អ្នក​រង​របួស​ដោយ​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​លោក​សូណង់ដូ​គ្រោង​ប្ដឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ

អ្នក​របួស​ចំនួន ១០​នាក់ រៀប​ចំ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ក្រុង​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កម្លាំង​វាយ​ដំ​ពួក​គេ។ ការ​រៀប​ចំ​បណ្ដឹង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​វាយ​ដំ​ទៅ​លើ​អ្នក​ដំណើរ និង​បាតុករ ខណៈ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ​ផង សុំ​ដោះ​លែង​ពលរដ្ឋ ២៣​នាក់​ផង និង​សុំ​បង្កើត​ទូរទស្សន៍​សំបុក​ឃ្មុំ និង​បង្កើន​កម្រិត​ផ្សាយ​បន្ត​របស់​វិទ្យុ​សំបុក​ឃ្មុំ​ផង។
ដោយ អ៊ុក សាវបូរី
2014.01.31
បាតុកម្ម សូណង់ដូ ៦១០ បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​ផ្សេង​មួយ​ចំនួន​ទៀត រង​របួស​ក្នុង​ពេល​កម្លាំង​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​បាតុករ​លោក ម៉ម សូណង់ដូ នៅ​ខាង​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​២៧ មករា ឆ្នាំ​២០១៤។
RFA/Van Vichar

ប្រជាពលរដ្ឋ​ដែល​រង​របួស​ដោយ​ការ​បង្ក្រាប​របស់​កង​កម្លាំង​អាជ្ញាធរ នៅ​ទី​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៤ កំពុង​រៀប​ចំ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុខា ហៅ ប៉ីប៉ីលី អាយុ ១៩​ឆ្នាំ ដែល​អ្នក​ខ្លះ​និយម​ហៅ​គាត់​ថា តារា​ហ្វេសប៊ុក (Facebook) ថ្លែង​ថា គាត់​បាន​រង​របួស ២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី​២៦ មករា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ថ្ងៃ​ទី​២៧ ខែ​មករា នៅ​តាម​ផ្លូវ​ព្រះមុនីវង្ស ខណៈ​កំពុង​ថត​រូប​បាតុកម្ម។ កញ្ញា​នឹង​ដាក់​ពាក្យ​ប្ដឹង​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ឲ្យ​ក្រុម​អាជ្ញាធរ​យល់​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ កុំ​ឲ្យ​វាយ​ដំ​មនុស្ស​មិន​រើស​មុខ ដូច​មាន​គំនុំ​នឹង​គ្នា​ត​ទៅ​ទៀត។

កញ្ញា​បន្ត​ថា សូម្បី​តែ​អ្នក​ឈរ​មើល និង​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​សកម្មភាព​បាតុកម្ម ក៏​ក្រុម​អាជ្ញាធរ​ប្រើ​ហិង្សា​ចាប់​គេ​វាយ​ដំ​មិន​ប្រណី ឬ​មិន​គិតគូរ៖ «ថ្ងៃ​២៦ ក្មួយ​ត្រូវ​មួយ​សា សមត្ថកិច្ច​គាត់​យក​ដំបង​យក​មក​បុក​ពោះ​ខ្ញុំ ចុក​ដក​ដង្ហើម​អត់​ចង់​រួច​ទេ។ ថ្ងៃ​ទី​២៧ គាត់​បាន​យក​ដំបង​ដដែល មក​វ៉ៃ​ចំ​ក្បាល​ខ្ញុំ​ពី​ក្រោយ និង​យក​ជើង​មក​ទាត់ ២-៣​ជើង ហើយ​គប់​គ្រាប់​បែក​ផ្សែង​មក​លើ»

លោក យឿន សុខនី អាយុ ៣៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប បាន​ថ្លែង​ថា គាត់​កំពុង​រៀប​ចំ​ឯកសារ​ប្ដឹង​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​ប្រើ​ហិង្សា​វាយ​គាត់​ឲ្យ​របួស​ក្បាល​ដេរ​ច្រើន​ថ្នេរ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។ លោក​ថា គាត់​ខាន​ទៅ​រត់​ឌុប ៥​ថ្ងៃ ដោយសារ​តែ​មុខ​របួស​មិន​ទាន់​ជា។ លោក​រៀប​រាប់​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​គាត់​របួស​ក្បាល​ដេរ​ច្រើន​ថ្នេរ​ថា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា នោះ លោក​បាន​ឌុប​ស្ត្រី​ម្នាក់​ចេញ​ពី​ស្ពាន​ជ្រោយចង្វា ទៅ​កាន់​ផ្សារ​ឌុយម៉ិច ដោយ​ឆ្លង​កាត់​តាម​ផ្លូវ​ព្រះមុនីវង្ស គឺ​ចំ​ពេល​ដែល​មាន​បាតុកម្ម ហើយ​ក៏​ត្រូវ​អាជ្ញាធរ​ដែល​មាន​ដំបង ព្រួត​វាយ​រហូត​បែក​ក្បាល៖ «គេ​ហៅ​ថា​សន្តិសុខ​ក្រុង ដែល​មិន​មាន​អត្តសញ្ញាណ​អ្វី​ទាល់​តែ​សោះ ព្រម​ទាំង​បុរស​ម្នាក់​ហ្នឹង គាត់​បញ្ជា​ឲ្យ​ខ្ញុំ​ចេញ។ ខ្ញុំ​គ្រាន់​តែ​ថយ​ម៉ូតូ​ចេញ គេ​ចាប់​ទាញ​ក​អាវ​ខ្ញុំ​ពី​ក្រោយ ខ្ញុំ​ដួល​ម៉ូតូ​ទៅ​លើ​ជើង ហើយ​ខ្ញុំ​រើ​មិន​កើត ហើយ​គេ​វ៉ៃ​ខ្ញុំ​ពី​ក្រោយ​ខ្នង ហើយ​គេ​ទាញ​មួក​ការពារ​សុវត្ថិភាព ទាញ​ចេញ​ពី​ក្បាល ហើយ​វ៉ៃ​ខ្ញុំ​ពី​ក្រោយ​ហ្នឹង ហើយ​នឹង​វ៉ៃ​ចុង​ក្រោយ​ហ្នឹង វ៉ៃ​ពី​មុខ បាន​បែក​ក្បាល​ហូរ​ឈាម។ ខ្ញុំ​នឹង​ដាក់​ពាក្យ​ប្ដឹង ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​រង់ចាំ​ឲ្យ​របួស​ខ្ញុំ​វា​ប្រសើរ​ឡើង​បន្តិច បាន​ខ្ញុំ​គិតគូរ​រឿង​ហ្នឹង»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា អ្នក​រង​របួស​ដែល​ចង់​ប្ដឹង​ពី​សកម្មភាព​អាជ្ញាធរ​រាជធានី​ភ្នំពេញ រារាំង​បាតុកម្ម ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​របួស​នោះ បើ​គាត់​ប្ដឹង​ទៅ​តុលាការ​ជា​ការ​ប្រសើរ ដើម្បី​ឲ្យ​តុលាការ​កាត់​ក្តី​តាម​ច្បាប់៖ «ព្រោះ​សម្រាប់​ខាង​ផ្នែក​រាជធានី​ភ្នំពេញ​យើង​នេះ យើង​បាន​អនុវត្ត​នូវ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា ក្នុង​ព្រឹត្តិការណ៍​អាជ្ញាធរ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​ព្រះមុនីវង្ស មាន​អ្នក​របួស ១០​នាក់ ក្នុង​នោះ ៦​នាក់​របួស​ធ្ងន់។ លោក​ថា សង្គម​ស៊ីវិល​នឹង​ជួយ​ផ្តល់​មេធាវី​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។ លោក​បន្ត​ថា ប្រទេស​ម្ចាស់​ជំនួយ​ជាច្រើន​បាន​ផ្តល់​ថវិកា​ច្រើន​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​អំណាច​ផ្តាច់​ការ​មក​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់៖ «ជន​រងគ្រោះ​គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ ដើម្បី​រក​យុត្តិធម៌ ហើយ​នេះ​ជា​ការ​មួយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាល​ដាល​នាំ​ការ​ប្រើប្រាស់​នៃ​អំពើ​ហិង្សា​នេះ​ត​ទៅ​ទៀត»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា សហជីព​កម្មករ​ចំនួន​៩ ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ និង​សុំ​ដោះ​លែង​ពលរដ្ឋ ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ខេត្ត​កំពង់ចាម។ នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ប្រជាពលរដ្ឋ​មក​ពី​ច្រើន​ខេត្ត បាន​ធ្វើ​បាតុកម្ម​អហិង្សា​សុំ​ឲ្យ​ក្រសួង​ព័ត៌មាន ផ្តល់​ហ្រ្វេកង់​ទូរទស្សន៍ និង​បង្កើន​កម្រិត​ផ្សាយ​បន្ត​ទៅ​តាម​ខេត្ត​នានា​របស់​វិទ្យុ​សំបុក​ឃ្មុំ ហើយ​ក្រុម​អាជ្ញាធរ​ក្រុង​ដែល​មាន​ទាំង​ឯក​សណ្ឋាន ទាំង​អ្នក​ស្លៀកពាក់​សន្តិសុខ និង​អ្នក​ស្លៀកពាក់​ស៊ីវិល ប្រើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​មិន​រើស​មុខ មិន​ថា​ក្រុម​បាតុករ អ្នក​សារព័ត៌មាន ឬ​អ្នក​ឈរ​មើល​ព្រឹត្តិការណ៍​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។