"ជនរងគ្រោះ​អាច​ប្ដឹង​ទៅ​តុលាការ​ចំពោះ​អ្នក​ចុះ​ផ្សាយ​ឱ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ"

ដោយ រាជ វិញ្ញូ
2017.08.12
អ៊ុក គឹមសេង ២០១៦ ៨៥៥ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA

មន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​ថា ក្រសួង​មិន​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ កាសែត និង​ទស្សនាវដ្ដី​ខ្លះ ដែល​ផ្សាយ​ព័ត៌មាន​ពិស្ដារ​ដោយ​ផ្ដល់​ទាំង​អត្តសញ្ញាណ និង​រូបថត​ជាក់ស្ដែង​របស់​ជនរងគ្រោះ ដែល​នាំ​ឱ្យ​ជនរងគ្រោះ​ត្រូវ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ឡើយ។ ប៉ុន្តែ​ក្រុម​គ្រួសារ​ជនរងគ្រោះ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​បាន​​អំពី​ករណី​នេះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ថ្វី​ត្បិត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ពុំ​បាន​ចែង​ដើម្បី​ដាក់ទោស​ទណ្ឌ​ចំពោះ​ស្ថាប័ន​ព័ត៌មាន កាសែត និង​ទស្សនាវដ្ដី​ព័ត៌មាន​ខ្លះ​ដែល​បាន​ផ្សាយ​រំលោភ​លើ​ក្រមសីលធម៌ និង​នាំ​ឱ្យ​ជនរងគ្រោះ ត្រូវ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​ក្នុង​សង្គម​ក៏ដោយ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រមព្រហ្មទណ្ឌ ជនរងគ្រោះ​ខ្លួន​ឯង មាន​សិទ្ធិ​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ប្ដឹង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​នោះ​ទៅ​តុលាការ​បាន៖ «ផ្អែក​ទៅ​លើ​គោលការណ៍​មួយ ពេល​ខ្លះ​ជន​រង​គ្រោះ​ជា​អ្នក​ប្ដឹង ព្រោះ​ក្រសួង​ព័ត៌មាន គ្រាន់​តែ​ជា​ស្ថាប័ន​សាធារណៈ ផ្ដល់​សេវា​សម្របសម្រួល ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន​សោតទស្សន៍»

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ក្លឹប​អ្នក​កាសែត​កម្ពុជា (អ.ក.អ) អង្គការ​មូលនិធិ​អាស៊ី (The Asia Foundation) និង​ជំនួយ​អូស្ត្រាលី (Australian Aid) បាន​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ប្រកាស​រួម​នៃ​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា បន្ទាប់​ពី​ក្រម​ប្រតិបត្តិ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ដើម្បី​ហាម​កុំ​ឱ្យ​ផ្សាយ​ព័ត៌មាន​ហិង្សា​លើ​ស្ត្រី​ធ្វើ​ជា​រឿង​កំប្លែង កុំ​ផ្សាយ​ឱ្យ​ជនរងគ្រោះ​អស់​សង្ឃឹម និង​លាក់​អត្តសញ្ញាណ​ស្ត្រី​ជា​ជនរងគ្រោះ​ជាដើម។

​ប្រធាន​ក្រុម​ការងារ​រៀបចំ​ក្រម​ប្រតិបត្តិ​នេះ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដដែល ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ និង​បង្ហោះ​ព័ត៌មាន​ពិស្ដារ​នូវ​ចម្លើយ​សារភាព​ទាំង​អស់​របស់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជា​អ្នក​រត់​តាក់ស៊ី​នៅ​ខេត្ត​ស្វាយរៀង ដែល​បាន​រៀបរាប់​អំពី​សកម្មភាព​ចាប់​រំលោភ និង​សម្លាប់​នារី​រងគ្រោះ​ដែល​លោក​ហៅ​ថា ខុស​ក្រមសីលធម៌​ព្រោះ​នាំ​ឱ្យ​សាច់ញាតិ​របស់​ជនរងគ្រោះ​កាន់​តែ​ឈឺ​ចាប់​បន្ថែម​ទៀត ជាពិសេស បាន​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​របស់​សាធារណជន​ទូទៅ។

លោក​បន្ថែម​ថា នៅ​ពេល​ខាង​មុខ ក្រសួង​ព័ត៌មាន ព្រម​ទាំង​ក្លឹប​អ្នក​កាសែត នឹង​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​អញ្ជើញ​មន្ត្រី​នគរបាល​យុត្តិធម៌​ខាង​ព្រហ្មទណ្ឌ មក​ស្វែង​យល់​អំពី​ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី៖ «ដូច្នោះ ខ្ញុំ​គិត​ថា អ្នក​រាយការណ៍​ព័ត៌មាន ទាំង​អ្នក​និពន្ធ​នាយក ត្រូវ​ធ្វើ​ការ​ទាំង​ប្រុងប្រយ័ត្ន​បំផុត គឺ​យើង​មិន​ត្រូវ​លើក​យក​រឿង​ទាំង​ដុល​មក​រាយការណ៍​ទេ»

​ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៦ របស់​អង្គការ​មូលនិធិ​អាស៊ី និង​ជំនួយ​អូស្ត្រាលី បាន​បង្ហាញ​ថា ការ​ប្រកួតប្រជែង​ប៉ុស្តិ៍​ទូរទស្សន៍​ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ អាច​ជំរុញ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​កម្មវិធី​ដែល​ផ្ទុក​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន ហើយ​ការ​ផ្សាយ​ហិង្សា​លើ​ស្ត្រី​ខ្លះ បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ និង​ជន​មុខសញ្ញា​ស្ទើរ​តែ​គ្រប់​ពេល ហើយ​មាន​ទាំង​ការ​ស្ដីបន្ទោស​ជនរងគ្រោះ​ថែម​ទៀត។

ការ​រក​ឃើញ​ពី​ស្ថាប័ន​ទាំង​ពីរ​នេះ ឱ្យ​ដឹង​ទៀត​ថា ប្រភេទ​កម្មវិធី​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា​នានា ដែល​មាន​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ច្រើន មាន​ក្នុង​រឿង​ភាគ រឿង​កំប្លែង កម្មវិធី​ចម្រៀង និង​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​មាន​អ្នក​ទស្សនា​ទូរទស្សន៍​ប្រមាណ ១០%​ប៉ុណ្ណោះ បាន​មើល​ឃើញ​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា ថ្លែង​ថា ក្លឹប​អ្នក​កាសែត​មិន​ចង់​ឱ្យ​មាន​ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​ណា​មួយ​ដែល​ផ្សាយ​ព័ត៌មាន​ពិស្ដារ ដោយ​បង្ហាញ​ទាំង​អត្តសញ្ញាណ និង​រូបភាព​ជាក់ស្ដែង​របស់​ជន​រង​គ្រោះ រហូត​នាំ​ឱ្យ​ជនរងគ្រោះ​ក្លាយ​ជា​ជនរងគ្រោះ​ពីរ​ដង​នោះ​ទេ ប៉ុន្តែ​លោក​ថា សាមី​ខ្លួន​ជា​ជនរងគ្រោះ​គួរ​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​នោះ កែតម្រូវ​ចំពោះ​ការ​ផ្សាយ​ធ្វើ​ឱ្យ​ប៉ះពាល់​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិយស​របស់​ខ្លួន។

លោក ប៉ែន បូណា បន្ត​ថា ការ​ផ្សព្វផ្សាយ​ក្រម​ប្រតិបត្តិ​ជា​សាធារណៈ​នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឱ្យ​អ្នក​សារព័ត៌មាន ព្រម​ទាំង​មន្ត្រី​សមត្ថកិច្ច ចូលរួម​កាត់​បន្ថយ​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ណា​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ​ក្លាយ​ជា​ជនរងគ្រោះ​ពីរ​ដង៖ «សុំ​កុំ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​សារព័ត៌មាន​ណា​ដែល​សរសេរ​មិន​គោរព​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ហ្នឹង ដែល​ធ្វើ​ឱ្យ​មាន​ជនរងគ្រោះ​ពីរ​ដង​ហ្នឹង សូម​កុំ​អោយ​គាត់​ទៅ អាច​ចូលរួម​ចំណែក​បាន»។

​ចំណែក​អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ប៉ែន គន្ធា បញ្ជាក់​ថា ប្រសិនបើ​ការ​តាម​ដាន​ចំពោះ​ការ​អនុវត្ត​ក្រម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ពេល​នេះ ហើយ​នៅ​តែ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នៅ​ពេល​ខាង​មុខ​ក្រសួង នឹង​មាន​វិធានការ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។