មេធាវី​ប្ដឹង​ឧទ្ធរណ៍​ឲ្យ​បញ្ឈប់​ការ​សម្រេច​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ទៅ​ជំនុំ​ជម្រះ

ដោយ​ សុ ជីវី
2016.08.26
កឹម សុខា ៨៥៥ ២០១៦ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

ក្រុម​មេធាវី​ការពារ​សិទ្ធិ​អោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើ​សាលាឧទ្ធរណ៍​បញ្ឈប់​ការ​សម្រេច​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ និង​ទម្លាក់​បទ​ចោទ​លើ​កូន​ក្ដី។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ជា​ស្ថាពរ​ដាក់​ឲ្យ​មាន​ការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ករណី​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម។

មេធាវី​មួយ​រូប​គឺ​លោក សំ សុខគង់ អោយ​ដឹង​ថា ការ​សម្រេច​របស់​សាលាដំបូង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​លោក កឹម សុខា ដែល​ជា​កូន​ក្ដី​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា។

លោក​មេធាវី សំ សុគង់ អោយ​ដឹង​តាម​ទូរស័ព្ទ​ថា បណ្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​នេះ ដោយសារ​ក្រុម​មេធាវី​សំអាង​ហេតុផល​ចំនួន ៣ រួម​មាន លោក កឹម សុខា នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​មាត្រា ៨០។ មួយ​ទៀត​គឺ​ករណី​នេះ​មិនមែន​ជា​បទល្មើស​ជាក់ស្ដែង​ដែល​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ការ​ដក​អភ័យ​ឯកសិទ្ធិ​សភា​ជា​មុន​សិន។ ចំណុច​ចុង​ក្រោយ​គឺ​ការ​ចោទ​ប្រកាន់​ពុំ​គ្រប់​ធាតុ​ផ្សំ​នៅ​ឡើយ ដ្បិត​ក្រុម​មេធាវី​តំណាង​កូន​ក្ដី​បាន​ជូន​ដំណឹង​ពី​ហេតុ​ផល​មិន​ចូល​ខ្លួន​នៅ​គ្រប់​ដំណាក់​កាល​នៃ​នីតិវិធី។

លោក សំ គង់ បញ្ជាក់​ថា ក្រុម​មេធាវី​ស្នើ​អោយ​សាលា​ឧទ្ធរណ៍​ពិចារណា​សំណុំ​រឿង​នេះ​ឡើងវិញ៖ «ទី​១​ឲ្យ​ផ្អាក​នីតិវិធី​នៃ​ការ​ជំនុំជម្រះ​សិន។ ចំណុច​ទី​២ គឺ​សុំ​ទម្លាប់​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​កូន​ក្ដី ដោយ​មូលហេតុ​ថា កូន​ក្ដី​ជា​សមាជិក​រដ្ឋ​សភា​ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​មាត្រា​៨០»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា។

សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​បិទ​ការ​ស៊ើបសួរ​ជា​ស្ថាពរ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដាក់​ឲ្យ​មាន​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ ចៅក្រម​សាលា​ដំបូង​ចោទ​ប្រកាន់​លោក កឹម សុខា ថា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ដោយ​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ច្រើន​លើក​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចារកម្ម​ករណី​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ចាត់​ទុក​ការ​សម្រេច​នោះ​ថា ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ ពួកគេ​ហៅ​ករណី​នេះ​ថា ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ​ប្រឆាំង​សកម្មជន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។

ចំពោះ​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ហៅ​ការ​ប្ដឹងផ្ដល់​គ្នា​នេះ​ថា មិន​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​អ្វី​ក្រៅ​ពី​ការ​ចង់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ។ លើស​ពី​នេះ​គឺ​ជា​ការ​បង្ហាញ​ថា និន្នាការ​នយោបាយ​មាន​ឥទ្ធិពល​ជាង​ព្យាយាម​ដាក់​សម្ពាធ​លើ​ភាគី​ម្ខាង​ទៀត​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​យុត្តិធម៌​ក្នុង​សង្គម​បង្កើត​វណ្ណ​ខ្ពស់​ទាប​ស ខ្មៅ ជា​ពិសេស ជា​ការ​ហែកហួរ​សង្គម​ឲ្យ​ទៅ​ជា​ចម្រៀកៗ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។