អ្នកស្រី ប៊ូ រចនា បដិសេធ​ចូល​បំភ្លឺ​តាម​ដីកា​កោះ​នៅ​ខែ​មេសា​ព្រោះ​គ្មាន​ជំនឿ​លើ​តុលាការ

ដោយ ហេង សកល
2018.03.29
ប្រពន្ធ កែម ឡី ប៊ូ រចនា ៦២២ ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ភរិយា​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បដិសេធ​មិន​ចូលខ្លួន​តាម​ដីកា​កោះ​របស់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ខាងមុខ​នេះ ព្រោះ​អ្នកស្រី​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះហៅ​អ្នកស្រី​ដើម្បី​ចូលខ្លួន​បំភ្លឺ ករណី​ឃាតកម្ម​របស់​លោក​បណ្ឌិត កែម ឡី។

ភរិយា លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី​ដោយ​ភ្ជាប់​ជាមួយ​ដីកា​កោះ និង​រូបថត​ជុំ​គ្រួសារ​ថា អ្នកស្រី បាន​ឃើញ​ដីកា​កោះ​ហៅ​ឲ្យ​ចូលខ្លួន ថ្ងៃទី៣ ខែ​មេសា ឆ្នាំ​២០១៨ ខាងមុខ​នេះ​ហើយ។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា តាំងពី​បណ្ឌិត​កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត ២​ឆ្នាំ​ហើយ អ្នកស្រី មិន​ដែល​គិត​ថា ទៅ​ប្ដឹង​សមត្ថកិច្ច​ទេ​ដោយសារ លោកស្រី ដឹង​ច្បាស់​ហើយ​ថា តុលាការ​នៅ​របប​ទីក្រុង​ភ្នំពេញ គ្មាន​សមត្ថភាព​ចាប់​ឃាតក​ពិត និង​រក​យុត្តិធម៌​ឲ្យ​បាន​ឡើយ។

នៅ​ក្នុង​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​សាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បង្គាប់​ឲ្យ​អ្នកស្រី ប៊ូ រចនា ចូលខ្លួន​មក​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា វេលា​ម៉ោង​២​រសៀល ជា​កំណត់ ដើម្បី​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ឈ្មោះ ជួប សម្លាប់។

ប្រធាន​គ្រប់គ្រង​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន ប្រសាសន៍​ថា ដីកា​កោះហៅ​នេះ ហាក់​ដូចជា​យឺត​ពេល​ដោយសារតែ​ភរិយា​លោក​កែម ឡី បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ចំណែក​ឯ​ការស្រាវជ្រាវ​ស៊ើបអង្កេត​គ្មាន​តម្រុយ​ណាមួយ​ថ្មី ក្រៅពី​ការ ចាប់ខ្លួន​ជួប សម្លាប់។ លោក​បន្ត​ថា​មូលហេតុ​នេះ ទើប​ធ្វើ​ឲ្យ​អ្នកស្រី ប៊ូ រចនា គ្មាន​សង្ឃឹមថា នឹង​បាន​យុត្តិធម៌ និង​មិន​ចង់​ចូលរួម​ជាមួយ​តុលាការ។ លោក​បន្ថែម​ថា ក្នុងនាម​ជាដើម​បណ្ដឹង អ្នកស្រី មាន​សិទ្ធិ​ចូល ឬ​មិន​ចូល​តាម​ដីកាកោះ ហើយ​អ្នកស្រី ក៏​អាច​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​តំណាង​បាន​ដែរ។ «»

លោក អំ សំអាត ឲ្យ​ដឹង​ដែរ​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម ឡី គឺជា​សំណុំរឿង​ក្តៅ​គគុក ដូច្នេះ​ប្រសិនបើ​រដ្ឋាភិបាល មិន​ស្វះ​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត កែម ឡី​ទេ គឺ​ការរិះគន់ និង​ការ ចោទប្រកាន់​ពី​សាធារណៈ​ទៅលើ​រដ្ឋាភិបាល នៅតែ​កើតមាន​ដដែល។ «»

លោកស្រី ប៊ូ រចនា បាន​ទៅដល់​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ក្រោយ​ពី​សម្ងំ​លាក់ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​ប្រទេស​ថៃ ជិត ២​ឆ្នាំ បន្ទាប់ពី​លោក កែម ឡី ត្រូវ​បាន​បាញ់សម្លាប់ កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ២០១៦ នៅ​ក្នុង​ហាង​លក់ទំនិញ​ស្តារម៉ាត នៃ​ស្ថានីយ​ចាក់​ប្រេង​ឥន្ទនៈ​កាល់តិច ស្ថិតនៅ​ស្ដុប​បូកគោ។។ តុលាការ​ធ្លាប់​កោះហៅ​អ្នកស្រី​ពីរ​លើក​ដែរ​កន្លងមក ប៉ុន្តែ​អ្នកស្រី តែងតែ​បដិសេធ។

មានតែ​ពិរុទ្ធជន​ម្នាក់​គត់​ដែល​ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នាំ​ខ្លួន​មក​កាត់ទោស គឺ​ជួប សម្លាប់ ដែល​មាន​ឈ្មោះ​ពិត​ថា អឿត អាង។ ការស៊ើបអង្កេត​របស់​អ្នក​សា​ព័ត៌មាន​ជាតិ និង​អន្តរជាតិ កន្លងមក បង្ហាញ​ថា មាន​ប្រភព និង​សាក្សី​ជាច្រើន បញ្ជាក់​ថា ជួប សម្លាប់ បាន​ជួប​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​របបលោក ហ៊ុន សែន នៅមុន​ពេល​លោក​កែម ឡី ត្រូវបាន​បាញ់សម្លាប់។

លោក​បណ្ឌិត កែម ឡី គឺជា​សកម្មជន​សង្គម​មួយ​រូប​ក្នុងចំណោម​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជាង ១០០​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​ចាប់ពី​ឆ្នាំ​១៩៩៣ មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ សំណុំរឿង​ទាំង​ជាង ១០០​ករណី​នេះ គ្មាន​សំណុំរឿង​ណា​ដែល​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។