សាលាឧទ្ធរណ៍​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​លោក កឹម សុខា

ដោយ​ សូត សុខប្រាថ្នា
2016-11-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ខួប ២៣​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពិធី​ខួប ២៣​ឆ្នាំ​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នា​សង្កាត់​ចាក់អង្រែលើ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ច្រានចោល​បណ្ដឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​រក្សាទុក​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បានការ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សវនាការ​សាលាឧទ្ធរណ៍​អស់​រយៈពេល​ប្រមាណ ៣​ម៉ោង នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា។

​ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ថា​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌។

​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា យល់​ថា ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូនក្ដី​របស់​ពួកគេ និង​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ។ មិន​តែ​ប៉ុណ្ណោះ ការ​សម្រេច​នេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​ផ្សេង​ទៀត​ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង ១២៣​រូប ប្រសិនបើ​ពួកគេ​កើត​មាន​ករណី​ស្រដៀង​គ្នា​ទៅ​នឹង​រឿង លោក កឹម សុខា។

​តំណាង​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺ​លោក​មេធាវី ហែម សុជាតិ មាន​ប្រសាសន៍​ក្រោយ​ពេល​បញ្ចប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​ថា តុលាការ​ថ្នាក់​លើ​គឺ​គ្មាន​អ្វី​ប្រែប្រួល​ឡើយ បើ​ទោះ​បី​ជា​ពួក​លោក​បាន​បង្ហាញ​ពី​ភាព​ខុស​ច្បាប់​ក្នុង​ការ​សម្រេច​របស់​សាលាដំបូង​យ៉ាង​ណា​ក៏ដោយ។ លោក​បញ្ជាក់​ថា ការ​បកស្រាយ​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​គឺ​ជា​ការ​បកស្រាយ​ប្រាសចាក​ពី​ផ្លូវ​ច្បាប់ និង​មាន​លក្ខណៈ​នយោបាយ​ច្រើន​ជាង៖ «ជាក់ស្ដែង​មាត្រា​៨០ តំណាងរាស្ត្រ​គឺ​មាន​អភ័យឯកសិទ្ធិ​អ៊ីចឹង​មែន​ហើយ មក​ដល់​ថ្ងៃ​ហ្នឹង​គេ​មិន​ទាន់​ដក​គាត់​ទេ។ អ៊ីចឹង​មាន​ន័យ​ថា គាត់​ជា​តំណាងរាស្ត្រ​ដែល​នៅ​មាន​សិទ្ធិ អ៊ីចឹង​រឿង​អី​តុលាការ​ត្រូវ​ចោទ​ប្រកាន់​គាត់»

​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​សញ្ចារកម្ម​ទាក់ទង​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និង​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​សែន​រៀល កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា។ សវនាការ​នេះ គឺ​មិន​មាន​វត្តមាន​លោក កឹម សុខា ចូល​រួម​ឡើយ ដោយ​មាន​មេធាវី​ការពារ​ក្ដី​របស់​លោក​ចំនួន ៥​រូប​ជំនួស​វិញ។

​ក្រុម​មេធាវី​ការពារ​ក្តី​ទាំង ៥​រូប​នោះ បាន​ព្យាយាម​បកស្រាយ​ទាំង​អង្គហេតុ និង​អង្គច្បាប់ ទៅ​កាន់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ម្ដង​ម្នាក់ៗ ដោយ​លើក​ឡើង​ថា ការ​សម្រេច​របស់​សាលាដំបូង គឺ​លឿន​ហួសហេតុ​ខុស​ពី​រឿង​ក្តី​ធម្មតា ហាក់​មាន​ចេតនា​ចង់​ឱ្យ​កូន​ក្តី​របស់​ពួកគេ​ឆាប់​ជាប់​គុក ព្រម​ទាំង​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់។ បន្ថែម​ពី​នេះ ពួកគេ​ថា តុលាការ​គឺ​មាន​ស្តង់ដារ​ពីរ និង​រើសអើង​ជាដើម។ ជាក់ស្ដែង​សាលាក្ដី​ខ្មែរ​ក្រហម ក៏​មាន​ករណី​កោះ​ហៅ​ឥស្សរជន​ជាន់​ខ្ពស់​ចូល​បំភ្លឺ​ដែរ ហើយ​ក៏​មាន​ការ​បដិសេធ​ចូល​បំភ្លឺ​ដូច​គ្នា ប៉ុន្តែ​មិន​ឃើញ​តុលាការ​ចាត់​វិធានការ​ដូច​ករណី​លោក កឹម សុខា ឡើយ។ លើស​ពី​នេះ​ទៀត ការ​កាត់​ទោស​លោក កឹម សុខា គឺ​ធ្វើ​ឡើង​ទាំង​បំពាន​រដ្ឋធម្មនុញ្ញ និង​លក្ខន្តិកៈ​រដ្ឋ​សភា​ទៀត​ផង ពីព្រោះ​តំណាងរាស្ត្រ​រូប​នេះ​នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ។

​បើ​ទោះ​បី​ជា​យ៉ាង​ណា ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ខំ​ប្រឹង​បកស្រាយ និង​បង្ហាញ​ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​យ៉ាង​ច្រើន ព្រមទាំង​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទម្លាក់​បទ​ចោទ និង​លើកលែងទោស​ចំពោះ​កូន​ក្តី​របស់​ខ្លួន​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សេង ស៊ីវុត្ថា បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង ដោយ​ចាត់​ទុក​ជា​បាន​ការ​ដដែល។ ជាង​នេះ​ទៀត លោក​ថែម​ទាំង​ច្រានចោល​ចំពោះ​ការ​បកស្រាយ​របស់​ក្រុម​មេធាវី​ទៀត​ផង។ យ៉ាង​នេះ​ក្តី ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា នឹង​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល នៅ​ចុង​ខែ​នេះ​បន្ត​ទៀត។

​អ្នក​ស្រាវជ្រាវ​នយោបាយ និង​ច្បាប់​អន្តរជាតិ លោក ឡុង គឹមឃន យល់​ថា សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ ដូច្នេះ​វា​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​ដោយ​នយោបាយ។ លោក​បន្ត​ថា ទ្រឹស្ដី​ទស្សនវិជ្ជា​ក្នុង​ការ​កសាង​រដ្ឋ​ទំនើប​មួយ គឺ​តម្រូវ​ឱ្យ​ការ​រៀបចំ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ត្រឹមត្រូវ ពីព្រោះ​មាន​សារសំខាន់​ដើម្បី​ធានា​យុត្តិធម៌​សង្គម សន្តិភាព និង​ស្ថិរភាព​នយោបាយ។ ប៉ុន្តែ​បរិបទ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ច្បាប់​និង​តុលាការ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​យក​ទៅ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​គាបសង្កត់​ដៃគូ​ម្ខាង​ទៀត វា​នឹង​បង្ក​ឱ្យ​សង្គម​លែង​មាន​ការ​ផ្សះផ្សា​ជាតិ ឬ​បង្រួបបង្រួម​ជាតិ៖ «ការ​ដែល​មាន​អយុត្តិធម៌ និង​ឈឺ​ចាប់​ច្រើន​ហ្នឹង អ៊ីចឹង​ហើយ​អាច​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​អស្ថិរភាព​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បាត់បង់​នូវ​ស្ថិរភាព»

​លោក​មើល​ឃើញ​ថា រឿង​នេះ អាច​នឹង​ត្រូវ​បញ្ចប់​នៅ​អំឡុង​ពេល​យ៉ាង​តិច ៣​ខែ ទៅ​មុខ​ទៀត ដោយសារ​ការ​ចរចា​នយោបាយ ឬ​វប្បធម៌​សន្ទនា ពីព្រោះ​លោក​មើល​មិន​ឃើញ​មាន​ដំណោះស្រាយ​ណា​ល្អ​ជាង​នេះ​ឡើយ។ លោក​ថា ប្រសិនបើ​សំណុំ​រឿង​នេះ​បញ្ចប់​ដោយ​វិធី​ផ្សេង ភាគី​ជនរងគ្រោះ គឺ​រង​ភាព​អយុត្តិធម៌ ឬ​ភាព​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ដែល​នាំ​ឱ្យ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​មិន​អាច​កើត​មាន​ឡើយ។

តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​មោឃភាព​នីតិវិធី​លើ​សំណុំ​រឿង​លោក កឹម សុខា

នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា នេះ​ដែរ តុលាការ​កំពូល​សម្រេច​ច្រានចោល​បណ្ដឹង​មោឃភាព​នីតិវិធី​លើ​សំណុំ​រឿង​លោក កឹម សុខា មិន​ព្រម​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ការ​សម្រេច​នេះ គឺ​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កឹម សុខា ក្រោម​បទ​ចោទ​មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​​​​ដែល​ក្រុម​មេធាវី​របស់​លោក​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល កាល​ពី​ខែ​កញ្ញា។ ក្រោយ​មក ​ថ្ងៃ​ទី​៩ ខែ​កញ្ញា តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​តែ​អាច​នីតិវិធី​របស់​ខ្លួន និង​កាត់​ទោស​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​ឱ្យ​ជាប់​គុក​រយៈពេល ៥​ខែ និង​ពិន័យ​ជា​ប្រាក់ ៨​សែន​រៀល​ដដែល។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា ម្នាក់ គឺ​លោក​មេធាវី ហែម សុជាតិ មាន​ប្រសាសន៍​ថា ឱ្យ​តែ​សំណុំ​រឿង​ពាក់ព័ន្ធ​នយោបាយ គឺ​ការ​សម្រេច​របស់​តុលាការ​កំពូល មិន​អាច​ប្រែប្រួល​ទៅ​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​បាន​ឡើយ៖ «តុលាការ​កំពូល​គេ​ចាត់​ថា ចំណាត់ការ​តុលាការ​ថ្នាក់​ក្រោម​គេ​ធ្វើ​ត្រឹមត្រូវ​ដូច​គ្នា។ អ៊ីចឹង​គឺ​អត់​មាន​អី​ទេ ឱ្យ​តែ​ពាក់ព័ន្ធ​រឿង​នយោបាយ»

យ៉ាង​នេះ​ក្តី ក្រុម​មេធាវី​យល់​ថា ការ​សម្រេច​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌ និង​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល