តុលាការ​កំពូល​បើក​សវនាការ​បណ្ដឹង​ជំទាស់​របស់​លោក គឹម សុខ នៅ​ថ្ងៃ​១០ មករា

ដោយ អាស៊ីសេរី
2018-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។
លោក គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៧។
Photo: RFA

តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹង​ជំទាស់​របស់​លោក គឹម សុខ ក្នុង​សំណុំរឿង​ចោទ​គណបក្ស​ប្រជាជន​ថា ពាក់ព័ន្ធ​ការ​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​មករា នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល អ្នកស្រី គិម សត្ថាវី និង​តំណាង​មហា​អយ្យការ លោក ឈួន ចាន់ថា នឹង​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​លោក គឹម សុខ ដែល​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​សាលា​ឧទ្ធរណ៍។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧ ចៅក្រម​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី បាន​កាត់​ទោស​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ដាក់​គុក ១៨​ខែ ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល ឬ​ស្មើ​ប្រមាណ ២​ពាន់​ដុល្លារ​អាមេរិក បង់​ចូល​រដ្ឋ​ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​នៃ​ក្រម​ព្រហ្មទណ្ឌ និង ៨០០​លាន​រៀល​ ឬ​ស្មើ​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក សង​ជំងឺ​ចិត្ត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

ជុំវិញ​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី នេះ មិន​មែន​មាន​តែ​លោក គឹម សុខ ម្នាក់​ទេ ​ដែល​ត្រូវ​មាន​ទុក្ខ​ទោស ​ព្រោះ​តែ​និយាយ​ថា លោក ហ៊ុន សែន ជា​អ្នក​ស្ថិត​នៅ​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ ក្នុង​នោះ​លោក សម រង្ស៊ី អតីត​មេ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង​ ត្រូវ​រស់​នៅ​ដោយ​និរទេស​ខ្លួន ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​ព្រោះ​តែ​និយាយ​ចំ​ចំណុច​រសើប​នេះ។

លោក គឹម សុខ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ប្ដឹង​ទៅ​តុលាការ ២​សំណុំ​រឿង​ផ្សេង​គ្នា។ បណ្ដឹង​ទី​១ លោក ហ៊ុន សែន ទាមទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​អាមេរិក រឿង​លោក គឹម សុខ ថា គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​បណ្ឌិត កែម ឡី និង​បណ្ដឹង​ទី​២ លោក ហ៊ុន សែន ទាមទារ ១០​លាន​រៀល រឿង​លោក គឹម សុខ ថា រដ្ឋាភិបាល​បាន​រៀបចំ​ជា​ប្រព័ន្ធ​មួយ​ក្នុង​ការ​សម្លាប់​មនុស្ស ក្នុង​នោះ​មាន​លោក​បណ្ឌិត កែម ឡី ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សម័យបុរសខ្លាំង ហ៑ុន សែន សម្លាប់អ្នកនិយាយការពិត អ្នកមើលឃើញឃាតករ ក៏មានទោសដែរ !

Jan 10, 2018 12:17 AM

គេហទំព័រ​ទាំងមូល