សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​ស្ងាត់​ក្នុង​រយៈពេល​៥៧​ថ្ងៃ​ក្រោយ​ការ​បាញ់​ប្រហារ

ដោយ ម៉ម មុនីរតន៍
2016.09.06
សព​លោក កែម ឡី ២០១៦ ៨៥៥ ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នា​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

សំណុំ​រឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​តែ​បន្ត​កប់​បាត់​ក្រោយ​ឃាតក​បាញ់​ប្រហារ​កាល​ពី​ជាង ១​ខែ​មុន។ តំណាង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ការ​ប្ដឹង​ផ្ដល់​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​អំពើ​ឃាតកម្ម​នេះ ខាង​ក្រុម​គ្រួសារ គឺ​នៅ​មិន​ទាន់​គិតគូរ​នៅ​ឡើយ​ទេ។ ចំណែក​មន្ត្រី​ក្រសួង​មហាផ្ទៃ វិញ​ធ្លាប់​អះអាង​ថា ពុំ​មាន​តម្រុយ​ណា​មួយ​ថ្មី​ក្រៅ​ពី​ឈ្មោះ ជួប សម្លាប់ នេះ​ទេ។

គិត​ចាប់​ពី​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​មក​ដល់​ពេល​នេះ មាន​រយៈពេល ៥៧​ថ្ងៃ​មក​ហើយ ដោយឡែក​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​ថ្មី​ណា​មួយ​ដែល​អាច​កំណត់​មុខ​សញ្ញា​អ្នក​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម និង​ឃាតក​ពិត​ជា​នរណា​នោះ គឺ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​នោះ​ដែរ។

តំណាង​ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា រឿង​ទាមទារ​យុត្តិធម៌​នេះ ខាង​ក្រុម​គ្រួសារ​នៅ​ពុំ​ទាន់​បាន​គិតគូរ​នៅ​ឡើយ​ទេ សំខាន់​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​រៀបចំ​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​ជា​មុន​សិន។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ចំនួន ២​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ពេល​លោក​កំពុង​អង្គុយ​រង់ចាំ​ផឹក​កាហ្វេ​នៅ​ហាង​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ។ បន្ទាប់​ពី​បាញ់​រួច សមត្ថកិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​សង្ស័យ​ថា​បាន​ស្ថិត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នេះ ហើយ​ក្រោយ​មក ជន​ត្រូវ​ចោទ​នេះ​អះអាង​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ទាក់ទិន​សំណុំ​រឿង​នេះ មាន​ភស្តុតាង​មួយ​ចំនួន​បាន​បែក​ធ្លាយ​ក្រោយ​អំពើ​ឃាតកម្ម។ មាន​វីដេអូ និង​រូបថត​ខ្លះ​បញ្ជាក់​ពី​មន្ទិល​សង្ស័យ​ថា អំពើ​ឃាតកម្ម​នេះ​អាច​មាន​ជាប់​ទាក់ទង​នឹង​ម៉ូតូ​ធំ​ដែល​ពាក្យ​ស្លាក​នគរបាល ឬ​ប៉ូលិស (Police) ខ្លះ​ផង។ ប៉ុន្តែ​ក្រោយ​មក ស្នងការ​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ចេញ​មុខ​ការពារ​តាម​រយៈ​កាសែត​ក្នុង​ស្រុក ដោយ​អះអាង​ថា នាយ​ប៉ុស្តិ៍​នោះ​ពុំ​មាន​ជាប់​ទាក់ទិន​អ្វី​ឡើយ ពោល​គឺ​ឈ្មោះ ជួប សម្លាប់ នេះ​រត់​មក​ផ្អែក​ម៉ូតូ​ប៉ូលិស ហើយ​ក៏​រត់​បន្ត​ទៀត​ប៉ុណ្ណោះ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​ពី​លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ ដោយឡែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិញ អាស៊ីសេរី ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី​៦ ខែ កញ្ញា។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​នាំ​ពាក្យ​រូប​នេះ​ធ្លាប់​បកស្រាយ​ថា ខាង​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​ស៊ើប​អង្កេត​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ដែល​ធ្លាប់​អះអាង​ថា​នឹង​ផ្ដល់​មេធាវី​គ្រប់​ពេល ប្រសិន​បើ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី ត្រូវ​ការ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ស្នើសុំ​កិច្ច​អន្តរាគមន៍​រឿង​មេធាវី​ពី​ក្រុម​គ្រួសារ​របស់​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ ដើម្បី​ដំណើរ​ការ​រឿង​ក្ដី​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​គិត​ថា​គ្រួសារ​គាត់​ប្រហែល​រវល់​រឿង​ទី​១ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី ត្រៀម​សម្រាប់​ឆ្លង​ទន្លេ ព្រោះ​គាត់​គ្រប់​ខែ​ក្នុង​ខែ​តុលា នេះ​ហើយ។ ទី​ពីរ​ត្រៀម​សម្រាប់​ធ្វើ​បុណ្យ ១០០​ថ្ងៃ​នៃ​ស្វាមី​គាត់​ផង។ អ៊ីចឹង​ទៅ​មិន​ទាន់​មាន​ការ​ស្នើ​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុម​គ្រួសារ​នៅ​ឡើយ​ទេ»

របាយការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល រក​ឃើញ​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់​ហើយ​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខងារ​របស់​ខ្លួន និង​ការ​បញ្ចេញ​មតិ។ អំពើ​ឃាតកម្ម​នេះ ភាគច្រើន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក សុក សំអឿន ពន្យល់​ថា ផ្អែក​តាម​នីតិវិធី​ដើម្បី​អាច​មាន​សិទ្ធិ​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​បាន ពុំ​មាន​អ្នក​ផ្សេង​ក្រៅ​ពី​មេធាវី​ទេ។ លោក​បន្ត​ថា នៅ​ពេល​សំណុំ​រឿង​បញ្ជូន​ចូល​ដល់​ដៃ​តុលាការ​ហើយ ដូច្នេះ​មាន​តែ​ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខាង​តុលាការ​ក៏​មិន​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្សាយ​ទេ។ ខាង​គ្រួសារ ឬ​ក៏​ដើម​បណ្ដឹង​មាន​សិទ្ធិ​បាន​ដែរ តែ​ឯកសារ​ខ្លះ​ទេ​ដែល​អាច​ចេញ​បាន។ តាម​ពិត​បើ​គាត់​មាន​មេធាវី មេធាវី​អាច​ចូល​ទៅ​កាន់​សំណុំ​រឿង​ហ្នឹង​បាន ប៉ុន្តែ​ឯកសារ​ទាំងនោះ​ឯកសារ​ខ្លះ​ក៏​មិន​អាច​ផ្សព្វផ្សាយ​បាន​ដែរ»

អាស៊ីសេរី ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ដែរ​ជុំវិញ​រឿង​នេះ​ពី​លោក លី សុផាណា អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ។

បើ​ទោះ​បី​ជា​បែប​ណា តុលាការ​រង​ការ​រិះគន់​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​មជ្ឈដ្ឋាន​នានា ថា​គ្រាន់​តែ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ​កាន់​អំណាច មិន​ឯករាជ្យ ជាពិសេស​ពុំ​ដែល​បាន​ផ្ដល់​យុត្តិធម៌​ឡើយ​សម្រាប់​អ្នក​រងគ្រោះ​ដីធ្លី និង​ព្រៃ​ឈើ បើ​រក​ឃើញ​ថា​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល។ សំណុំ​រឿង​ជាច្រើន​ក្នុង​ពេល​កន្លង​ទៅ​នេះ ដែល​តុលាការ​តែង​ដំណើរ​ការ​ក្ដី​ដ៏​ឆាប់​រហ័ស បើ​ករណី​នោះ​ជា​បណ្ដឹង​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​សាមញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។