ភ្នាក់ងារ​អ.ស.ប​នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា តាម​ទំនើង​ចិត្ត

ដោយ តាំង សារ៉ាដា
2017-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ (អ.ស.) ដែល​ឃ្លាំមើល​ការ​ឃុំ​ខ្លួន​បែប​អនាធិបតេយ្យ (UN Working Group on Arbitrary Detention) បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ។

​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ នឹង​បន្ត​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ខ្លួន​ឪពុក​របស់​កញ្ញា​ទាំង​បំពាន​កាល​ពី​ថ្ងៃ​៣ ខែ​កញ្ញា កន្លង​ទៅ៖ «វិធានការ​បន្តបន្ទាប់​គឺ​គេ​នឹង​ទាក់ទង​ទៅ​អាជ្ញាធរ​កម្ពុជា ដើម្បី​ស៊ើបសួរ​រឿង​ហ្នឹង ពីព្រោះ​ពួក​ខ្ញុំ​បាន​ទាក់ទង​ហើយ បាន​ដាក់​អង្គហេតុ​អី​អស់​ហើយ។ គេ​នឹង​ផ្ញើ​សំបុត្រ​មួយ​ទៅ​ខាង​អាជ្ញាធរ​កម្ពុជា។ គេ​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ពួកគេ​ខ្ញុំ ពី​មេធាវី ហើយ​បើ​ចាំបាច់​គេ​នឹង​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​ដល់​ប្រទេស​កម្ពុជា​តែម្ដង»

​ភ្នាក់ងារ​នៃ​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នេះ​មាន​សមត្ថកិច្ច​ស៊ើប​អង្កេត​ករណី​ចាប់​ខ្លួន​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស។ ក្រុម​នេះ​ក៏​មាន​សមត្ថកិច្ច​ក្នុង​ការ​ស្វែង​រក និង​ទទួល​ព័ត៌មាន​ពី​រដ្ឋាភិបាល ពី​អន្តរ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ពី​បុគ្គល ឬ​អ្នក​តំណាង​នៃ​ក្រុម​គ្រួសារ។

​ក្រុម​នេះ​ក៏​មាន​សិទ្ធិ​ចេញ​សេចក្ដី​អំពាវនាវ​បន្ទាន់ ឬ​អាច​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​ឲ្យ​មាន​ការ​ដោះស្រាយ​ករណី​ចាប់​ខ្លួន​នេះ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​មាន​សិទ្ធិ​ចុះ​ស៊ើប​អង្កេត​ដល់​ប្រទេស​សាមី​ទោះ​គ្មាន​ការ​អញ្ជើញ​ពី​រដ្ឋាភិបាល​ប្រទេស​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល