ដីកា​ថ្មី​មួយ​ទៀត​របស់​តុលាការ​បង្គាប់​ឲ្យ​លោក កឹម សុខា ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ មិថុនា

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា ប្រមាណ ៥​រូប នឹង​កោះ​ប្រជុំ​គ្នា​បន្ទាន់​មួយ​​នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​មិថុនា នេះ ដើម្បី​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ទាក់ទង​ការ​ចោទ​ប្រកាន់ និង​ជុំវិញ​ករណី​ដែល​តុលាការ​នៅ​តែ​ចេញ​ដីកា​កោះ​ហៅ​កូន​ក្ដី​ពួក​​លោក​ជា​បន្ត​បន្ទាប់។

លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ថា ក្រុម​មេធាវី​បាន​​ដាក់​ពាក្យ​សុំ​ឲ្យ​បញ្ឈប់​នីតិវិធី​កោះ​ហៅ​លោក កឹម សុខា ទៅ​សាកសួរ​នោះ ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន​ទៅ​ចៅក្រម​ស៊ើបសួរ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ៖ «ហើយ​រហូត​មក​ដល់​ពេល​នេះ លោក​ចៅក្រម​ស៊ើបសួរ​មិន​ទាន់​ឆ្លើយ​តប​មក​ពី​ក្រុម​មេធាវី​បាន​នៅ​ឡើយ តែ​បែរ​ជា​មាន​ដីកា​កោះ​ទៅ​វិញ ពីព្រោះ​អី​បើ​ចៅក្រម​គាត់​សម្រេច​ហើយ ក្រុម​មេធាវី​អាច​ប្ដឹង​ទៅ​សភា​ស៊ើបសួរ​ចំពោះ​សេចក្ដី​សម្រេច​ចៅក្រម​ស៊ើបសួរ...»

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​នូវ​ដីកា​កោះ​ហៅ​លោក កឹម សុខា ថ្មី​មួយ​ទៀត​ដែល​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថាន់ ឡេង កាល​ពី​ថ្ងៃ​ទី​២ មិថុនា។ ដីកា​នោះ​បង្គាប់​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ លោក កឹម សុខា ចូល​ខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បដិសេធ​ក្នុង​ការ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តុលាការ​ក្នុង​នាម​ជា​សាក្សី​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​​លោក កឹម សុខា ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​លើ​សំណុំរឿង​សញ្ចារកម្ម តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អយ្យការ​បញ្ជាក់​ថា ជា​បទល្មើស​ជាក់ស្ដែង។

លោក​មេធាវី សំ សុគង់ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ទទួល​ដីកា​ពី​តុលាការ​នោះ​ផ្ទាល់​នៅ​ឡើយ​ទេ ហើយ​ថា ក្រុម​មេធាវី​របស់​លោក​កំពុង​មាន​ភាព​ស្មុគស្មាញ​ចំពោះ​ការ​ចេញ​ដីកា​បន្តបន្ទាប់​នេះ និង​ហាក់​មិន​យល់​អំពី​នីតិវិធី​របស់​តុលាការ​ចំពោះ​ករណី​លោក កឹម សុខា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។