អ្នកសារព័ត៌មាន​នៅ​ខេត្តសៀមរាប​ម្នាក់​ស្លាប់ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់

ដោយ ច័ន្ទ ដារ៉ូ
2024.12.07
អ្នកសារព័ត៌មាន​នៅ​ខេត្តសៀមរាប​ម្នាក់​ស្លាប់ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់ ​លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ នៅ​ខេត្តសៀមរាប ​បាត់បង់​ជីវិត នៅ​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយសារ​ការ​លប​បាញ់​ប្រហារ​ឱ្យ​របួស​ធ្ងន់ បន្ទាប់​ពី​លោក​ទៅ​ស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស នៅ​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ធ្នូ។
រូប៖ ហ្វេសប៊ុកគេហទំព័រ កម្ពុជាអភិវឌ្ឍ

អ្នក​សារព័ត៌មាន​នៅ​ខេត្តសៀមរាប គឺ​លោក ឈឿង ឈឹង ដែល​ត្រូវ​ជន​ដៃដល់​ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​ កាល​ពី​ថ្ងៃ​ទី៤ ធ្នូ​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​ នៅ​ថ្ងៃ​ទី៧ ខែធ្នូ។ មន្ត្រី​សង្គម​ស៊ីវិល​សោកស្ដាយ និង​ស្នើ​អាជ្ញាធរ​ឱ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ជន​ប្រព្រឹត្ត ព្រមទាំង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធានា​ថា សិទ្ធិ សេរីភាព និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​អាច​រាយការណ៍​បទ​ល្មើស​នានា ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​ធ្វើបាប​ក្រោម​រូបភាព​ណា​មួយ។

អ្នកសារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ នៅ​ខេត្តសៀមរាប​ម្នាក់ គឺ​លោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប ក្រោយ​រង​ការ​បាញ់​ប្រហារ ពេល​លោក​ទៅ​​ស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​មួយ​កន្លែង។

ប្រពន្ធ​ជន​រងគ្រោះ លោកស្រី ជៀវ ចាប ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្តី​របស់​បាន​ស្លាប់​នៅ​ម៉ោង ២ទៀប​ភ្លឺ នៅ​ថ្ងៃ​ទី៧ ខែធ្នូ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​គ្រាប់​កាំភ្លើង ដែល​ជន​ដៃ​ដល់​បាញ់​នោះ ត្រូវ​ចំ​រំពែង​ធ្លាយ​ដល់​ក្រពះ ពោះវៀន​បណ្ដាល​ឱ្យ​ហូរ​ឈាម​ឥត​ឈប់ បើ​ទោះ​បី​ជា​គ្រូពេទ្យ​បាន​វះកាត់​យក​គ្រាប់​កាំភ្លើង​ចេញ និង​ជួយ​សង្គ្រោះ​យ៉ាង​ណា​ក្តី។ លោកស្រី​និយាយ​ទាំង​អួលដើមក ដោយ​​ស្រណោះ​ប្ដី​ថា កាល​លោក ឈឿង ឈឹង នៅ​មាន​ជីវិត ​គាត់ គឺ​ជា​មនុស្ស​ល្អ​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​អ្នកភូមិ តែ​ចុង​ក្រោយ​ជន​ដៃដល់​មាន​ចិត្ត​ឃោរឃៅ​លួច​បាញ់​គាត់​បណ្ដាល​ឱ្យ​ស្លាប់​ចោល​គ្រួសារ​ទៅ​វិញ។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​មាន​សមត្ថកិច្ច​ដាក់​ទោស​ទណ្ឌ​ឱ្យ​ធ្ងន់ ចំពោះ​ជន​ប្រព្រឹត្ត​ល្មើស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្ដី​លោកស្រី។

លោកស្រី ជៀវ ចាប៖ «រឿង​បាញ់​ប្ដី​ខ្ញុំ​ឱ្យ​ស្លាប់​នេះ ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ទទួល​យក​បាន​ទៅ ខ្ញុំ​ឃើញ​គាត់​ដើរ​រាល់​ថ្ងៃ ដល់​ពេល​ខ្ញុំ​អត់​ឃើញ​គាត់​អ៊ីចឹង វា​ពិបាក​ណាស់។ វា​អយុត្តិធម៌​មែន តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​បាន ខ្ញុំ​តាម​តែ​សមត្ថកិច្ច​ធ្វើ​ទៅ»

ទន្ទឹម​នឹង​នេះ លោកស្រី ជៀវ ចាប ឱ្យ​ដឹង​ថា ពិធីបុណ្យ​សព​ប្ដី​លោកស្រី​ប្រព្រឹត្ត​ទៅ​នៅ​ភូមិអញ្ចាញ ឃុំនគរធំ ក្រុងសៀមរាប ដោយ​រៀបចំ​បូជា​តាម​បែប​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែធ្នូ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ធ្នូ ជន​ដៃដល់​បាន​ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​អ្នក​សារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ គឺ​លោក ឈឿង ឈឹង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ធ្លាយ​ពោះ​ខាង​ឆ្វេង ក្នុង​ពេល​លោក​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ដើម្បី​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​អភិរក្ស ស្ថិត​ក្នុង​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។

ក្រោយ​ហេតុការណ៍​បាញ់​អ្នក​សារព័ត៌មាន​រូប​នោះ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី៥ ខែធ្នូ បាន​ចុះ​ទៅ​ឃាត់​ខ្លួន​បុរស​ម្នាក់ ឈ្មោះ ស៊ី លឿយ ដើម្បី​សាកសួរ​តាម​នីតិវិធី។

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ស៊ី លឿយ ពីបទ «ប៉ុនប៉ង​ឃាតកម្ម» ដោយ​បញ្ជូន​ជន​នោះ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​នេះ​រួចហើយ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា។ លោក យិន ស្រាង បញ្ជាក់​ថា សំណុំរឿង​នេះ ពុំ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទេ។

លោក យិន ស្រាង៖ «តុលាការ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​រួច​ហើយ ពាក់ព័ន្ធ​បទ ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា២៧ និង​មាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ»

ជុំវិញ​រឿង​នេះ ក្រុម​ប្រឹក្សា​ខេត្តសៀមរាប មក​ពី​គណបក្ស​កម្លាំង​ជាតិ លោក សោម សូរិយា ថ្លែង​ថា ជា​រឿង​សោកស្ដាយ ចំពោះ​ការ​បាត់​ជីវិត​អ្នក​សារព័ត៌មាន​រូប​នេះ តែ​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ ដោយ​មិន​ត្រូវ​លើកលែង​ណា​មួយ​ឡើយ។ លោក​បញ្ជាក់​ថា សង្គម​ប្រជាធិបតេយ្យ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ទាំង​អស់​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ជូន​មជ្ឈដ្ឋាន​ទូទៅ ដូច្នេះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ហ្មត់ចត់​ជាង​មុន ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន ជាពិសេស នៅ​តំបន់​សំបូរ​បទ​ល្មើស​ព្រៃឈើ។

ចំណែក​អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សោកស្តាយ ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ឈឿង ឈឹង នៅ​ពេល​ចុះ​រាយការណ៍​អំពី​បទ​ល្មើស​ព្រៃឈើ និង​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់។ លោក​ស្នើ​ដល់​តុលាការ​ខេត្តសៀមរាប​ឱ្យ​​ផ្ដន្ទាទោស​ អ្នក​ដែល​បាញ់​​សម្លាប់ជន​រងគ្រោះ​ នៅ​ក្នុង​កម្រិត​ទោស​ធ្ងន់ ព្រមទាំង​​ស៊ើបអង្កេត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​អំពើ​មនុស្ស​ឃាត​នេះ​ផង​ដែរ។ លោក អ៊ិន គង់ជិត ចាត់​ទុក​ករណី​ស្លាប់​របស់​អ្នកកាសែត​រូប​នេះថា ជា​សារ​មួយ​គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ចំ​ពេល​លោក​មើល​ឃើញ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន នៅ​ខេត្តសៀមរាប បាន​ប្រឈម​​នឹង​បញ្ហា​សុវត្ថិភាព​បំពេញ​ការងារ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។

លោក អ៊ិន គង់ជិត៖ «ករណី​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​នេះ វា​ជា​អំពើ​គំរាមកំហែង​ដោយ​ចេញ​មុខ ទៅ​លើ​អ្នក​សារព័ត៌មាន ហើយ​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ទាំង​អស់ ប្រឈម​នឹង​ហានិភ័យ ពេល​ចុះ​ធ្វើការ​យក​ព័ត៌មាន​ជាក់ស្ដែង ទាន់​ហេតុការណ៍​ផ្សេងៗ យើង​ស្នើសុំ​ដល់​សមត្ថកិច្ច​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​អស់»

ចំណែក​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី ចូល​រំលែក​ទុក​ជាមួយ​គ្រួសារ​សព ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ឈឿង ឈឹង ដោយសារ​គាត់​ចុះ​រាយការណ៍​ព័ត៌មាន​អំពី​បញ្ហា​បទល្មើស​ព្រៃឈើ។ លោក​សង្កេត​ឃើញ​ថា អ្នកសារព័ត៌មាន​នៅ​កម្ពុជា ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​ធ្វើ​ឱ្យ​ជន​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​មិន​សប្បាយ​ចិត្ត ចង​គំនុំ​ជា​បន្តបន្ទាប់ ខណៈ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នក​សារព័ត៌មាន​ហាក់​អូស​បន្លាយ​ពេល​យូរ។

លោក ណុប វី៖ «យើង​ឃើញ​ថា អ្នក​សារព័ត៌មាន ដែល​បាន​បាត់បង់​ជីវិត​នា​ពេល​កន្លង​មក​នេះ គាត់​ថា ករណី​ស៊ើបអង្កេត ហាក់​បី​ដូចជា​នៅ​បន្ត​អូស​បន្លាយ​យូរ ដោយសារ​អ៊ីចឹង​ហើយ ធ្វើ​ឱ្យ​ជនល្មើស​ចេះតែ​បំពាន​ច្បាប់ មិន​ញញើត មិន​កោតក្រែង​នឹង​ការ​អនុវត្ត​ច្បាប់»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សាកសួរ​ជុំវិញ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ ខែធ្នូ។

របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខេមបូចា ឃ្លាំមើល​ប្រចាំ​ត្រីមាស​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ២០២៤ ឱ្យ​ដឹង​ថា ការ​យាយី​លើ​អ្នក​សារព័ត៌មាន មាន​ចំនួន ៧ករណី ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន ១១នាក់។ រីឯ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ មាន ៦ករណី ដោយ​មាន​អ្នក​សារព័ត៌មាន ១០នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ ឃុំខ្លួន និង​ផ្ដន្ទាទោស ដែល​ធ្វើ​ឡើង​ដោយ​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន។

ចំណែក​ឯ​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​​ពិន្ទុ​ប្រទេស​កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី១៥១ ក្នុង​ចំណោម ១៨០ប្រទេស ដែល​ជា​ចំណាត់​ថ្នាក់​អន់​លើ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​ពិភពលោក ក្នុង​ឆ្នាំ២០២៤ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ប៉ូលិស​ថៃ​ស៊ើបអង្កេត​ឃើញ​ថា ករណី​ធ្វើឃាត​លើ​លោក លិម គិមយ៉ា មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ដោយ​មាន​មេខ្លោង​នៅ​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។