មន្ត្រី៖ ចៅក្រម​ស៊ើបសួរ​កំពុង​​បន្ត​ចាត់ការ​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្ដី​លោក កែម ឡី

ដោយ ម៉ម មុនីរតន៍
2017.04.08
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា សំណុំរឿង​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​តុលាការ​បំបែក​ជា​ពីរ​ករណី គឺ​តុលាការ​កំពុង​បន្ត​ស៊ើប​អង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ កាល​ពី​ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ឈ្មោះ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ប៉ុន្តែ​អ្នក​តាម​ដាន​ពី​ព្រឹត្តិការណ៍​សង្គម​យល់​ឃើញ​ថា ការ​បំបែក​សំណុំរឿង​ជា​ពីរ​នេះ នៅ​តែ​មិន​អាច​ជឿជាក់​បាន​ថា នឹង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ឲ្យ​លោក​បណ្ឌិត កែម ឡី បាន​ឡើយ។

មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ បញ្ជាក់​ជំហរ​ថា រឿង​ក្តី​ដែល​តុលាការ​បាន​បំបែក​បន្ថែម​មួយ​ករណី​ទៀត​នេះ គឺ​តុលាការ​មិន​បោះបង់​ចោល​ឡើយ ពោល​​គឺ​កំពុង​តែ​បន្ត​ចាត់​ការ​តាម​នីតិវិធី ប៉ុន្តែ​តុលាការ​រក្សា​ការ​សម្ងាត់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​របស់​តុលាការ។

ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៨ ខែ​មេសា លោក លី សុផាណា មន្ត្រី​នាំ​ពាក្យ​តុលាការ​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា តុលាការ​កំពុង​បន្ត​ស៊ើបអង្កេត និង​សាកសួរ​ក្នុង​រឿង​ក្ដី​ដែល​បាន​បំបែក​ហើយ​នេះ។

ភ្លាមៗ​ក្រោយ​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក លាង សំណាត់ សម្រេច​ផ្ដន្ទាទោស​ពិរុទ្ធជន​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​កាល​ថ្ងៃ​ទី​២៣ ខែ​មីនា។ ក្នុង​ថ្ងៃ​តែ​មួយ ពេល​រសៀល លោក លី សុផាណា មន្ត្រី​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ប្រាប់​ក្រុម​អ្នក​កាសែត​ថា រឿង​ក្តី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ​ត្រូវ​បាន​តុលាការ​បំបែក​ជា ២​ករណី​ហើយ។

រឿង​ក្តី​ដែល​តុលាការ​បំបែក​ជា​ថ្មី​មួយ​សំណុំរឿង​ទៀត​នេះ គឺ​តុលាការ​ត្រូវ​បន្ត​ស្វែង​រក​ឈ្មោះ​ជន​សង្ស័យ ២​នាក់​ទៀត ដែល​ជាប់​ទាក់ទង​រឿង​ក្ដី​នេះ គឺ​ឈ្មោះ ពូ​លិស និង ចក់។ ឈ្មោះ លិស នេះ ត្រូវ​បាន​ពិរុទ្ធជន អឿត អាង ជម្រាប​អង្គ​សវនាការ​ថា ជា​ស្ពាន​ឲ្យ​ខ្លួន​បាន​ស្គាល់ និង​ឲ្យ​លោក​បណ្ឌិត កែម ឡី ខ្ចី​លុយ ៣​ពាន់​ដុល្លារ។ ដោយ​ឡែក​ឈ្មោះ ចក់ វិញ គឺ​ជា​អ្នក​ដែល​លក់​កាំភ្លើង​ឲ្យ​សម្រាប់​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​មេសា ខាង​មុខ​នេះ គឺ​មាន​រយៈពេល ៩​ខែ​មក​ហើយ ក្រោយ​ពី​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី ទាំង​ព្រឹក​ព្រលឹម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

លោក សៅ កុសល កម្មការ​រៀបចំ​ចេតិយ​សម្រាប់​តម្កល់​សព​លោក​បណ្ឌិត កែម ឡី យល់​ឃើញ​ថា បើ​ទោះ​ជា​រឿង​ក្ដី​នេះ ត្រូវ​បាន​តុលាការ​បំបែក​បែប​ណា​ក៏ដោយ វា​នឹង​មិន​អាច​ផ្ដល់​ភាព​ជឿជាក់​ពី​ពលរដ្ឋ​​បាន​ទៀត​ទេ។ បន្ថែ​ពី​លើ​នេះ​ទៀត ការ​ស៊ើបអង្កេត​ទាំង​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិធម៌ និង​ចៅក្រម​ស៊ើប គឺ​រឹតតែ​មិន​អាច​ជឿជាក់​បាន​ថែម​ទៀត​ផង៖ «បើ​មិន​ចង់​ឲ្យ​ប្រើ​ពេល​យូរ យើង​បង្ហាញ​ភស្តុតាង​ហ្នឹង​វា​ចប់​រឿង​ហើយ មិន​បាច់​ទៅ​ប្រឹងប្រែង​រក​ហេតុផល​បំបែក​សំណុំរឿង​ទៅ​អ្នក​នេះ​ទៅ​អ្នក​នោះ​ទៀត​ទេ។ អ៊ីចឹង​ខ្ញុំ​អត់​មាន​ការ​ជឿ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​ស៊ើបអង្កេត ឬ​ក៏​ប្រព័ន្ធ​តុលាការ​នោះ​ទេ»

លោក លី សុផាណា ឲ្យ​ដឹង​ថា លោក សេង លាង ដែល​ជា​ចៅក្រម​ទទួល​បន្ទុក​ក្នុង​សំណុំរឿង​ដែល​ត្រូវ​បាន​តុលាការ​បំបែក​ជា ១​ករណី​ទៀត​នេះ កំពុង​បន្ត​នីតិវិធី​សាកសួរ​អ្នក​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត។

ដោយ​ឡែក​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា លោក​បណ្ឌិត កែម ឡី មិន​ត្រឹម​ជា​អ្នក​វិភាគ និង​ស្រាវជ្រាវ​ដ៏​ស៊ី​ជម្រៅ​ទេ លោក​ថែម​ទាំង​បាន​ផ្ដល់​អនុសាសន៍​ជា​គោល​នយោបាយ​សម្រាប់​អនុវត្ត​ភូមិ-​ឃុំ​ឲ្យ​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង៖ «លោក​បណ្ឌិត កែម ឡី មុន​នឹង​គាត់​សម្លាប់​ទៅ​គាត់​បាន​ជួប​ជា​មួយ​ខ្ញុំ ៣​ថ្ងៃ។ គាត់​រៀបចំ​គម្រោង​ផែនការ​អភិវឌ្ឍន៍​ឃុំ-​សង្កាត់ មក​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​យក​ទៅ​ស្នើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រៀប​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ​ហ្នឹង។ ចំណង​ជើង​របស់​គាត់ គាត់​ដាក់​ចំណង​ជើង​ថា ភូមិ​ឃុំ​រស់​រវើក ប្រែក្លាយ​ភូមិ​ឃុំ​ឲ្យ​ទៅ​ជា​ទីប្រជុំជន»

សវនាការ​លើ​អង្គ​សេចក្ដី​កាល​ពី​ខែ​មីនា ជុំវិញ​រឿង​ក្ដី​នេះ តុលាការ​ត្រូវ​រង​ការ​រិះគន់​ថា ជា​ការ​ជំនុំជម្រះ​ដែល​លឿន​ហួស​ពុំ​ធ្លាប់​មាន។ ក្រោយ​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ ជួប សម្លាប់ អង្គការ-​សមាគម​ចំនួន ៦០ ស្ថាប័ន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​ភ្លាម​ដែរ។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​នេះ ទាមទារ​ឲ្យ​តុលាការ​បើក​សវនាការ​ជា​ថ្មី ជា​ពិសេស​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។