ក្រុមអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា បានចេញលិខិតចំហរួមគ្នាមួយទាមទារឲ្យតុលាការគ្រប់ជាន់ថ្នាក់ និងលោក ហ៊ុន សែន ជួយអន្តរាគមន៍ទម្លាក់ចោលបទចោទពីអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប។
លិខិតចំហនេះធ្វើឡើងមួយថ្ងៃមុនជំនួបរវាងលោក ហ៊ុន សែន និងអ្នកសារព័ត៌មានក្នុងស្រុក។ អតីតបុគ្គលិកអាស៊ីសេរីអះអាងថា ប្រសិនបើតុលាការពិត ជាឯករាជ្យ និងយុត្តិធម៌ គួរតែទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ដើម្បីមានសេរីភាពពេញ លេញក្នុងការរស់នៅ និងប្រកបការងារចិញ្ចឹមគ្រួសារ ខណៈសព្វថ្ងៃនេះ គ្រួសារពួកលោក កំពុងជួបវិបត្តិផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ចគ្រួសារ។
ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ គ្នានៅក្នុងប្រទេសកម្ពុជា បានផ្ដិតមេដៃ និងចេញលិខិតរួម គ្នាមួយអំពាវនាវជាថ្មីដល់តុលាការគ្រប់លំដាប់ថ្នាក់ បញ្ចប់ការដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ព្រមទាំងទម្លាក់ចោលទាំងស្រុងនូវការចោទប្រកាន់លើពួកគេ។
លិខិតចំហចុះកាលបរិច្ឆេទថ្ងៃទី១០ ខែមករា ដែលគេហទំព័រឈ្មោះ ដោះលែងអ្នកកាសែត បានចុះ ផ្សាយឱ្យដឹងថា ក្រុមអ្នកសារព័ត៌មាន មានការព្រួយបារម្ភយ៉ាងខ្លាំងថា ការចោទប្រកាន់អ្នកទាំងពីរ ទាក់ទងនឹងការផ្ដល់ព័ត៌មាន ដែលនាំអន្តរាយដល់ការការពារជាតិ ជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរ។ ពួកគេចាត់ទុកការចោទប្រកាន់នេះថា កំពុងតែបង្កភាពភាពភ័យខ្លាចដល់អ្នកសារព័ត៌មានដទៃទៀត ដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ។
លើសពីនេះ ក្រុមអ្នកសារព័ត៌មាន ក៏បានលើកឡើងថា ពេលនេះ អ្នកទាំងពីរ ត្រូវបានតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលមានន័យថា ពួកគាត់នៅតែរងការរឹតត្បិតសិទ្ធិសេរីភាពជាច្រើន ធ្វើឲ្យពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារជាអ្នកកាសែតបន្ត ទៀតនោះទេ។ ទន្ទឹមគ្នានេះ ពួកគេមិនអនុញ្ញាតឲ្យផ្លាស់លំនៅឋានដោយគ្មានការអនុញ្ញាត ពីចៅក្រមស៊ើបសួរ មិនត្រូវចេញទៅក្រៅប្រទេស ត្រូវបង្ហាញខ្លួននៅសប្ដាហ៍ទី១ ជារៀងរាល់ខែ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យជាដើម។ ក្នុងករណីអ្នកទាំងពីរ មិនបានអនុវត្តតាមការបង្គាប់នេះ ពួកគាត់អាចនឹងត្រូវចាប់ខ្លួនឡើងវិញ។
អ្នកកាសែតខ្មែរថាមស៍ (Khmer Times) លោក ម៉ៃ ទិត្យថារ៉ា លើកឡើងថា ក្រៅពីស្នើសុំទៅតុលាការនោះ អ្នកសារព័ត៌មាន ក៏ស្នើដល់លោក ហ៊ុន សែន ឲ្យជួយអន្តរាគមន៍ទម្លាក់ការចោទប្រកាន់ពីអតីតអ្នករាយការណ៍អាស៊ីសេរីដែរ ព្រោះមួយរយៈចុងក្រោយនេះ របបក្រុងភ្នំពេញ បានប្រកាសបើកចំហសេរីភាពសារព័ត៌មានឡើងវិញ។ លោកបន្តថា អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាំងពីររូប ជាមនុស្សស្លូតត្រង់ និងកន្លងមកបាន អនុវត្តត្រឹមត្រូវខ្ជាប់ខ្ជួនតាមច្បាប់ស្ដីពីរបបសារព័ត៌មានកម្ពុជា ដោយមិនបានរាយការណ៍ព័ត៌មានណាមួយ ដែលនាំឱ្យអន្តរាយដល់ជាតិ ឬអន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃឡើយ៖ « នៅថ្ងៃទី១១ ស្អែកនេះ សម្ដេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញអ្នកសារព័ត៌មានទាំងអស់ពិសាអាហារជុំគ្នា អ៊ីចឹង នេះគឺបញ្ជាក់ឲ្យឃើញថា សម្ដេចនាយករដ្ឋមន្ត្រី គឺលោកតែងតែយកចិត្តទុកដាក់ដល់អ្នកសារព័ត៌មាន ដូច្នេះខ្ញុំសង្ឃឹមថា សម្ដេចអាចនឹងពិចារណាក្នុងករណីនេះ ហើយជួយអន្តរាគមន៍ទៅតុលាការ ឲ្យចាត់ការលើរឿងក្តីនេះឡើងវិញ » ។
ការស្នើសុំទម្លាក់ចោលការចោទប្រកាន់នេះ គឺធ្វើឡើងមួយថ្ងៃមុនជំនួបពិសាអាហាររវាង លោក ហ៊ុន សែន និងអ្នកកាសែតក្នុងស្រុកនៅថ្ងៃទី១១ ខែមករា នៅកោះពេជ្រ។ ក្រុមអ្នកសារព័ត៌មាន លើកឡើងថា ពួកគេ នឹងស្នើសុំដោយផ្ទាល់ម្ដងទៀត ទៅលោក ហ៊ុន សែន ប្រសិនបើ មានឱកាស និងមានការអនុញ្ញាត។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការចោទប្រកាន់ពីបទលួចផលិតព័ត៌មាន បញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីឃុំខ្លួនជាង៩ខែនៅ ពន្ធនាគារព្រៃស ប៉ុន្តែបទចោទប្រឆាំងពួកគាត់ទាំងប៉ុន្មាន គឺនៅដដែល។ ទោះយ៉ាងណាក្តី ក្នុងរយៈពេលឃុំខ្លួន និងការចោទប្រកាន់យ៉ាងយូរនេះ តុលាការគ្មានបង្ហាញភស្តុ តាង ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរនោះទេ។
អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក យាង សុធារិន រៀបរាប់ថា លោក រីករាយដែលអ្នក សារព័ត៌មានដូចគ្នា តែងតែជួយជ្រោមជ្រែង និងប្រឹងប្រែងធ្វើយ៉ាងណាឲ្យលោក និងលោក អ៊ួន ឈិន បានរួចផុតពីការចោទប្រកាន់របស់តុលាការ។ ការទាមទាររបស់អ្នកកាសែតនេះ បង្ហាញថា ពួកគេ បានយល់ពីទុក្ខលំបាករបស់ក្រុមគ្រួសារលោកទាំងពីរ និងបានស្គាល់រូបលោកទាំងពីរច្បាស់ថា ជា មនុស្សស្លូតត្រង់ និងជាអ្នកកាសែតដែលបានបំពេញការងារប្រកបដោយ វិជ្ជាជីវៈស្មោះត្រង់ត្រឹម ត្រូវនាពេលកន្លងមក៖ « យើងសង្ឃឹមថា តុលាការបើរកមិនឃើញកំហុសយើងទេ កុំបន្តទុកយើងរបៀបនឹងទៀត គួរតែទុកចោលកុំចាត់ការ ឬទម្លាក់បទចោទ។ ខ្ញុំមិនដឹងថា តុលាការនេះ រងសម្ពាធអីយ៉ាងណាពីអ្នកនយោបាយទេ ប៉ុន្តែប្រសិនបើឈរលើគោលការណ៍យុត្តិធម៌ គឺច្បាស់ណាស់ថា ខ្ញុំទាំងពីរនាក់ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយយើងនឹងមាន សេរីភាពពេញលេញ »។
មិនខុសគ្នាប៉ុន្មានឡើយ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីម្នាក់ទៀត គឺលោក អ៊ួន ឈិន រៀប រាប់ទាំងឈឺចាប់ និងទាំងក្ដុកក្ដួលថា លោក និងលោក យាង សុធារិន គ្រាន់តែជាជនរងគ្រោះ ដែលបាត់បង់ការងារធ្វើ ហើយថែមទាំងត្រូវជាប់គុកព្រាត់ប្រពន្ធព្រាត់កូន និងរងការចោទប្រកាន់យ៉ាង ធ្ងន់ធ្ងរបំផុត ដែលសព្វថ្ងៃនេះ ធ្វើឲ្យលោកមិនអាចបំពេញការងារដែលលោកស្រលាញ់ក្នុងជីវិតបាន។ លោកស្នើសុំកុំឲ្យបន្តធ្វើបាបលោកទៀត សូមទម្លាក់ចោលបទប្រកាន់ពីលោកទាំងពីរ ទៅ៖ « ការដាក់ឲ្យយើងនៅក្រៅឃុំបណ្ដោះអាសន្នហើយនៅក្រោមការឃ្លាំមើលរបស់តុលាការនេះ គឺយើងធ្វើអ្វីមិនកើតទេ។ ជាកូនកសិករខ្ញុំ អាចធ្វើអ្វីក៏បានដែរ ប៉ុន្តែមិនដូចអ្វីដែលយើងចង់ស្រលាញ់។ក្នុងជីវិតខ្ញុំក្រៅពីការងារជាអ្នកសារព័ត៌មាន គឺខ្ញុំស្រលាញ់វិស័យសិល្បៈដែរ។ពេលទៅណាមកណាតាមផ្លូវ ខ្ញុំតែងតែច្រៀង ទោះមិនច្រៀងឲ្យឮចេញក្រៅ ក៏ច្រៀងក្នុងចិត្តដែរ។ ខ្ញុំបានសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំច្រៀងបានពីរោះ និងអាចប្រកបការងារចិញ្ចឹមប្រពន្ធកូន ហើយបានសម្ភារៈមកវិញ ព្រោះសព្វថ្ងៃនេះ សម្ភារៈ និងក្រដាសស្នាមមួយចំនួន សុទ្ធតែជាប់ក្នុងសំណុំរឿងទាំងអស់។ អ៊ីចឹងពិបាកណាស់ » ។
កាលពីថ្ងៃទី៣ ខែធ្នូ របបក្រុងភ្នំពេញ បង្ហាញជំហរទន់ភ្លន់ ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ផ្នែកសេរីភាពសារព័ត៌មាននៅកម្ពុជា ស្របពេលដែលរបបនេះ កំពុងរងការគាបសង្កត់ផ្នែកសេដ្ឋកិច្ច និងនយោបាយពីសហគមន៍អន្តរជាតិ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងព័ត៌មាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺលោក ជិន ម៉ាលីន និងលោក គឹម សនិ្តភាព បានទេ ដោយទូរស័ព្ទចូលជាច្រើនលើក តែមិនពុំមាន អ្នកទទួលនៅថ្ងៃទី១០ ខែមករា។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ករណីនេះ គឺជា សមត្ថកិច្ចរបស់តុលាការ ដូច្នេះរបបដឹកនាំសព្វថ្ងៃ គ្មានដែនសមត្ថកិច្ចឬកាតព្វកិច្ចឆ្លើយតបបានទេ។ លោក ផៃ ស៊ីផាន់ ក៏មិនឆ្លើយតបថា លោក ហ៊ុន សែន នឹងជួយជំរុញឲ្យតុលាការពន្លឿនសំណុំ រឿងឲ្យឆាប់ចប់នោះដែរ៖ «ទោះយ៉ាងណាក៏ដោយ អន្តរាគមន៍របស់នាយករដ្ឋមន្ត្រី គឺនៅបន្ទាប់ពីសាលក្រមស្ថាពរ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ក៏លោកមានដែនសមត្ថកិច្ច ជម្រាបជូនឲ្យពន្លឿននៅក្នុងការស៊ើបអង្កេត និងការវិនិច្ឆ័យក្តី។
មេធាវីការពារក្ដីឲ្យអតីតបុគ្គលិកអាស៊ីសេរីពីររូប កាលពីថ្ងៃទី៩ មករា បានដាក់ពាក្យស្នើសុំតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់លើកូនក្តីរួចហើយ។ លោកមេធាវី កែវ វន្នី ប្រាប់អាស៊ីសេរី ឲ្យដឹង កាលពីថ្ងៃទី៩ មករាថា លោកបានដាក់សំណើពីរ សុំលើកលែងការចោទប្រកាន់ទាំងពីរករណី។
សំណើទាំងនេះ ត្រូវបានលោក កែវ វន្នី បញ្ជាក់ថា លោកដាក់ស្នើសុំទៅតុលាការ ដោយសារការស៊ើបអង្កេតរយៈពេលជាងមួយឆ្នាំកន្លងមក តុលាការរកមិនឃើញភស្តុតាងណាមួយ ដាក់បន្ទុកមកលើកូនក្តីរបស់លោកទាំងពីររូប គឺលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
លោក កែវ វន្នី សង្ឃឹមថា ដោយសារតែគ្មានភស្តុតាង តុលាការនឹងចេញដីកាដំណោះស្រាយ បិទបញ្ចប់រឿងក្តីទាំងពីរ ដើម្បីអនុញ្ញាតឲ្យលោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ មានសេរីភាពពេញលេញ អាចប្រកបការងារចិញ្ចឹមជីវិត ដូចប្រក្រតីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។