ពន្ធនាគារ​បន្ត​អនុញ្ញាត​ឱ្យ​ឧកញ៉ា​ គិត​ធាង​ សម្រាក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ​

ដោយ​ សន ចាន់រដ្ឋា
2019-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត រ៉ុក (Rock) មុន​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។
ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត រ៉ុក (Rock) មុន​ពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Royal Financial Corp

ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា ប៉េហ្ស៊ី (PJ) អនុញ្ញាត​ឱ្យ​ជន​ចោទ​ករណី​ជួញដូរ​គ្រឿងញៀន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ខណៈ​ជន​ជាប់​ចោទ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​មនុស្ស​ស្លាប់ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ។ សង្គម​ស៊ីវិល​ សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ទទួល​បាន​សិទ្ធិ​ពិសេស​នេះ​ព្រោះ​អ្នកទោស​ ធម្មតា ឬ​អ្នក​ទោស​មនសិការ​មិន​ងាយ​ទទួល​បាន​សិទ្ធិ​ពិសេស​ដើម្បី​ដេក​ព្យាបាល​ជំងឺ​ក្រៅ​គុក​បែបនេះ​ទេ។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា ប្រាប់​អាស៊ី​សេរី​ថា ជន​ត្រូវ​ចោទ​ឧកញ៉ា គិត ធាង មិនទាន់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) នៅឡើយ​ទេ​ដោយ សារ​តែ​លោក​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ ឬ​ហៅ​ថា​ពេទ្យ​រុស្ស៊ី។ ប៉ុន្តែ​ជនជាប់ចោទ​មួយ​រូប​ទៀត​ឈ្មោះ​កញ្ញា យិន ឃុនម៉ី​ ហៅ យិន ម៉ាណា ដែល​ជា​កូនស្រី​អ្នក​មាន​ឥទ្ធិពល​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​បើក​រថយន្ត​ទំនើប​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​នោះ​ត្រូវ​បាន​បញ្ជូន​ ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ​ហើយ តាំង​ពី​ថ្ងៃ​ទី១០ ខែ​មេសា​បន្ទាប់ពី​ជា​ស្បើយ​ពី​ជំងឺ។

លោក នុត សាវនា មិន​ដឹង​ថា ស្ថានភាព​ជំងឺ​របស់​លោក​ឧកញ៉ា គិត ធាង ស្ថិត​ក្នុង​កម្រិត​ណា និង​ត្រូវការ​ពេល​ព្យាបាល​យូរប៉ុណ្ណា​នោះ​ទេ​ខណៈ​កន្លងមក​ លោក​ប្រាប់​ថា​ លោក​គិត​ ធាង​ និង​កញ្ញា​យិន ម៉ា​ណា មាន​អាការៈ​ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​ដូចគ្នា៖ «បាទ! គាត់ (គិត ធាង) ​នៅ​ឡើយ។ យក​ល្អ​សួរ​ទៅ​ខាង​មន្ទីរពេទ្យ​គេ​ដឹង​ច្បាស់ ព្រោះ​នៅ​លើ​ដៃ​ពេទ្យ។ អាស្រ័យ​លើ​ពេទ្យ ខ្ញុំ​មិន​អាច​ដឹង​ថា​ម៉េច​បាន​ធ្ងន់ធ្ងរ ឬ​មិន​ធ្ងន់ធ្ងរ។ យើង​មើល​នឹង​ភ្នែក​ម៉េច​កើត»

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត លោក​ ងី ម៉េង បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ខណៈ​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​លោក ហេន រ៉ាម៉ានី​មិន​ទទួល​ទូរស័ព្ទ។

ឧកញ៉ា គិត ធាង ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី តាំង​ពី​ថ្ងៃ​ទី១ ខែ​មេសា ដោយសារ​មាន​ជំងឺ​សួត និង​ស្ទះ​ដង្ហើម។ សារព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​បុគ្គលិក​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ថា អាការៈ​ជំងឺ​លោក ​គិត​ ធាង​ បាន​ធូរ​ស្រាល​ហើយ ដោយ​មិន​ចាំបាច់​ចាក់ថ្នាំ ឬ​ឱ្យ​ថ្នាំលេប​នោះ​ទេ។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ទៀត​ថា លោក គិត ធាង ដេក​ព្យាបាល​នៅ​បន្ទប់​ពិសេស​មួយ ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ចេញ​ចូល​ឡើយ សូម្បី​អនុរក្ស​ពន្ធនាគារ​ ក្រៅ​តែ​ពី​គ្រួសារ ឬ​ប្រពន្ធ​របស់​លោក។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​ថា​ករណី​អ្នក​ទោស​ ដែល​មាន​លុយ​ មាន​អំណាច ​ទទួល​បាន​សិទ្ធិ​ពិសេស​អាច​ដេក​សម្រាក​ព្យាបាល​ក្រៅ​ពន្ធនាគារ​ ខុស​គ្នា​ឆ្ងាយ​ពី​ក្រុម​អ្នក​ទោស​មនសិការ ឬ​អ្នក​ទោស​ដែល​មាន​គ្រួសារ​ជីវភាព​ក្រីក្រ​ គឺ​កើត​មាន​តាំង​ពី​យូរ​មក​ហើយ។ លោក​បន្ត​ថា ករណី​នេះ ធ្វើ​ឱ្យ​សាធារណជន​សង្ស័យ​ថា កើត​ឡើង​សារ​តែ​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​អំពើ​ពុក​រលួយ ហើយ​បណ្ដាល​ឱ្យ​មាន​អំពើ​និទ្ទណ្ឌភាព​ពាក់ កណ្ដាល​ ឬ​អំពើ​និទ្ទណ្ឌភាព​សម័យ​ថ្មី៖ «ការ​អនុវត្ត​ច្បាប់​វា​មិន​ទាំង​អស់​ទេ ប៉ុន្តែ​មាន​ករណី​ខ្លះ​វា​នៅ​តែ​មាន​ការ​យល់​ឃើញ​ថា​ មាន​លុយ​អាច​ប្រើ​ខ្មោច​ឱ្យ​កិន​ម្សៅ។ អ៊ីចឹង​ទៅ! ទម្រង់​ខ្លះ​សម្រាប់​យុត្តិធម៌​ ឬ​ក៏​ការ​មាន​ប្រៀប​របស់​អ្នក​មាន​លុយ​មាន​ឥទ្ធិពល​នៅ​ពេល​ពួក​គេ​ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​ក្តី​ ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​ងាយ​ទទួល​បាន​ឱកាស​ភាព​ងាយ​ស្រួល​ ឬ​ក៏​ភាព​ចន្លោះ​នៃ​ច្បាប់​ធ្វើ​ឱ្យ​ពួក​គេ​មាន​រូបភាព​ជាក់​គុក​តែ​ឈ្មោះ​ ឬ​ក៏​ប្រភេទ​ឃុំ​ខ្លួន​នៅ​ពេទ្យ​អី​ជា​ដើម»

ឧកញ៉ា គិត ធាង ត្រូវ​បាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី១១ មីនា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឱ្យ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី១២ មីនា នៅ​ពន្ធនាគារ​ស្នងការ​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​ ពន្ធនាគារ​ ប៉េ​ហ្ស៊ី (PJ)។ ចៅក្រម​ស៊ើបសួរ​ចោទ​ប្រកាន់​លោក​ពី​បទ​ចាត់ចែង សម្រួល​ឱ្យ​មាន​ការ​ប្រើប្រាស់​សារជាតិ​ញៀន​ខុស​ច្បាប់ និង​បទ​សម​គំនិត តាម​មាត្រា៤២ និង៤៤​ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​មាត្រា២៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ច្បាប់​អ្នក​ទោស​គ្រប់​រូប​មាន​សិទ្ធិ​ដូចគ្នា​ក្នុង​ទទួល​បាន​សេវា​ព្យាបាល នៅ​តាម​មន្ទីរ​ពេទ្យ​ធំៗ របស់​រដ្ឋ ប្រសិន​បើ​ពួក​គេ​មាន​ជំងឺ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​តាម​ការ​សង្កេត​របស់​លោក គឺ​អ្នក​ទោស​ដែល​ក្រីក្រ គឺ​កម្រ​ទទួល​បាន​សិទ្ធិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​បំផុត មាន​តែ​ក្រុម​អ្នក​ទោស ដែល​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ៖ «បើ​សិន​ជា​អ្នក​ទោស​វា​ត្រូវតែ​មាន​ភាព​ស្មើភាព​គ្នា។ គាត់​ឈឺ​គាត់​អី ត្រូវ​តែ​ព្យាបាល​ ហើយ​ការ​ចំណាយ​ គឺ​ជា​បន្ទុក​របស់​រដ្ឋ ​ឬ​ក៏​ការ​កម្លាំង​ការពារ​នៅ​លើ​រដ្ឋ។ បើ​សិន​ជា​សុខភាព​អ្នក​ទោស​ណា​មួយ​ តម្រូវ​ឱ្យ​គាត់​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​ គឺ​ត្រូវ​តែ​បញ្ជូន​ទៅ។ ប៉ុន្តែ​កន្លង​មក ​អ្នក​ដែល​មាន​លុយ​មាន​កាក់​ ឬ​ឧកញ៉ា​ អាច​មាន​លទ្ធភាព​ទៅ​ព្យាបាល​ ចំណែក​អ្នក​ក្រីក្រ ទាល់​តែ​ធ្ងន់ធ្ងរ​បាន​បញ្ជូន​ទៅ។ ជូន​កាល​អាច​នឹង​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ក៏​មាន​ ដោយសារ​វា​ធ្ងន់ធ្ងរ»

លោក​អំ​ សំអាត​ ទទួលស្គាល់​ថា​ការ​បញ្ជូន​អ្នកទោស​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ធំៗ​របស់​រដ្ឋ​នេះ​គឺ​ដោយសារតែ​ខាង​ពន្ធនាគារ​ខ្វះ​គ្រួ​ពេទ្យ​ជំនាញ​និង​សម្ភារៈ​ឧបករណ៍​ប៉ុន្តែ​ការ​បញ្ជូន​ចេញ​ព្យាបាល​នៅ​ពន្ធនាគារ​នេះ​គួរតែ​ធ្វើឡើង​ដោយ​យុត្តិធម៌​និង​តម្លាភាព៖ «អ្នក​ជំងឺ​ខ្លះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ ហើយ​ទទួល​ថ្នាំ​ ហើយ​អាច​បញ្ជូន​ត្រឡប់​ទៅ​វិញ​ ដោយ​មិន​បាន​សម្រាក​ព្យាបាល​ទេ​ ដោយហេតុ​ផល​ថា ​ខ្វះ​កម្លាំង​ការពារ​ និង​ខ្វះ​ថវិកា​អី​ជា​ដើម។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មានទ្រព្យ​ធន គឺ​អាច​បន្ត​ស្នាក់​នៅ​ ដើម្បី​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន។ អ៊ីចឹង​យើង​សង្កេត​ឃើញ​ថា​ លុះ​ត្រា​តែ​ស្ថានភាព​ជំងឺ​របស់​អ្នក​ទោស​ក្រីក្រ​ធ្ងន់ធ្ងរ​បំផុត ​ទើប​អាច​ស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន។ ប៉ុន្តែ​មិន​មាន​រយៈ​ពេល​យូរ​ដូច​អ្នក​ដែល​មាន​លុយ​មាន​កាក់​នោះ​ទេ»

កន្លង​មក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​រង​ការ​ចោទ​ថា បាន​ជួល​បន្ទប់​ទំនើបៗ ឱ្យ​ជន​ជាប់​ចោទ​មាន​ប្រាក់​ស្នាក់​នៅ។ ក្រៅពី​លោក​ គិត ​ធាង​ អ្នក​ទោស​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​បន្ទប់​វីអាយភី (VIP) របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​ដូច​ជា ឧកញ៉ា ថោង សារ៉ាត់ ជាប់​ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​ឧក​ញ៉ា អ៊ឹង ម៉េងជឺ លោក ឈូក បណ្ឌិត អតីត​ទណ្ឌិត និង​ជា​អតីត​អភិបាល​ក្រុង​បាវិត ដែល​បាញ់​ក្រុម​កម្មករ ឧកញ៉ា សុខ ប៊ុន ក្នុង​សំណុំរឿង​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេងហាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជា​ដើម។

សង្គម​ស៊ីវិល​បារម្ភ​ថា ប្រសិនបើ​គ្មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​ទេ គឺ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម ជា​ពិសេស ជន​ជាប់​ចោទ ដែល​ជា​អ្នក​មាន​លុយ​មាន​អំណាច លែង​ខ្លាច និង​គោរព​ច្បាប់​ត​ទៅ​ទៀត​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល