ច្បាប់​​សញ្ជាតិ​ថ្មី​នឹង​អាច​ឱ្យ​ជន​អន្តោប្រវេសន៍​រស់នៅ​​កម្ពុជា​ក្លាយ​ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់

ដោយ មាន ឫទ្ធិ
2018-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (ឆ្វេង) ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

រដ្ឋសភា​នៃ​របប​ក្រុងភ្នំពេញ​បាន​អនុម័ត​ជា​ផ្លូវការ​ហើយ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​១០ របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ ដោយ​ចំនួន ១១២​សំឡេង។ សេចក្ដីព្រាងច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ មិនមែន​ជា​ការ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​សញ្ជាតិ​ចាស់​កាលពី​ឆ្នាំ​១៩៩៦ ឡើយ ក៏ប៉ុន្តែ ជា​ការ​បង្កើត​ច្បាប់​ថ្មី ដោយ​រក្សាទុក​នូវ​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ច្បាប់​សញ្ជាតិ ឆ្នាំ​១៩៩៦ ដែល​នៅ​មាន​លក្ខណៈ​សមស្រប​សម្រាប់​យក​មក​អនុវត្ត​នៅ​ក្នុង​បរិបទ​នា​ពេល​បច្ចុប្បន្ន​នៅឡើយ។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ឡើង​ថ្លែង​ការពារ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ថ្លែង​ថា សញ្ជាតិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ និង​នយោបាយ​ដែល​ភ្ជាប់​បុគ្គល​ទៅ​នឹង​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ចំណង​នេះ រូបវន្តបុគ្គល ត្រូវ​ចាត់ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ថា ការ​បង្កើត​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ​ឡើង គឺ​ដោយសារ​ច្បាប់​ចាស់ មិន​សមស្រប​សម្រាប់​អនុវត្ត​ក្នុង​ស្ថានភាព​សង្គម​បច្ចុប្បន្ន។

អគ្គលេខាធិការ​រដ្ឋសភា​ជាតិ លោក ឡេង ប៉េងឡុង ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ​ថា ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ធ្វើឡើង​ដើម្បី​ចែង​ឲ្យ​បាន​លម្អិត​ជាង​មុន ពាក់ព័ន្ធ​នឹង​បញ្ហា​ស្ដីពី​សញ្ជាតិ ដោយ​ផ្អែក​គោលការណ៍​សំខាន់ៗ​ចំនួន ៤ ដែល​ត្រូវ​បាន​អនុវត្ត​ជា​សាកល។ គោលការណ៍​ទាំង ៤ នោះ​រួមមាន ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ការ​ផ្តល់​សញ្ជាតិ​តាម​ចំណង​អាពាហ៍ពិពាហ៍ ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ស្មុំ​កូន និង​ការ​ផ្តល់​សញ្ជាតិ​តាម​ការ​ផ្តល់​វិភាគទាន ឬ​វិនិយោគ ជាដើម។ លោក​បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​បាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ការ​វិនិយោគ ឬ​ការ​ផ្តល់​វិភាគទាន ពី​សំណាក់​ជនបរទេស ដើម្បី​ទទួល​បាន​សញ្ជាតិ​ឡើយ ដោយ​ទុក​វិសាលភាព​នេះ ឲ្យ​នាយករដ្ឋមន្ត្រី​ជា​អ្នក​កំណត់ តាមរយៈ​ការ​ចេញ​អនុក្រឹត្យ​នា​ពេល​ខាងមុខ។ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ ក៏​មាន​ចែង​អំពី​ខ្លឹមសារ​នៃ​ការ​ផ្ដល់​សញ្ជាតិ​ដល់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ៖ «បាទ​! យើង​មាន​កំណត់​ថា ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​យូរ ហើយ​នឹង​មាន​លក្ខណៈ​មួយ​ចំនួន​ដូចជា ចេះ​ភាសា​ខ្មែរ ចេះ​សរសេរ​អក្សរ​ខ្មែរ​... មាន​លក្ខណៈ​មួយ​ចំនួន គឺ​មាន​សិទ្ធិ​សុំ​ចូល​សញ្ជាតិ។ ការ​សុំ​ចូលសញ្ជាតិ​ហ្នឹង គឺ​ស៊ីសង​នឹង​រដ្ឋាភិបាល​ពិនិត្យមើល ថា​តើ​គួរ​អាច​ឲ្យ​ចូល​បាន ឬ​អត់។ ប្រហែលជា ១០​ឆ្នាំ។ កូន​កើត​នៅ​ស្រុក​ខ្មែរ ប្រហែលជា​អាច ៣​ឆ្នាំ​។ ខ្ញុំ​មិន​មាន​ច្បាប់​នៅ​ហ្នឹង​មុខ​ទេ ប៉ុន្តែ ប្រហែល​ប៉ុណ្ណឹង បាទ!»

យ៉ាងណាក៏ដោយ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា ច្បាប់​ថ្មី​នេះ មិន​មាន​ចែង​ពី​ការ​ដក​សញ្ជាតិ របស់​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ដូចជា​អំពើ​ក្បត់ជាតិ ឬ​ធ្វើអំពើ​ទាំងឡាយ​ណា​ដែល​មិន​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា​ឡើយ ដោយ​លោក​អះអាង​ថា ផ្អែក​តាម​រដ្ឋធម្មនុញ្ញ សញ្ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​អាច​ត្រូវ​បាន​ដកហូត​ដោយ​រដ្ឋ​ឡើយ លុះត្រាតែ​មានការ​ស្នើសុំ​ពី​សាមីខ្លួន​ដែល​ចង់​លាលែង​សញ្ជាតិ​។ ហេតុដូច្នេះ លោក​ថា អ្នក​ដែល​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ ត្រូវ​ជាប់ទោស​ទៅតាម​ច្បាប់​កំណត់​ដដែល ហើយ​នៅតែ​ជាប់​កាតព្វកិច្ច​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​នេះ ពុំ​មាន​ចែង​កំណត់​ថា នាយករដ្ឋមន្ត្រី ឬ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រដ្ឋាភិបាល ឬ​ស្ថាប័ន​ជាន់ខ្ពស់​របស់​ជាតិ ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះ​ឡើយ។ ច្បាប់​ថ្មី​នេះ ចែងថា​ជនបរទេស​ណា​ដែល​កាន់កាប់ ប្រើប្រាស់ ឬ​ក្លែងបន្លំ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន​កម្ពុជា នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គេកំពុងរៀបចំ​ បោះឆ្នោតជំនួស ប្រជារាស្ត្រខ្មែរហើយ !
បើគេគ្រប់គ្រងគ្រប់ក្រសួងទាំងអស់ហើយ
គ្មានអ្វីពិបាក សម្រេចនឹងអនុវត្ត !

Jun 01, 2018 11:12 AM

គេហទំព័រ​ទាំងមូល