តុលាការ​ក្រុង​ភ្នំពេញ​ផ្ដន្ទាទោស ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

ដោយ ម៉ម មុនីរតន៍
2017.03.23
ជួប សម្លាប់ អឿត អាង ២០១៦ ៨៥៥ ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា។ ប៉ុន្តែ​អំណាច​សាលក្រម​នេះ មិន​ត្រូវ​បាន​ពលរដ្ឋ​នៅ​ខាង​ក្រៅ​បរិវេណ​តុលាការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ឡើយ។

អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី ចាត់​ទុក​ថា​សេចក្ដី​សម្រេច​ដ៏​ប្រញាប់ប្រញាល់​របស់​តុលាការ​នេះ គឺ​មិន​ខុស​អី​នឹង​ការ​បញ្ចៀស​ពី​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​នានា និង​ជា​ការ​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ ដែល​មិន​អាច​ស្វែងរក​អ្នក​ពាក់ព័ន្ធ​សំខាន់​ដទៃ​ទៀត​ក្នុង​រឿង​ក្ដី​នេះ​ឡើយ។

លោក អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ត្រឡប់​ទៅ​ឃុំ​ខ្លួន​វិញ​ក្នុង​ថ្ងៃ​ដដែល ក្រោយ​ពី​ប្រកាស​សាលក្រម​រួច។

មើល​ទៅ​ឈ្មោះ អឿត អាង ហាក់​ដូចជា​ដឹង​មុន​ថា ខ្លួន​គ្មាន​ឱកាស​បន្ធូរ​បន្ថយ​ទោស​ណា​មួយ​ដែល​អាច​រួច​ផុត​ពី​ជាប់​គុក​មួយ​ជីវិត​ឡើយ។ ការ​រក្សា​ភាព​ស្ងប់ស្ងាត់ មិន​ប្រតិកម្ម​ចំពោះ​សាលក្រម​នៅ​ពេល​នេះ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក លាង សំណាត់ បាន​បើក​ផ្លូវ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​ជន​ជាប់​ចោទ​មិន​អស់​ចិត្ត។

ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​បរិវេណ​តុលាការ លោក យុង ផានិត ដែល​គណៈ​មេធាវី​តម្រូវ​ឲ្យ​ការពារ​ក្តី​ឈ្មោះ អឿត អាង បញ្ជាក់​ជំហរ​ថា លោក​ត្រូវ​ពិគ្រោះ​យោបល់​ជា​មុន​សិន​ជាមួយ​កូន​ក្ដី​របស់​ខ្លួន មុន​នឹង​ត្រូវ​ប្ដឹង​ត​ទៅ​ទៀត​ប្រឆាំង​សាលក្រម​នេះ។ លោក​បន្ត​ថា តុលាការ​គប្បី​សម្រាល​ស្ថាន​ទម្ងន់​ទោស​ដល់​កូន​ក្តី​របស់​ខ្លួន ជា​ជាង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​បែប​នេះ។ លោក​បន្ត​ថា «បើ​យើង​ពិនិត្យ​ទៅ​តាម​ច្បាប់ និង​នីតិវិធី​ត្រូវ​តែ​មាន​ស្ថាន​សម្រាល​ទោស​ខ្លះ​ទាក់ទង​ទៅ​នឹង​បញ្ហា​បទល្មើស​ផ្សេងៗ ទោះ​បី​បទល្មើស​ហ្នឹង​មាន​ទំហំ​ប៉ុនណា​ក៏ដោយ»

បើ​ទោះ​ជា​បែប​ណា សវនាការ​លើ​អង្គ​សេចក្ដី​កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ក៏​ត្រូវ​រង​ការ​រិះគន់​ថា តុលាការ​ហាក់​ប្រញាប់​បញ្ចប់​ការ​ជំនុំ​ជម្រះ។ ការ​ដាក់​បញ្ចាំង​វីដេអូ​មិន​អស់​ប្លង់ និង​រូបភាព​មើល​ឃើញ​ព្រិលៗ​មិន​ច្បាស់។ លើស​ពី​នេះ​ទៀត តំណាង​អយ្យការ លោក លី សុផាណា នៅ​ក្នុង​អង្គ​សវនាការ​ហាក់​មិន​បាន​សួរ​ដេញដោល​ឲ្យ​បាន​ច្រើន​ទៅ​លើ​មន្ទិល​សង្ស័យ​មួយ​ចំនួន ដូចជា ឈ្មោះ លីស និង​ឈ្មោះ ចក់ នៅ​ក្នុង​របាយការណ៍​ស៊ើប​អង្កេត​នោះ ថា​ជា​អ្នក​ណា​ឲ្យ​ប្រាកដ។ តើ​មនុស្ស​ទាំងនោះ​ស្គាល់​លោក​បណ្ឌិត កែម ឡី ដោយ​របៀប​ណា​ជាដើម។

ទាក់ទិន​រឿង​នេះ លោក យុង ផានិត ហាក់​មិន​ទាន់​អស់​ចិត្ត​ចំពោះ​ការ​សម្រេច​សេចក្ដី​នៅ​ពេល​នេះ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា តុលាការ​គប្បី​បំបែក​សំណុំ​រឿង ឬ​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ​បន្ថែម​ទៀត ដូចជា​អ្នក​ដែល​ធ្វើ​ជា​ស្ពាន​នាំ​ឲ្យ​ទណ្ឌិត​ឈ្មោះ ជួប សម្លាប់ ស្គាល់​លោក​បណ្ឌិត កែម ឡី ជាដើម។ លោក​បន្ត​ថា «ទី​មួយ​កាត់​ទោស​ជន​ដែល​បាន​ឃាត់​ខ្លួន។ ហើយ​ទី​២ ដើម្បី​ដំណើរការ​នីតិវិធី​ស៊ើប​អង្កេត​ជន​ដែល​មិន​ទាន់​បាន​យក​មក​កាត់​ទោស។ នៅ​ក្នុង​អង្គ​ហេតុ​ហ្នឹង គឺ​នៅ​មាន ២​នាក់​ទៀត​ដែល​ត្រូវ​ស៊ើប​អង្កេត។ មួយ​ឈ្មោះ ពូ លីស និង​មួយ​ទៀត​ឈ្មោះ ចក់។ ដូច​ដែល​យើង​បាន​ស្ដាប់​ទាំងអស់​គ្នា​នៅ​ក្នុង​អង្គ​សវនាការ»

ថ្វី​បើ​អំណាច​សាលក្រម​បាន​ផ្ដន្ទាទោស​លោក អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តាម​មាត្រា​២០០ និង​មាត្រា​៤៩០ នៃ​ក្រម​ព្រហ្មទណ្ឌ​ក៏ដោយ​ចុះ បញ្ហា​នេះ​មិន​បាន​បញ្ឈប់​ការ​រិះគន់​ឡើយ។ ក្រុម​អ្នក​គាំទ្រ​លោក​បណ្ឌិត កែម ឡី នៅ​ខាង​ក្រៅ​របង​តុលាការ បាន​ប្រតិកម្ម​ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​អះអាង​ថា ពួក​គេ​មិន​អស់​ចិត្ត​ទាល់​តែ​សោះ។

លោកស្រី សរ ស៊ន សកម្មជន​ដីធ្លី​នៅ​បុរីកីឡា ចោទ​ប្រកាន់​ថា តុលាការ​ធ្វើ​ការ​ឲ្យ​តែ​ផុត​ពី​ដៃ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​សួរ​ដេញដោល​មិន​ហ៊ាន​ចាក់​ឫស​ចាក់​គល់​រក​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង នៃ​អំពើ​បាញ់​សម្លាប់​នេះ​ថែម​ទៀត​ផង។ លោកស្រី​បន្ត​ថា «ទទួល​យក​មិន​បាន​មក​ពី​តុលាការ​ហ្នឹង​មិន​ឯករាជ្យ សាក្សី​មិន​គ្រប់គ្រាន់។ ជួប សម្លាប់ មិន​ដែល​ហ៊ាន​និយាយ​ឲ្យ​ពិត​ទេ និយាយ​កាឡៃ​ពី​លិច​ទៅ​កើត»

ទាក់ទិន​រឿង​នេះ លោក អំ សំអាត ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា ការ​សម្រេច​ដាក់​ទោស​ត្រឹម​ឈ្មោះ អឿត អាង នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ លោក​បន្ត​ថា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ និង​លុប​បំបាត់​ការ​រិះគន់ តុលាការ​ត្រូវ​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​នេះ។ លោក​បន្ត​ថា «មិន​អាច​តែ ជួប សម្លាប់ មួយ​ដែល​អាច​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត កែម ឡី បាន​ទេ។ អ៊ីចឹង​ត្រូវ​តែ​ទាមទារ​រក​អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​ដែល​នៅ​ពី​ក្រោយ​យក​មក​កាត់​ទោស​ជា​បន្ត​ទៅ​ទៀត»

គិត​ពី​ថ្ងៃ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ រឿង​ក្ដី​នេះ​បាន​បន្ត​អូស​បន្លាយ​ជិត ៨​ខែ​មក​ហើយ។ យ៉ាង​ណា តុលាការ​អាមេរិក បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន ឆេវរ៉ុន (Chevron) បញ្ចេញ​វីដេអូ​ដែល​ថត​បាន​ពី​ហាង​ស្តារ​ម៉ាត (Star Mart) ទី​ដែល​លោក កែម ឡី ត្រូវ​បាញ់​សម្លាប់​នោះ​នៅ​ដំណាច់​ខែ​មីនា ខាង​មុខ​នេះ។ ដីកា​បង្គាប់​របស់​តុលាការ​នេះ ជា​ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដឹង​របស់​ពលរដ្ឋ និង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។