង ដោយសារ​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច លោក ថៃ ធីម អះអាង​ថា ចំនួន​សមាជិក​ក្រុមប្រឹក្សា​សព្វថ្ងៃ មិន​ចាំបាច់​បន្ថែម​ទេ ព្រោះ​វា​លើស​ពី តម្រូវការ​ទៅ​ហើយ។ លោក ថៃ ធីម យល់ថា បំណង​នៃ​ការ​បង្កើន​សមាជិក​ក្រុមប្រឹក្សា គឺ​គ្មាន​អ្វី​ក្រៅពី​មហិច្ឆតា​ពង្រីក​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​អ្វី​ដែល​មេដឹកនាំ​របប ហៅថា នយោបាយ​ឈ្នះ​ឈ្នះ នោះ​ទេ៖ «​បង្កើន​អាសនៈ​ទាំងអស់​នោះ ដើម្បី​ដាក់​មនុស្ស​របស់​គាត់ (សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា)។ បើ​សិន​គាត់ (​លោក ហ៊ុន សែន​) មិន​បង្កើន​សមាជិក​ក្រុមប្រឹក្សា ស្រុក ខណ្ឌ រាជធានី នេះ​ទេ មនុស្ស​របស់​គាត់​សល់​ច្រើន។ ដូច្នេះ អា​នយោបាយ​ឈ្នះ​ឈ្នះ​របស់​គាត់​ហ្នឹង វា​អត់​មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​ទេ គឺ​ប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​គាត់​ប៉ុណ្ណោះ»

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើឡើង​ភ្លាមៗ ក្រោយពី​រដ្ឋសភា​ឯកបក្ស​នៃ​របប​លោក ហ៊ុន សែន អនុម័ត​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋសភា​ឯក​បក្ស អះអាង​ការពារ​វិសោធនកម្ម​ច្បាប់​ទាំងនេះ ថា​មាន​សារសំខាន់ និង​បន្ទាន់។ អ្នកនាំពាក្យ និង​ជា​អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី៣ ខែ​មករា នៅ​ក្រោយ​ការ​អនុម័ត​ច្បាប់​ថា សេចក្ដី​ស្នើច្បាប់​ទាំងពីរ ត្រូវ​បាន​រដ្ឋសភា ចាត់ទុកជា​ច្បាប់​ប្រញាប់ និង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​រួចហើយ ក្រោយពេល​អនុម័ត​រួចរាល់។

ចំណែក​ឯ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង និង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែងប្រាប់​អ្នកសារព័ត៌មាន កាលពី​ថ្ងៃទី៣ ខែ​មករា ការពារ​ច្បាប់​នេះ​ដែរ ដោយ​លោក​អះអាង​ថា មាន​ហេតុផល​សំខាន់​ពីរ​យ៉ាង គឺ​ទីមួយ​ដោយសារ​ចំនួន​ពលរដ្ឋ នៅ​ខេត្ត​ខណ្ឌ​នីមួយៗ បាន​កើន​ឡើង និង​ទី​ពីរ​គឺ​ដើម្បី​អនុវត្ត​នយោបាយ​ផ្ទេរ​អំណាច​ទៅ​ថ្នាក់​មូលដ្ឋាន៖ «ផ្ទេរសិទ្ធិ​អំណាច ផ្ទេរ​ធនធាន ទាំង​ធនធាន​ថវិកា និង​ធនធានមនុស្ស ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ​នេះ ក្នុង​បំណង​ធ្វើ​ម៉េច​ឲ្យ​រដ្ឋបាល ដែល​នៅ​កៀក​កិត​ជាមួយ​ពលរដ្ឋ មាន​សិទ្ធិ​អនុវត្ត​កិច្ចការ​របស់​ខ្លួន ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា​២៩ ៣០ ៣១ ៣២ ចែងថា ក្រុមប្រឹក្សា មាន​តួនាទី ចាត់ចែង​កិច្ចការ ចាំបាច់​នានា ដើម្បី​សម្រេច​នូវ​គោលបំណង ក្នុង​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ​មាន​ចិរភាព ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ និង​ដើម្បី​បំពេញ​មុខងារ ភារកិច្ច ដែល​បាន​ប្រគល់ និង​បាន​ធ្វើ​ប្រតិភូកម្ម​តាមច្បាប់។ ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច ធ្វើ​សេចក្ដី​សម្រេច ខាង​បញ្ញត្តិ គឺ​ការ​ចេញ​ដីកា និង​សេចក្ដី​សម្រេច​ខាង​ប្រតិបត្តិ គឺ​ការ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា។ ក្រុមប្រឹក្សា ត្រូវ​បំពេញ​មុខងារ និង​ភារកិច្ច ដោយ​ធ្វើ​សេចក្ដី​សម្រេច នៅ​ក្នុង​អង្គប្រជុំ​ក្រុមប្រឹក្សា​របស់​ខ្លួន និង​ត្រូវ​ធានា​ថា សេចក្ដី​សម្រេច​នោះ ត្រូវ​បាន​អនុវត្ត។

ទោះ​ច្បាប់​ចែងថា​សមាជិក​ក្រុមប្រឹក្សា​មាន​សិទ្ធិ​អំណាច​បែបនេះ ក៏​លោក ថៃ ធីម ប្រាប់​ថា ពេល​ប្រតិបត្តិ​ជាក់ស្ដែង ក្រុមប្រឹក្សា​ខេត្ត គ្មាន​សិទ្ធិ​អំណាច​អ្វី​ទៅ​បញ្ជា​គណៈ​អភិបាលខេត្ត ដូច​ច្បាប់​កំណត់​ទេ គឺ​បាន​ត្រឹមតែ​អង្គុយ​ស្ដាប់ និង​ចាំ​លើកដៃ​គាំទ្រ៖ «អ៊ីចឹង ខ្ញុំ​យល់ថា វា​(​ការ​បង្កើន​សមាជិក​ក្រុមប្រឹក្សា​) អត់​ចំណេញ​អ្វី​ទាល់​តែ​សោះ។ ក្នុង​បរិបទ​នយោបាយ​សព្វថ្ងៃ ក្រុមប្រឹក្សា​ចំនួន​ដ៏​ច្រើន​លើសលប់​នេះ វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ពីព្រោះ​ក្រុមប្រឹក្សា​សព្វថ្ងៃ​នេះ គ្មាន​សិទ្ធិ​អ្វី សម្រេច​ទៅ​លើ​គណៈ​អភិបាល​ទេ គ្រាន់តែ​ទៅ​អង្គុយ​(​ពេល​ប្រជុំ​) ហើយ​ចាំតែ​លើកដៃ សម្រាប់​ការ​អនុម័ត​កម្មវិធី​គោល​នយោបាយ​របស់​គណៈ​អភិបាល​ទេ»

នៅ​ក្នុង​សេចក្ដី​ស្នើច្បាប់ ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខេត្ត ក្រុង ស្រុក ខណ្ឌ អាសនៈ​ក្រុមប្រឹក្សា​ដល់ ២៧​អាសនៈ។ ក្រុមប្រឹក្សា​ខេត្ត កើន ១២ អាសនៈ គឺ​ពី​១៥ ទៅ ២៧​អាសនៈ។ ចំណែក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​នីមួយៗ នឹង​កើន ១០ អាសនៈ គឺ​ពី ១១ ទៅ ២១ អាសនៈ។ កាលពី​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ ឆ្នាំ​២០១៤ មាន​ក្រុមប្រឹក្សា​ជាប់ឆ្នោត​សរុប​ជិត បី​ពាន់​នាក់ (,៩៣១) នៅ​ទូទាំង​ប្រទេស។ បើ​តាម​ច្បាប់​ថ្មី​នេះ អាសនៈ​ទាំងនេះ នឹង​កើន​ប្រហែល​ពាក់​កណ្តាល​បន្ថែម​ទៀត នៅ​ក្នុង​ការបោះឆ្នោត​អសាកល នៃ​ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​អាណត្តិ​ទី​បី ដែល​គ្រោង​នឹង​ធ្វើ​នៅ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ។

កន្លងមក​របប​លោក ហ៊ុន សែន ក៏​ធ្លាប់​រង​ការរិះគន់​ជាប្រចាំ ថា​ធ្វើ​ច្បាប់​ថ្មី ជាបន្ទាន់ និង​ប្រញាប់ ដើម្បី​ឆ្លើយតប​ទៅតាម​ការ​ចង់​បាន ក្នុង​ការ​បន្ត​ក្រាញ​អំណាច​របស់​បក្ស​នេះ ជាពិសេស​ដើម្បី​បែក​ចែក​អំណាច និង​តួនាទី​ទៅ​ដល់​តែ​មន្ត្រី និង​បក្សពួក​របស់​គណបក្ស​កាន់អំណាច។ មិន​ថា​មន្ត្រី​បក្ស​ប្រឆាំង ឬ​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ គឺ​សុទ្ធតែ​មើល​ឃើញ នូវ​ភាព​មន្ទិល​នៃ​វិសោធនកម្ម​ច្បាប់​ទាំងនេះ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា ចំនួន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្ន មាន​ភាព​សម​ល្មម​ហើយ មិន​ចាំបាច់​បន្ថែម​ទៀត​ទេ​។ សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​ទស្សនៈ​ថា របប​ក្រុងភ្នំពេញ ត្រូវ​បង្កើន​គុណភាព ផ្ទេរ​ភារកិច្ច ធនធាន ថវិកា ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​សកម្ម​ជាង​នេះ ត្រូវ​បង្កើត​យន្តការ​ការងារ​របស់​ក្រុមប្រឹក្សា ឬ​ការកំណត់​លក្ខណៈសម្បត្តិ របស់​ក្រុមប្រឹក្សា​ឲ្យ​ប្រសើរ​ជាង​នេះ និង​ត្រូវ​បញ្ចូល​សមាសភាព យុវជន យុវតី ជំនួស​ក្រុមប្រឹក្សា​ចាស់ជរា ជាដើម។ មិនតែប៉ុណ្ណោះ លោក សន ជ័យ យល់ថា រឿង​នេះ​ជា​បំណង​ផ្នែក​ប្រយោជន៍​នយោបាយ ជាង​ប្រយោជន៍ និង តម្រូវការ​ជាក់ស្ដែង​នៅ​មូលដ្ឋាន​។ ម្យ៉ាងទៀត ការ​បង្កើត​អាសនៈ​បន្ថែម​នេះ អាច​ជា​ការ​ជួយ​រកមុខ​តំណែង ឲ្យ​មន្ត្រី​គណបក្ស​កាន់អំណាច ដែល​ចូល​និវត្ត ដើម្បី​បាន​បន្ត​ការងារ​យូរ​តទៅទៀត៖ «មន្ត្រី​ដែល​ចូល​និវត្ត នៅ​ក្នុង​ជួរ​គណបក្ស​កាន់អំណាច ក៏​ទំនងជា​ត្រូវ​បាន​ការ​យកចិត្តទុកដាក់ ក្នុង​ការ​ផ្ដល់​ជា​តំណែង និង​តួនាទី ដែល​កើន​ក្នុង​វិសោធនកម្ម​ច្បាប់​នោះ។ ជា​ទិដ្ឋភាព ដែល​មើល​ឃើញ អំពី​ការ​យកចិត្តទុកដាក់ ឬ​ការរៀបចំ​ក្នុង​បរិបទ​នយោបាយ ច្រើនជាង​ការអនុវត្ត​ការងារ​រដ្ឋបាល​សាធារណៈ»

ចំពោះ​អ្នកវិភាគ​បញ្ហា​សង្គម​វិញ ប្រសិទ្ធភាព​ការងារ មិនមែន​អាស្រ័យ​លើ​បរិមាណ​ទេ តែ​ត្រូវ​យកចិត្តទុកដាក់​លើ​គុណភាព ដែល​ក្នុង​ន័យ​នេះ គឺ​គេ​មិន​ត្រូវ​បង្កើន​តួនាទី និង​មុខតំណែង​បន្ថែម​ឲ្យ​ច្រើន​ស្អេកស្កះ​បែបនេះ​នោះ​ទេ ប៉ុន្តែ ត្រូវ​ពិនិត្យមើល​អំពី​តុល្យភាព​អំណាច​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​របៀប​គ្រប់គ្រង​រដ្ឋបាល មាន​លក្ខណៈ​សុក្រឹត និង​ប្រសិទ្ធភាព។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ក្នុង​ប្រព័ន្ធ​ដឹកនាំ​បែប​ឯកបក្ស ដូច​សព្វថ្ងៃ បើ​ទោះ​បន្ថែម​បរិមាណ ឬ​មិន​បន្ថែម ក៏​គុណភាព​របស់​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នៅតែ​ដដែល គឺ​គ្មាន​លទ្ធភាព អាច​កោះហៅ​សួរនាំ តវ៉ា ឬ​ផ្ដល់​យោបល់ ឲ្យ​គណៈ​អភិបាល​បានទេ។ អ្នកវិភាគ​ផ្ដល់​យោបល់​ថា របប​ក្រុងភ្នំពេញ គួរ​ផ្ដល់​ជូន​តំណែង និង​សេរីភាព ឲ្យ​សមាជិក​ក្រុមប្រឹក្សា​កូតា​បក្ស​ប្រឆាំង​វិញ ទើប​អាច​មាន​លទ្ធភាព​ខ្លះ ក្នុង​ការ​ឃ្លាំមើល​ការប្រតិបត្តិ​របស់​គណៈអភិបាល ដែល​ជា​ក្រុម​ប្រតិបត្តិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។