អ្នកឃ្លាំមើល​លើកឡើង​ថា ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ

ដោយ ជីវិតា
2024.02.09
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែង​កាលពីថ្ងៃទី៨ កុម្ភៈ ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​យុត្តិធម៌

អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​លុប​បំបាត់​អំពើពុករលួយ និង​ធ្វើ​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​ឯករាជ្យ​ជា​មុន​សិន ទើប​អាច​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ ពួកគាត់​ថា កំណែ​ទម្រង់​លើ​ប្រព័ន្ធ​យុត្តិធម៌​នេះ មាន​ប្រសិទ្ធភាព ឬ​មិន​មាន​ប្រសិទ្ធភាព អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ។

អ្នកវិភាគ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ហាក់​នៅ​នឹង​ថ្កល់​មួយ​កន្លែង ដោយសារ​ការ​អនុវត្ត​នៅ​ខ្វះ​តម្លាភាព និង​សុក្រឹតភាព។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៨ កុម្ភៈ ថា ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជាច្រើនលើក​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​។ លោក​មើល​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​បច្ចុប្បន្ន​នៅតែ​ជា​ឋានសួគ៌​សម្រាប់​អ្នក​មាន​លុយ មាន​អំណាច​ប្រើប្រាស់ ដើម្បី​ស្វែងរក​ផលប្រយោជន៍ និង​គេច​ចេញ​ពី​ការ​ទទួលខុសត្រូវ។ «»

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៦ កុម្ភៈ បាន​ចេញ​អនុក្រឹត្យ ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​ដឹកនាំ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។ អនុក្រឹត្យ​បាន​ចែង​ពី​តួនាទី និង​ភារកិច្ច របស់​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​ដឹកនាំ​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ហៅ​កាត់​ថា គ...យ មាន​ដូចជា សម្របសម្រួល និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ជាមួយ​ដៃគូ​អភិវឌ្ឍ និង​អង្គការ​ជាតិ និង​អន្តរជាតិ លើ​ការងារ​ពាក់ព័ន្ធ និង​ការងារ​កែទម្រង់​យុត្តិធម៌​។ ក្នុង​នោះ អនុក្រឹត្យ ក៏​បាន​ចែង​ពី​តួនាទី នាយកដ្ឋាន​កិច្ចការ​កែទម្រង់ ដែល​មាន​ភារកិច្ច សម្របសម្រួល ការអនុវត្ត​កម្មវិធី កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជាមួយ​បណ្ដា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សាលា​ជម្រះក្ដី និង​អយ្យការ​អម​សាលា​ជម្រះ​ក្ដី គ្រប់​ជាន់ថ្នាក់។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា នៅ​ពេល​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​អ្នករាយការណ៍​ស្ថានការណ៍​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា សង្គម​ស៊ីវិល​តែងតែ​ផ្ដល់​យោបល់​ឱ្យ​រដ្ឋាភិបាល កែទម្រង់​ប្រព័ន្ធ​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ឱ្យ​មាន​ភាព​ឯករាជ រួច​មក​ហើយ ប៉ុន្តែ​សំណើ​នេះ​ហាក់​មិន​ទាន់​ចេញ​ជា​រូបរាង​ពេញលេញ​នោះ​ទេ។

លោក អំ សំអាត៖ «ខ្ញុំ​យល់​ថា កំណែទម្រង់​លើ​ប្រព័ន្ធ​យុត្តិធម៌​នេះ មាន​ប្រសិទ្ធភាព ឬ​មិន​មាន​ប្រសិទ្ធភាព វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​នយោបាយ នៅ​ក្នុង​ប្រព័ន្ធ​កំណែ​ទម្រង់​ហ្នឹង​ទេ​។ បើ​យើង​មាន​ឆន្ទៈ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ពិតប្រាកដ នោះ​នឹង​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ហើយ​។ ពីព្រោះ បើ​យើង​មើលទៅ បច្ចុប្បន្ន​នេះ ស្ថាប័ន​ប្រព័ន្ធ​យុត្តិធម៌ ឬក៏​តុលាការ យើង​ឃើញ​ថា មាន​ការ​រិះគន់​ច្រើន​ដែរ»

ទោះ​យ៉ាងណា នេះ​មិនមែន​ជា​លើកដំបូង​នោះ​ទេ ដែល​រដ្ឋាភិបាល​នីតិកាល​ទី​៧​នេះ បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ ជាក់ស្ដែង កាល​ពី​ថ្ងៃទី​៨ ខែ​មករា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ចេញ​សេចក្ដី​សម្រេច ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​នៃ​គណៈកម្មការ​ដឹកនាំ និង​អនុវត្ត​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ដោយ​ក្រុម​ការងារ​នេះ មាន​តួនាទី​ស៊ើបអង្កេត​ចម្រាញ់​យក​មន្ត្រី​ស្អាតស្អំ និង​ចាត់​វិធានការ​លើ​មន្ត្រី​ខិលខូច​។ ក្រោយ​មក​ទៀត កាលពី​ថ្ងៃទី​១៨ មករា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ស្នើសុំ​កិច្ច​សហការ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) លោក ឱម យិនទៀង ដើម្បី​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ចំពោះ​សំណុំរឿង ៣​ប្រភេទ គឺ​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រានុកូលដ្ឋាន។

បើ​ទោះ​ជា​យ៉ាងណា ស្ថាប័ន​តុលាការ​នៅតែ​ទ​ទទួល​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ អង្គការ​ជាតិ និង​អន្តរជាតិ ថា​អនុវត្ត​ច្បាប់​គ្មាន​តម្លាភាព និង​លម្អៀង ជាពិសេស​រើសអើង ឬ​ពុករលួយ​ផ្នែក​នយោបាយ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​នីតិរដ្ឋ​ប្រចាំឆ្នាំ​២០២២ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​អាក្រក់​បំផុត​រហូតដល់​បាត​តារាង​គឺ​នៅ​លេខ​រៀង​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស គឺ​គ្រាន់បើ​តែ​ជាង​ប្រទេស វេណេហ្ស៊ុយអេឡា ( Venezuela) មួយ​តែ​ប៉ុណ្ណោះ។

អ្នក​សង្កេតការណ៍​ថា ការ​បង្កើត​គណៈកម្មាធិការ​នេះ ឬ​គណៈកម្មាធិការ​នោះ​ជាន់​លើ​សមត្ថកិច្ច​ដែល​មាន​ស្រាប់ បាន​ក្លាយ​ជា​ទម្លាប់​ដដែលៗ​របស់​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​ហើយ។ ពួកគេ​ចង់​ឃើញ​ការ​ប្រើប្រាស់ និង​ពង្រឹង​សមត្ថកិច្ច ឬ​ដែន​អំណាច​របស់​ស្ថាប័ន​ដែល​មាន​ស្រាប់ ឧទាហរណ៍​៖ ដូចជា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ជា​ស្ថាប័ន​កំពូល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​មាន​តួនាទី​ពង្រឹង​និង​លើក​កំពស់​ប្រព័ន្ធ​យុត្តិធម៌ និង​ឯករាជ​របស់​តុលាការ ជា​ជាង​បង្កើត​ថ្មី​ជាន់​លើ​គ្នា តែ​បញ្ហា​នៅ​កើត​មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។