តុលាការ​កំពង់ចាម​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ឃុំ​ខ្លួន​ពី​បទ​រួមគំនិត​ក្បត់ជាតិ

ដោយ សេក បណ្ឌិត
2019.10.04
ដុង សុវណ្ណរិទ្ធិ  ៦២២ យុវជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​បាធាយ លោក ដុង សុវណ្ណរិទ្ធិ ដែល​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក​លោក ដុង សុវណ្ណរិទ្ធិ

មន្ត្រី​សាលាដំបូង​ខេត្ត​កំពង់ចាម​បញ្ជូន​ខ្លួន​យុវជន​គណបក្ស​ប្រឆាំង​ម្នាក់ នៅ​ស្រុក​បាធាយ​គឺ​លោក ដុង សុវណ្ណរិទ្ធ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ដោយ​ចោទប្រកាន់​រួមគំនិត​ក្បត់ជាតិ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​រឿង​នយោបាយ។

ភរិយា​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​បាធាយ ហៅ​ការ​ចាប់ខ្លួន​ស្វាមី​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​គ្រួសារ​របស់​លោក​ស្រី ដោយ​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​ឡើយ។

លោកស្រី ញ៉ន សុខគៀង ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៣ តុលា​ថា លោកស្រី​បាន​ទៅ​ជួប​ស្វាមី​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម​កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា រួច​ហើយ។ លោកស្រី​បញ្ជាក់​ថា ស្វាមី​លោកស្រី​មាន​ស្មារតី​រឹងមាំ ដោយ​មិន​មាន​ការតក់ស្លុត​នោះ​ទេ។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ស្នើសុំ​តុលា​ការ​ឱ្យ​ដោះលែង​ស្វាមី​មកវិញ ព្រោះ​លោកស្រី​បញ្ជាក់​ថា លោក ដុង សុវណ្ណរិទ្ធ ជា​មនុស្ស​ស្អាតស្អំ ស្លូតត្រង់​និង​ចេះ​ជួយ​យកអាសា​អ្នកភូមិ​ជិតខាង និង​ពុំបាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ៖ «ព្រោះ​អី​ប្ដី​ខ្ញុំ​អត់​មាន​ខុស​អី​ផង តុលាការ​ចោទប្រកាន់​ប្ដី​អីចឹង គេ​ប្ដី​ខ្ញុំ​ប្រមូល​កម្លាំង​ធ្វើ​រដ្ឋប្រហារ តាមពិត​គាត់​មានបាន​ធ្វើ​អី​ទេ គាត់​នៅតែ​ក្នុង​ផ្ទះ​ជួយ​លក់ដូរ​ខ្ញុំ។ ខ្ញុំ​ឮ​ថា​តុលាការ​អាច​ដាក់​គុក​ប្ដី​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ តើ​ខ្ញុំ​គិត​យ៉ាងម៉េច​ចំពោះ​គ្រួសារ​បើ​ខ្ញុំ​មាន​កូន​ជាច្រើន​នាក់​ត្រូវ​ទទួលខុសត្រូវ​ម្នាក់ឯង។ ខ្ញុំ​ចង់​តុលាការ​ដោះលែង​ប្ដី​ខ្ញុំ​មកវិញ ដើម្បី​គាត់​បាន​ជួយ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូន ព្រោះ​ខ្ញុំ​ម្នាក់ឯង​រត់​មិន​រួច​ទេ ណាមួយ​ផ្ទះ​ក៏​ជួល​គេ​ហើយ​ត្រូវ​បង់​ប្រាក់​ឱ្យ​ធនាគារ​២០០​ដុល្លារ​ជា​រៀងរាល់​ខែ​ទៀត»

តុលាការ​ខេត្ត​កំពង់ចាម​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​បាធាយ លោក ដុង សុវណ្ណរិទ្ធ កាលពី​ព្រឹក​ថ្ងៃ​ទី១ តុលា និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលា កន្លង​ទៅ។ ភរិយា​របស់​លោក​អះអាង​ថា នៅ​ពេល​ចុះ​ចាប់ខ្លួន​នោះ សមត្ថកិច្ច​មិនបាន​បង្ហាញ​ដីកា​ឱ្យ​សាមីខ្លួន និង​សាច់ញាតិ​បាន​ឃើញ​ឡើយ។

សាលាដំបូង​ខេត្ត​កំពង់ចាម បាន​សម្រេច​ចោទ​ប្រកាន់ លោក ដុង សុវណ្ណរិទ្ធ ពី​បទ​រួមគំនិត​ក្បត់ជាតិ តាម​បញ្ញត្តិ មាត្រា​ទី​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា។ តុលាការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី១ តុលា​ថា ការចោទប្រកាន់​នេះ​ដោយសារ​ជន​ជាប់ឃុំ​រូប​នេះ បាន​ចូលរួម​ក្នុង​គម្រោង​វិលត្រឡប់​របស់​ប្រធាន​ស្ដី​គណបក្ស​សង្គ្រោះ​ជាតិ គឺ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ខាងមុខ ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ដើរ​កៀរគរ​ប្រជាពលរដ្ឋ នៅ​ស្រុក​បាធាយ ដើម្បី​ឱ្យ​ទៅ​ចូលរួម​ជាមួយ​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ។

ទោះជា​យ៉ាងណា​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​ការអនុវត្ត​ច្បាប់ ពីព្រោះ​ជន​ជាប់ឃុំ​ជា​សកម្មជន​បក្ស​ប្រឆាំង​ដែល​តែង​ជួប​ប្រជុំគ្នា​ឈឺឆ្អាល​រឿង​នយោបាយ៖ «អ្នក​ដែល​ចាប់ខ្លួន​នៅ​ខេត្ត​កំពង់ចាម​នេះ​គឺ បាន​ចោទប្រកាន់​ទាក់ទង​នឹង​បទ​ញុះញង់ គឺ​មុន​ខុសគ្នា​អ្នក​ចាប់​ពី​មុខៗ​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា រឿង​នេះ​មិនមែន​ជា​រឿង​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ទេ នេះ​គ្រាន់តែ​ការ​មួយ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​ច្បាប់​របស់​កម្ពុជា​បានការ​ពារ​នូវ​សិទ្ធិ​សេរីភាព​ទាំងនេះ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៣ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ស្រប​ពេល​សកម្មជន​ជាច្រើន​នាក់​ផ្សេងទៀត បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។

លោក នី សុខា លើកឡើង​ថា ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​មន្ត្រី​បក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត​នេះ ពុំ​មែន​ជា​ដំណោះស្រាយ​នយោបាយ​ទេ ផ្ទុយទៅវិញ គឺ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជិត​កន្លះ​នគរ​កាន់តែ​ក្ដៅក្រហាយ ហើយ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ទៅវិញ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ទទូច​ដល់​មេដឹកនាំ​គណបក្ស​កាន់អំណាច និង​គណបក្សប្រឆាំង​ឱ្យ​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​ងាក​មក​រក​តុ​ចរចា​គ្នា បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់ ប្រសើរ​ជាង​ការ​ឈ្លោះ​គ្នា​នាំ​ឱ្យ​ខាតបង់​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។