តុលាការ​ខេត្ត​ព្រះសីហនុ​បិទ​ការ​ស៊ើបសួរ​ករណី​ឃុំខ្លួន​ពលរដ្ឋ​៤​នាក់​នៅ​សហគមន៍​អូរខ្សាច់

វ៉ែន សុមេធ
2018-09-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ពលរដ្ឋ ៤​នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ប្រកាស​សាល​ដីកា​ស្ថាពរ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ផ្ដើម​ដោយ​ជម្លោះ​ដីធ្លី នា​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
RFA

សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នៃ​ការ​ឃុំខ្លួន​ពលរដ្ឋ មាន​បញ្ហា​ដីធ្លី​បួន​នាក់ នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ជូន​ដឹង​ថា សំណុំ​រឿង​នេះ​ចៅក្រម​បាន​បិទ​ការ​ស៊ើបសួរ​ហើយ ដែល​ករណី​នេះ នឹង​ឈាន​ដល់​ការ​បើក​សវនាការ​ជម្រះ​ក្តី នៅ​ពេល​ខាងមុខ។

មន្ត្រី​សង្គម​ស៊ីវិល ដែល​ឃ្លាំមើល​លើ​សំណុំ​រឿង​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ ជាមួយ​អ្នកមាន​ងារ​ជា​ឧកញ៉ា និង​ឈ្មួញ​រកស៊ី​ដីធ្លី​ល្បីឈ្មោះ​នោះ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​នេះ នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ លោកស្រី ជាប សុធារី ពន្យល់​ថា តាម​នីតិវិធី​នៅ​ពេល​ចៅក្រម​បិទ​ការ​ស៊ើបសួរ ចៅក្រម​នឹង​ចេញ​ដីកា​ទៅ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា ជន​ជាប់ឃុំ និង​អ្នក​ពាក់ព័ន្ធ​ថា សំណុំ​រឿង​នេះ​ចៅក្រម​បាន​ស៊ើបសួរ គ្រប់គ្រាន់​ហើយ​ដែល​ករណី​នេះ​នឹង​ឈាន​ដល់​ការ​បើក​សវនាការ​ជម្រះ​ក្តី។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា នេះ​ជា​កា​វិវឌ្ឍ​ថ្មី​មួយទៀត​នៃ​ករណី​ឃុំខ្លួន​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​បួន​រូប។ «»

លោកស្រី ជាប សុធារី ដែល​តាមដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ចៅក្រម​បិទ​ការ​ស៊ើបសួរ​លើ​សំណុំ​រឿង​នេះ គឺ​មាន​គណៈកម្មការ​មួយ​បាន​ចុះទៅ​ស្រាវជ្រាវ​ព័ត៌មាន​នៅ​លើ​ទីតាំង​នៃ​ដី​ជម្លោះ​ដែរ ប៉ុន្តែ​លោកស្រី​មិន​បាន​ដឹង​លម្អិត​ពី​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​នេះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បង្ហាញ​ក្តី​សង្ឃឹម​ច្រើន​ថា ពលរដ្ឋ​នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ។ «»

គិត​មកដល់​ពេលនេះ​ប្រជា​សហគមន៍​អូរខ្សាច់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​អស់​រយៈពេល​ជាង ៤​ខែ​មក​ហើយ​ដោយសារ​ការ​រង​គំនាប​ពី​ក្រុម​ឈ្មួញ​មាន​លុយ និង​មានអំណាច​ប្ដឹង​ពួកគាត់​ទៅ​តុលាការ។

កូនប្រុស​របស់​សកម្ម​ជន​ដីធ្លី​ម្នាក់​ដែល​ម្ដាយ​គាត់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ គឺ​លោក ហ៊ី រ៉ា បាន​អំពាវនាវ ដល់​របប​ថ្មី​របស់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍ និង​ផ្ដល់​យុត្តិធម៌​ដល់​ម្ដាយ​លោក និង​អ្នក​ជាប់​ឃុំ​បី​នាក់​ផ្សេងទៀត​នៅ​ក្នុង​សំណុំ​រឿង​នេះ។ លោក​ព្រួយបារម្ភ​ថា បើ​តុលាការ​នៅ​បន្ត​ឃុំខ្លួន ឬ​ចោទប្រកាន់​លើ​ម្ដាយ​របស់​លោក​ទៀត​គឺ​អាច​ប៉ះពាល់​ដល់​ជីវិត​ម្ដាយ​របស់​លោក​ព្រោះ​ពេល​នេះ​ម្ដាយ​លោក​កំពុង​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ រហូត​មាន​ថ្ងៃ​ខ្លះ​ត្រូវ​បញ្ជូន​ចេញ​មក​ព្យាបាល​នៅ ក្រៅ​ពន្ធនាគារ​ថែម​ទៀត​ផង។ «»

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​មេធាវី​ការពារ​ក្តី​ឲ្យ​ពលរដ្ឋ​សហគមន៍​អូរខ្សាច់ លោក កែ ប៊ុនធឿន បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា។

កាលពីដើម​ខែ​ឧសភា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក ហេង ប៊ុនទី បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ចាប់​ពលរដ្ឋ​ទាំងនោះ ខណៈ​ពួកគេ​កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ​និង​កាប់​ព្រៃ​នៅ​លើ​ដី​មាន​ជម្លោះ​នោះ។

ក្រោយមក​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​ចោទប្រកាន់​ពលរដ្ឋ​ពី​បទ «ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» តាម​ដើម​បណ្តឹង​ឈ្មោះ តាន់ តាត់ មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មោះ ឡុញ វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល