រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថា នឹង​ទទួល​សំណើ​សង្គម​ស៊ីវិល​ដែល​ស្នើ​កែ​ច្បាប់​អង្គការ​យក​ទៅ​ពិនិត្យ

ដោយ ជាតិ ចំណាន
2019-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ជម្នះ​ពី​ការ​រារាំង​របស់​កម្លាំង​អាជ្ញាធរ បាន​ធ្វើ​ដំណើរ​ដល់​មុខ​រដ្ឋ​សភា តវ៉ា​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៥។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​បើក​ចំហ​ទទួល​យក​មតិ​យោបល់ ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​ចង់​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម ឬ​កែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ខណៈ​មានការ​ការ​រិះគន់​ថា មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល​និង​ពលរដ្ឋ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​ជំហរ​បែបនេះ​របស់​ក្រសួងមហាផ្ទៃ និង​យល់ថា នេះ​ជា​សញ្ញា​វិជ្ជមាន​នៃ​ភាពជា​ដៃ​គូ​រវាង​របប​ក្រុងភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង មាន​ប្រសាសន៍​ថា បើ​ការ​កែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​រួម​របស់​ជាតិ មិន​ដើម្បី​បម្រើ​ប្រយោជន៍​បុគ្គល​ណាមួយ ឬ​ក្រុម​ណាមួយ លោក​ពេញ​ចិត្តនឹង​ទទួល​នូវ​សំណើ​ដែល​ទាមទារ​ឲ្យ​មាន​ការកែ​ច្បាប់​នេះ។ លោក​ស្នើ​ទៅ​អង្គការ​សង្គម​ស៊ីវិល អោយ​លើក​ពី​ចំណុច​អវិជ្ជមាន​នៃ​ច្បាប់​នេះ​រួចហើយ​ក្រសួង​មហាផ្ទៃ​នឹង​ទទួល​យក​ទៅ​ទៅ​ពិចារណា៖ «មាន​សំណើ​លុបចេញ​មាត្រ​ខ្លះ ឥឡូវ​លើក​ឲ្យ​​អស់​មក​សូម​អញ្ជើញ​មាន​មតិ​យើងខ្ញុំ​នឹង​ទទួល​យក​ដើម្បី​កែ​ល្អ»

ការ​អះអាង​របស់​លោក ស ខេង បែបនេះ ក្នុង​ជំនួប​រវាង​ក្រសួងមហាផ្ទៃ និង​អង្គការ​សមាគម​នានា​ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​របប​ក្រុង​ភ្នំពេញ និង​អង្គការ​សង្គម​ស៊ីវិល (លើក​ទី​២) នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៧ មករា។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ ឲ្យ​ដឹង​ថា ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បែបនេះ ក្រោយពេល​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល​រួមគ្នា​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ឲ្យ​ពិនិត្យ និង​កែ​លម្អ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ លោក​យល់​ថា បើ​មាន​ការ​កែ​ច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​លំបាក​ក្នុង​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ទៀត៖ «ធ្វើ​យ៉ាង​ណា​លើក​កម្ពស់​ភាពជា​ដៃគូ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួយ​ដល់​សហគមន៍​ហើយ​ការ​ជួយ​សម្រួល​បែបនេះ គឺជា​ការ​បើក​លំហ​សេរីភាព​ប្រសើរ​ជាង​មុន»

រីឯ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា តួ​អង្គ​សំខាន់​ពីរ​ក្នុង ការ​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​របប​ក្រុងភ្នំពេញ និង​សង្គម​ស៊ីវិល។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​មិន​ទទួល​បាន​អញ្ជើញ​ឲ្យ​ចូលរួម​រូប​នេះ យល់ថា ដើម្បី​ឲ្យ​តួ​អង្គ​ទាំងពីរ​ក្លាយ​ជា​ដៃគូ​ពិត​ប្រា​ដក​ត្រូវ​មាន​ការចូលរួម​ដោយ​បើកចំហ ឬ​មានការ​ចុះឈ្មោះ​តាម​អនឡាញ (Online) និង​មាន​ការ​ជួយ​ជជែក​គ្នា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ឲ្យ​បាន​ទៀងទាត់​ដែល​អាច​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​យល់​ពី​ការងារ​គ្នា​ទៅវិញទៅមក កាន់​តែ​ច្បាស់៖ «មានការ​ចាប់ផ្ដើម​ភាពជា​ដៃគូ​ហ្នឹង​ពី​ការ​ចាប់ផ្ដើម​តាំងពី​កិច្ចប្រជុំ​រហូតដល់​ទៅ​ការ​តាមដាន​លទ្ធផល ឬ​ការសម្រេច​របស់​រដ្ឋាភិបាល»

រីឯ​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា ដែល​បាន​ចូលរួម​ក្នុង​ជំនួប​នេះ ប្រាប់​ថា​អាស៊ីសេរី​ថា ជា​រឿង​ល្អ​ដែល​ក្រសួងមហាផ្ទៃ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ដាក់​សំណើ​ទៅ​ក្រសួង និង​រៀបរាប់​ពី​ការ​លំបាក​ក្នុង​ការ​បំពេញ​ការងារ​កន្លង​ទៅ។ លោក នី សុខា បន្ត​ថា លោក​បាន​ស្នើ​ពីរ​ចំណុច​ទៅ​ក្រសួងមហាផ្ទៃ គឺ​ស្នើ​ឲ្យ​មានការ​អនុវត្ត​ការ​អោយ​បាន​ត្រឹមត្រូវ​នូវ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​ដែល​មិន​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជូនដំណឹង​ក្នុង​ការ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន។ ចំណុច​មួយទៀត លោក​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​អោយ​លុប​បញ្ជី​ឈ្មោះ​សមាគម​អាដហុក និង​អង្គការ​មួយ​ចំនួន​ចេញពី​បញ្ជី​ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី៖ «ខ្ញុំ​កត់សម្គាល់​អង្គការ​ទាំង​៨​ហ្នឹង ដែល​មាន​នៅ​ក្នុង​សៀវភៅ​ស​ទាក់ទង​ពាក្យ​បដិវត្តន៍​ពណ៌​ធ្វើ​ឲ្យ​អង្គការ​ទាំងអស់​ដែល​មាន​ឈ្មោះ​ក្នុង​ហ្នឹង អាច​ពិបាកធ្វើ​ការងារ​នៅ​ក្នុង​មូលដ្ឋាន»

ទាក់ទង​ការ​កែសម្រួល​មាត្រា​មួយ​ចំនួន​ច្បាប់​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក​រូប​នេះ យល់ថា គួរ​មាន​កែប្រែ​ពាក្យពេចន៍​មួយ​ចំនួន និង​មាត្រា​ខ្លះ​ដូចជា​៖ មាត្រា​៨៩ និង​មាត្រា​២៤ ជាដើម។

ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន ៣៩​មាត្រា និង ៩​ជំពូក ត្រូវ​ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។

ច្បាប់​នេះ​រង​ការ​រិះគន់​ថា មាន​មាត្រា​មួយ​ចំនួន​រំលោភ​លើ​មាត្រា​ជាច្រើន​នៃ​រដ្ឋធម្មនុញ្ញ និង​ចោទ​ថា ច្បាប់​នេះ​ងាយស្រួល​ឲ្យ​របប​ក្រុងភ្នំពេញ​រំលោភ​អំណាច តាមរយៈ​ការប្រើប្រាស់​មាត្រា​មួយ​ចំនួន​ដើម្បី​គំរាមកំហែង ដាក់ទណ្ឌកម្ម ឬ​រំលាយ​អង្គការ​សង្គម​ស៊ីវិល​ចោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល