តុលាការ​ចេញ​ដីកា​ហាម​លោក កឹម សុខា ចេញ​ក្រៅ​ស្រុក

ដោយ ប្រាជ្ញ ចេវ
2016.07.14
កឹម សុខា ៨៥៥ ២០១៦ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ហាម​លោក កឹម សុខា មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ ភ្លាមៗ​នេះ​ដែរ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ  បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​តប​វិញ ដោយ​ចោទ​ប្រកាន់​ថា ដីកា​ដែល​កំណត់​ឲ្យ​លោក កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​តំណាងរាស្ត្រ និង​ជា​ការ​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។

នេះ​ជា​ការ​ព្រមាន​ម្ដង​ទៀត​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​លើ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ហាម​មិន​លោក កឹម សុខា ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដែល​ក្រុម​សមត្ថកិច្ច​យក​ទៅ​បិទ​នៅ​មុខ​ផ្ទះ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង ព្រមាន​ថា ប្រសិនបើ​លោក កឹម សុខា គេចវេះ​ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ ចៅក្រម​សម្រេច​ឲ្យ​ឃុំ​ខ្លួន​លោក កឹម សុខា បណ្ដោះអាសន្ន​តាម​មាត្រា​២៣០ នៃ​ក្រ​នីតិវិធី​ព្រហ្មទណ្ឌ។

ចំណែក​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ប្រាប់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ជា​ថ្មី​ម្ដង​ទៀត​ថា មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​រូប​ណា​ក៏ដោយ​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​មិន​បាន​លើក​អភ័យឯកសិទ្ធិ​នោះ​ឡើយ។ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ចោទ​ប្រកាន់​ថា ដីកា​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ជា​រឿង​នយោបាយ។

ទោះ​យ៉ាង​ណា​ក្តី អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ថា តុលាការ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​នីតិវិធី និង​មាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​នៅ​ក្នុង​ចំណាត់​ការ​រឿង​ក្តី និង​ការ​សម្រេច​ដាក់​លោក កឹម សុខា ជាប់​កាតព្វកិច្ច​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា លោក កឹម សុខា ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន ២​លើក​ក្នុង​សំណុំរឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ដីកា​សម្រេច​ឲ្យ​លោក កឹម សុខា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង បាន​ហៅ​លោក កឹម សុខា ថា ជា​ជន​ត្រូវ​ចោទ។

ចៅក្រម​ដដែល​បញ្ជា​ឲ្យ​កងកម្លាំង​សាធារណៈ​អនុវត្ត​ខ្លឹមសារ​នៃ​ដីកា​សម្រេច​នេះ និង​ត្រូវ​រាយការណ៍​មក​ចៅក្រម​ក្នុង​ករណី​លោក កឹម សុខា ចាកចេញ​ក្រៅ​ដែនដី​នៃ​ប្រទេស​កម្ពុជា។

គិត​ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់​ខ្លួន ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​តែងតែ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។