ក្រសួង​មហាផ្ទៃ​បន្ត​លុប​ឈ្មោះ​មន្ត្រី​នគរបាល ចេញ​ពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​ល្មើស​វិន័យ

ដោយ សុជីវី
2024.03.07
ក្រសួង​មហាផ្ទៃ​បន្ត​លុប​ឈ្មោះ​មន្ត្រី​នគរបាល ចេញ​ពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​ល្មើស​វិន័យ លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
រូប៖ ហ្វេសប៊ុក Sar Sokha

ក្រសួងមហាផ្ទៃ បាន​សម្រេច​បណ្ដេញ និង​លុប​ឈ្មោះ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ជិត ១០រូប បន្ថែម​ទៀត ចេញ​ពី​ក្របខ័ណ្ឌ ក្រោម​ហេតុផល​ល្មើស​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ។ អ្នក​ឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ក្រសួង​គួរ​ចុះ​ធ្វើ​អធិការកិច្ច​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន ដើម្បី​លុប​បំបាត់​អំពើ​ពុករលួយ និង​ភាព​អសកម្ម បន្ថែម​ទៅ​លើ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ដោយសារ​ការ​ល្មើស​វិន័យ។

បន្ទាប់​ពី​មន្ត្រី​នគរបាល​ជាតិ និង​កង​កម្លាំង ពេល​នេះ​ដល់​វេន​មន្ត្រី​ច្រក​ព្រំដែន ដែល​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាល​ពី​ថ្ងៃ​ទី១ ខែមីនា បាន​សម្រេច​លុប​ឈ្មោះ នគរបាល​អន្តោប្រវេសន៍ ចំនួន ៨រូប ដែល​មាន​ឋានន្តរសក្ដិ​ចាប់​ពី​អនុសេនីយ៍ឯក ដល់​វរសេនីយ៍ទោ ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ក្រោម​ហេតុផល​ល្មើស​វិន័យ។ មន្ត្រី​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​រដ្ឋ ខ្លះ​មាន​តួនាទី​ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ខ្លះ​ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​អាកាសយានដ្ឋាន​អន្តរជាតិ និង​ខ្លះ​ជា​មន្ត្រី​គ្រប់គ្រង​ពលករ​ខ្មែរ​ក្រៅ​ប្រទេស​ជា​ដើម។

អ្នកវិភាគ និង​ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចាន់រឿន យល់​ឃើញ​ថា ក្រសួង​មហាផ្ទៃ គួរ​ពង្រឹង​អភិបាលកិច្ច និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន ព្រោះ​កន្លង​មក ពលរដ្ឋ​តែងតែ​លើក​ឡើង​អំពី​ភាព​អសកម្ម និង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផ្សេងៗ ពី​សំណាក់​មន្ត្រី​ទាំង​នោះ។

លោក ប៉ា ចាន់រឿន៖ «ហើយ​បន្ថែម​ពី​នោះ​ទៀត ខ្ញុំ​មើល​ឃើញ​ថា ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​កន្លង​មក​រឿង​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​មន្ត្រី ដែល​ធ្វើការ​តាម​ច្រក​ព្រំដែន​នីមួយៗ នេះ គឺ​ជា​រឿង​ចាំបាច់ ដើម្បី​កុំ​ឱ្យ​មន្ត្រី​ទាំង​អស់​នោះ នៅ​កាន់​តំណែង​នៅ​ក្នុង​កន្លែង​តែ​មួយ ដុះស្លែ​ចាក់​ឫស ដែល​អាច​បង្កើត​ទៅ​ជា​បក្ខពួក​និយម និង​កើត​មាន​អំពើ​ពុករលួយ»

ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ឡើង​កាន់​តំណែង ជា​ឧបនាយក​រដ្ឋមន្ត្រី និង​អនុវត្ត «យុទ្ធនាការ​សំអាត​ផ្ទះ​ខ្ញុំ» ការ​ដក​ហូត​មុខ​តំណែង និង​បណ្ដេញ​មន្ត្រី​នគរបាល​ជាតិ ចេញ​ពី​ក្របខ័ណ្ឌ​ហាក់​មាន​ភាព​សកម្ម​ជាង​អាណត្តិ​ឪពុក​របស់​លោក គឺ​លោក ស ខេង។

តែ​ទោះ​យ៉ាង​ណា​ក្ដី មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​បណ្ដេញ​មន្ត្រី​ទាំង​នោះ​ចេញ​ពី​ក្របខ័ណ្ឌ នៅ​មិន​ទាន់​អាច​ធានា​ពី​តម្លាភាព និង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​ផ្សេង​ទៀត​នោះ​ឡើយ។ ជាក់ស្ដែង កាល​ពី​ពេល​ថ្មីៗ នេះ មាន​ការ​បែក​ធ្លាយ​ឯកសារ និង​សំឡេង​ប្រកែក​គ្នា​របស់​មន្ត្រី​ផ្នែក​ធ្វើ​លិខិត​ឆ្លងដែន ប្រចាំ​ខេត្តបាត់ដំបង នៅ​លើ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រឿង​ចែក​លុយ​គ្នា​មិន​ស្មើ បន្ទាប់​ពី​ពួក​គេ​ប្រមូល​បាន​ពី​ការ​ធ្វើ​លិខិត​ឆ្លងដែន ដោយ​យក​លើស​តម្លៃ​រដ្ឋ​កំណត់​ចំនួន ១៥ដុល្លារ ក្នុង​មួយ​ក្បាល។ នៅ​ក្នុង​តារាង​បែក​ធ្លាយ បាន​បង្ហាញ​ពី​តារាង​បែងចែក​លុយ​ចំនួន​ជិត ៥០លាន​រៀល ឬ​ប្រហែល​ជាង ១ម៉ឺន២ពាន់ដុល្លារ ឱ្យ​ទៅ​មន្រ្តី​ថ្នាក់​លើ ២នាក់ និង​មន្ត្រី​ថ្នាក់​ក្រោម ១៥នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​លុយ​ជាង ២លាន​រៀល ឬ ៦រយ​ដុល្លារ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន និង​អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហា​ផ្ទៃ លោក ទូច សុឃៈ ដើម្បី​សុំ​ការ​បកស្រាយ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី៧ ខែមីនា។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់​ឃើញ​ថា ការ​បណ្ដេញ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ដែល​ល្មើស​វិន័យ ចំនួន ៨នាក់ ចេញ​ពី​ក្របខ័ណ្ឌ នេះ ហាក់​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​ច្រក​ព្រំដែន ដែល​មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​បិទបាំង​ឡើយ។ លោក​យល់​ថា ក្រសួងមហាផ្ទៃ គួរ​ចុះ​ធ្វើ​អធិការកិច្ច និង​ជម្រុះ​មន្រ្តី​ពុករលួយ​នៅ​តាម​ច្រក​ព្រំដែន ជា​ជា​ការ​ផ្ដោត​ទៅ​លើ​វិន័យ​តែ​ម្យ៉ាង។

លោក ឌិន ពុទ្ធី៖ «ធ្វើ​ការងារ​ប៉ុណ្ណឹង​មិន​បាន បែរ​ជា​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​អស់​លុយ ពលករ​ស្រែក​យ៉ាង​ម៉េច ក៏​មិន​អើពើ គឺ​មិន​ត្រូវ​ទេ។ បើ​យើង​គិតគូរ​ពី​សុខទុក្ខ​របស់​រាស្ត្រ យើង​គួរតែ​គិតគូរ​ពី​បញ្ហា​ហ្នឹង កុំ​ឱ្យ​មន្ត្រី​ទាំង​អស់​ហ្នឹង ប្រព្រឹត្តិ​អំពើ​ពុករលួយ ហើយ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ស្រួល ដេក​ស្រួល រកលុយ​បាន​ធ្វើ​សេដ្ឋី​តែ​ម្នាក់​ឯង​ទៅ ពលរដ្ឋ​ហ្នឹង ទឹក​ភ្នែក​រហេមរហាម លក់​ស្រែ​ចម្ការ​មក មន្ត្រី​អន្តោប្រវេសន៍​ហ្នឹង ជំរិត​យក​លុយ​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​អស់»

ចាប់​តាំង​ពី​ដើម​ខែមករា​មក មាន​មន្ត្រី​នគរបាល មន្ត្រី​ថ្នាក់​ខេត្ត និង​នាយ​ទាហាន​ជា​ច្រើន​នាក់ ដែល​មាន​តំណែង ចាប់​ពី​ថ្នាក់​វរសេនីយ៍ រហូត​ដល់​ឧត្ដមសេនីយ៍ទោផ្កាយ២ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ និង​ទម្លាក់​ពី​តួនាទី។ មន្ត្រី​ដែល​ត្រូវ​បណ្ដេញ​ចេញ​ទាំង​នេះ ភាគ​ច្រើន​មក​ពី​ក្រសួង​មហាផ្ទៃ ដោយ​ពួក​គេ​ទាំង​នោះ ត្រូវ​គេ​រក​ឃើញ​ថា ល្មើស​វិន័យ​ការងារ ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន និង​ប្រព្រឹត្ត​អំពើ​ពុករលួយ រហូត​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ ក្រោយ​ពេល​បញ្ចប់​តួនាទី។

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ សហការ​គ្នា​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ស៊ើប​អង្កេត និង​ជម្រុះ​ចោល​មន្ត្រី​អន្តោប្រវេសន៍​ណា ដែល​ប្រព្រឹត្ត​ខុស ដើម្បី​លើក​ស្ទួយ​ប្រសិទ្ធភាព​ការងារ និង​ពង្រឹង​វិន័យ​ក្នុង​អង្គភាព ឬ​ស្ថាប័ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។