តុលាការនៅអាមេរិក បង្គាប់ឲ្យរដ្ឋសងប្រាក់​គ្រួសារជន​រងគ្រោះ ៩ លានដុល្លារ

ដោយ មួង ណារ៉េត
2019-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ព្រាម​ ស៊ីនួន វ័យ ៣៧ ឆ្នាំ
លោកស្រី ព្រាម​ ស៊ីនួន វ័យ ៣៧ ឆ្នាំ
រូបថត screenshot ពីគេហទំព័រ​របស់​សារព័ត៌មាន Long Beach Post

តុលាការ​នៅ​ក្រុង ឡូស​ អែនជឺឡេស (Los Angeles) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក​បង្គាប់​ឱ្យ​រដ្ឋ​សង​គ្រួសារ​ខ្មែរ ៩លាន​ដុល្លារ ករណី​ប៉ូលិស​ក្រុង ឡុង ប៊ិច ពីរ​រូប​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​មួយ​រូប កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។ មេធាវី​របស់​គ្រួសារ​ជន​រងគ្រោះ​ប្រាប់​សារព័ត៌មាន ឡុងប៊ិច ប៉ុស្តិ៍ (Long Beach Post) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ដែល​មាន​សមាជិក​ប្រាំបី​រូប សម្រេច​ឱ្យ​រដ្ឋ​សង​ការ​ខូច​ខាត​នេះ ដោយសារ​មន្ត្រី​ប៉ូលិស​មិន​ត្រូវ​បាញ់​សម្លាប់​ជន​រង​គ្រោះ​នោះ​ឡើយ ព្រោះ​ប៉ូលិស​អាច​ជ្រើសរើស​មធ្យោបាយ​ផ្សេង ដែល​មិន​ចាំបាច់​ប្រើ​កម្លាំង​ស្លាប់​រស់​ហួសហេតុ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ក្រោយ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ ក្រុម​គ្រួសារ​នេះ​ រស់​ក្នុង​ស្ថានភាព​សោក​សង្រេង និងមាន​​បញ្ហា​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង។

លោកស្រី​ ព្រាម​ ស៊ីនួន​ អាយុ​ ៣៧ឆ្នាំ ​មាន​កូន​បួន​នាក់​ ត្រូវ​បាន​ប៉ូលិស​បាញ់​ចំនួន​ប្រាំបី​គ្រាប់​ បណ្ដាល​ឱ្យ​ស្លាប់​ កាល​ពី​ពាក់​កណ្ដាល​ខែ ​មករា ឆ្នាំ ២០១៧។ លោកស្រី​មាន​ជំងឺ​សរសៃ​ប្រសាទ និង​ កាន់​កូន​កាំបិត​ចិត្ត​បន្លែ​មួយ​ប្រវែង​ប្រហែល ១តឹក​ ក្នុង​ដៃ។ ប៉ូលិស​បើក​ការ​បាញ់​ប្រហារ​ ទៅ​លើ​លោក​ស្រី​ភ្លាមៗ ក្រោយ​ពី​ទៅ​ដល់​កន្លែង​កើត​ហេតុ ឃើញ​លោកស្រី​ ព្រាម​ ស៊ីនួន នៅ​តែ​បន្ត​គ្រវី​កាំបិត​នោះ។ មុន​កើត​ហេតុ​នេះ មាន​គេ​ទូរស័ព្ទ​ទៅ​ប្រាប់​ប៉ូលិស​ថា លោកស្រី​ប្រើ​អំពើ​ហិង្សា និង​យក​កាំបិត​នោះ​ភ្ជង់​គំរាម​អ្នក​ដទៃ។ ប្រភព​ដដែល​បន្ថែម​ថា ប៉ូលិស​បាន​បញ្ជា​ឱ្យ​លោកស្រី​ទម្លាក់​កាំបិត​ចោល ប៉ុន្តែ​លោកស្រី​មិន​ធ្វើ​តាម។

បើ​តាម​មេធាវី​របស់​គ្រួសារ​ជនរងគ្រោះ គឺ​លោក​ ប្រ៊ៃអិន​ ដាន់ (Brian Dunn) ថាប្រាក់​សំណង​នេះ​ មាន​ចំនួន​ច្រើន​ ព្រោះ​កូន​ទាំង​បួន​នាក់​របស់​លោកស្រី ​ព្រាម​ ស៊ីនួន​ និង​ម្ដាយ​ឪពុក​របស់​លោកស្រី​ផង សុទ្ធតែ​ត្រូវ​ទទួល​ចំណែក​ពី​ប្រាក់​នេះ។

ស្រប​ពេល​ដែល​ជនរងគ្រោះ​ខ្មែរ​ ដោយ​ការប្រព្រឹត្តិ​បំពាន​របស់​មន្ត្រី​សមត្ថកិច្ច​ ទទួល​បាន​សំណង​ពី​រដ្ឋ​នៅ​អាមេរិក ​នៅ​កម្ពុជា​ឯ​ណោះ​វិញ ជនរងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិ​ការណ៍​ជម្លោះ​ដីធ្លី ​ជាមួយ​ឧកញ៉ា​ម្នាក់​នៅ​ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ កាលពី​ចុងខែ​មករា​ លោក ពៅ សារ័ត្ន ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ធ្ងន់ធ្ងរ​ ព្រោះ​មុខរបួស​រលួយ​កាន់តែ​ធំ។ ម្ដាយ​ជនរងគ្រោះ​ប្រាប់​ថា​ គាត់​ត្រូវ​បង្ខំ​ចិត្ត​យក​កូន​ទៅ​ព្យាបាល​ចាប់​សរសៃ​បែប​បុរាណ​វិញ ព្រោះ​គ្មាន​ប្រាក់​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ម្ដាយ​របស់​ លោក​ ពៅ​ សារ័ត្ន គឺ​លោកស្រី​ អន​ អៀន ​ត្អូញត្អែរ​ប្រាប់​អាស៊ី​សេរី​ថា រហូត​មក​ដល់​ពេល​នេះ ​គ្មាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា ​ទទួល​ខុសត្រូវ​ ក្នុង​ការ​សង​ជំងឺ​ចិត្ត ឬ​ចេញ​ថ្លៃ​ព្យាបាល​ជំងឺ​កូន​លោក​ស្រី​នោះ​ឡើយ ទោះបី​កូន​លោក​ស្រី​ធ្លាក់​ខ្លួន​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម ​ក្រោយ​ពេល​ត្រូវ​របួស យ៉ាងណាក្តី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល