មេធាវី និង​សង្គម​ស៊ីវិល​ថា ក្រសួង​សុខាភិបាល​គួរ​មាន​ចំណែក​ទទួល​ខុស​ត្រូវ ករណី​គ្រូពេទ្យ យ៉ែម ជ្រិន ចម្លង​មេរោគ​អេដស៍ នៅ​ឃុំ​រការ ខេត្ត​បាត់ដំបង

2018-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ចូលរួម​វេទិកា​សាធារណៈ​នៅ​ក្នុង​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ចូលរួម​វេទិកា​សាធារណៈ​នៅ​ក្នុង​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

សង្គមស៊ីវិល និង​មេធាវី ដែល​ធ្លាប់​បាន​ស្រាវជ្រាវ ការពារក្ដី​ឲ្យ​គ្រូពេទ្យ យ៉ែម ជ្រិន យល់​ថា ក្រសួង​សុខាភិបាល ក៏​គួរ​មាន​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ករណី​ឆ្លង​មេរោគ​អេដស៍ នៅ​ឃុំ​រការ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ពី​អំឡុង​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០១៤។ ការ​យល់​ឃើញ​នេះ បន្ទាប់​ពី​តុលាការ​កំពូល បើក​សវនាការ​ករណី​គ្រូពេទ្យ យ៉ែម ជ្រិន ចម្លង​មេរោគ​អេដស៍ កាល​ពី​ថ្ងៃ​ទី៨ សីហា។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ករណី​គ្រូពេទ្យ​ភូមិ ឈ្មោះ យ៉ែម ជ្រិន ចម្លង​មេរោគ​អេដស៍​អ្នក​ភូមិ ជា​កំហុស​រួម​របស់​គ្រូពេទ្យ យ៉ែម ជ្រិន និង​វិស័យ​សុខាភិបាល។ លោក ស៊ឹង សែនករុណា យល់​ថា ដោយសារ​តែ​ពលរដ្ឋ​នៅ​ឃុំ​រកា​ខ្លះ មិន​មាន​ជំនឿ​លើ​មណ្ឌល​សុខភាព​ឃុំ​រកា ទើប​ទទួល​យក​សេវា​ព្យាបាល​របស់​គ្រូពេទ្យ យ៉ែម ជ្រិន បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​អេដស៍ ដ៏​ច្រើន​បែប​នេះ៖ «ជា​កំហុស​រួម​ផ្សំ បើ​សិន​ជា​មណ្ឌល​សុខភាព​នៅ​តាម​មូលដ្ឋាន នឹង​មិន​មាន​កំហុស​បែប​ធ្ងន់ធ្ងរ​មួយ​នេះ​កើត​មាន​ឡើង​នោះ បើ​មាន​ក្រុម​គ្រូ​ពេទ្យ​គិត​គូរ​ដល់​សុខភាព​ប្រជាជន ប្រជាជន​នឹង​មិន​ទៅ​រត់​រក​សេវា ដែល​គ្មាន​វិជ្ជាជីវៈ​របស់​លោក យ៉ែម ជ្រិន ដែល​គាត់​បាន​ចាក់​ថ្នាំ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ទទួល​រង​គ្រោះ​ដោយសារ​ការ​ផ្តល់​សេវា​សុខភាព​មិន​ច្បាស់លាស់»

ប្រធាន​ក្រុម​ជំនុំជម្រះ នៃ​តុលាការ​កំពូល លោក​ចៅក្រម ស៊ឹង បញ្ញាវុធ កាល​ពី​ថ្ងៃ​ទី០៨ សីហា បាន​សម្រេច​លើក​ពេល​សវនាការ​សំណុំ​រឿង​គ្រូពេទ្យ យ៉ែម ជ្រិន ដែល​បាន​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ភូមិ នៅ​ឃុំ​រកា ស្រុក​សង្កែ ជិត ៣០០​នាក់ ដោយសារ​គ្មាន​មេធាវី​ និង​អវត្តមាន​​ជន​ជាប់​ចោទ។

សាលា​ដំបូង​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​គ្រូពេទ្យ​ចាក់​ថ្នាំ​តាម​ភូមិ ឈ្មោះ យ៉ែម ជ្រិន ដាក់​ពន្ធនាគារ ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ចូល​ថវិកា​រដ្ឋ ក្រោម​បទ​ចោទ​ប្រកាន់​ចំនួន ៣​បទ​ល្មើស គឺ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​​​​ពី​ក្រសួង​សុខាភិបាល បទ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ដោយ​ចេតនា និង​បទ​ទារុណកម្ម ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​តែ​មរណភាព​នៃ​ជន​រងគ្រោះ។ បទ​ល្មើស​ទាំង​នោះ ប្រព្រឹត្ត​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង អំឡុង​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០១៤។

នៅ​ដំណាក់​កាល​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧ លោក យ៉ែម ជ្រិន បាន​ស្នើសុំ​ចៅក្រម​សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​មក​ត្រឹម ១០​ឆ្នាំ។ កាល​ណោះ​ក្នុង​សវនាការ​នៃ​សាលា​ឧទ្ធរណ៍​ លោក យ៉ែម ជ្រិន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ចាក់​ថ្នាំ​ដោយ​ប្រើ​ម្ជុល​រួម​គ្នា​ពី​អ្នក​ជំងឺ​ម្នាក់​ទៅ​អ្នក​ជំងឺ​ម្នាក់​ទៀត​មែន ដោយសារ​ភូមិ​រកា នៅ​តំបន់​ដាច់​ស្រយាល ពិបាក​រក​ទិញ​ម្ជុល ឬ​ ស៊ីរ៉ាំង​ចាក់​ថ្នាំ។

លោក យ៉ែម ជ្រិន អះអាង​ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​ថា លោក​គ្មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ចម្លង​ជំងឺ​អេដស៍​ដល់​អ្នក​ភូមិ​​ទេ ហើយ​ក្រៅ​ពី​អ្នក​ភូមិ​រកា មាន​ម្ដាយ ប្អូន និង​ក្មួយ​របស់​គ្រូពេទ្យ យ៉ែម ជ្រិន ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ។ លោក​ថា ការ​ដើរ​ចាក់​ថ្នាំ​ឲ្យ​អ្នក​ភូមិ ដោយសារ​តែ​ការ​អាណិតអាសូរ​របស់​​គាត់​ដល់​អ្នក​ភូមិ ព្រោះ​គាត់​មាន​ចំណេះ​ដឹង​វិស័យ​សុខាភិបាល​តិចតួច និង​មាន​ការ​ស្នើសុំ​ពី​សំ​ណាក់​អ្នក​ភូមិ​ឲ្យ​ជួយ​ព្យាបាល ព្រោះ​ជា​ភូមិ​ដាច់​ស្រយាល ដែល​សេវា​សុខាភិបាល​ពិបាក​ទៅ​ដល់។ លោក យ៉ែម ជ្រិន ស្នើសុំ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ បន្ធូរបន្ថយ​ទោស​ពី ២៥​ឆ្នាំ មក​ត្រឹម ១០​វិញ ដើម្បី​បាន​រស់​ជួបជុំ​ក្រុម​គ្រួសារ​របស់​លោក។ លោក​ថា លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​ករណី​ឆ្លង​មេ​រោគ​អេដស៍​ដល់​អ្នក​ភូមិ​រកា។

កាល​នៅ​ដំណាក់​កាល​ឧទ្ធរណ៍ លោក យ៉ែម ជ្រិន មាន​មេធាវី​ការពារ​ក្ដី ២​នាក់ គឺ​លោក មេធាវី ធន សុខ​ឃុយ និង​មេធាវី អ៊ុក វ៉ាន់ដេត។ លោក​មេធាវី ធន សុខឃុយ បាន​ស្នើសុំ​ឲ្យ​ចៅក្រម​ប្ដូរ​បទ​ចោទ​ទាំង ៣​ករណី មក​មួយ​ករណី​វិញ គឺ​ឃាតកម្ម​ដោយ​អចេតនា។ លោក​មេធាវី​យល់​ថា ករណី​ឆ្លង​មេរោគ​​អេដស៍​នៅ​ឃុំ​រកា មិន​គួរ​ណា​ទុក​ឲ្យ​លោក យ៉ែម ជ្រិន ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ គឺ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ ក៏​គួរ​រួម​ចំណែក​ក្នុង​ការ​ទទួល​ខុស​ត្រូវ​​​ដែរ។ ចំណែក​មេធាវី អ៊ុក វ៉ាន់ដេត ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​អាស៊ី​សេរី ក្រោយ​សវនាការ​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី១៧ សីហា ឆ្នាំ២០១៧ ​ថា អំពើ​របស់​កូន​ក្ដី​លោក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​​​​ក្រសួង​សុខាភិបាល​ដែរ៖ «ជា​អំពើ​របស់​គាត់ ប៉ុន្តែ​វា​ក៏​ជា​អំពើ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​សុខាភិបាល​ទាំង​មូល​ដែរ។ តាម​ពិត​ក្រសួង​ត្រូវ​មាន​ការ​ថែទាំ​សុខភាព​ប្រជា​ពលរដ្ឋ មិន​ត្រូវ​ឲ្យ​ពលរដ្ឋ​កើត​មាន​ជំងឺ​ហានិភ័យ​ទាំង​អស់​នេះ​ទេ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង»

អាស៊ីសេរី មិន​អាច​សុំបំភ្លឺពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ទេ​នៅ​ថ្ងៃ​ទី៩ សីហា ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្ដែ ប្រធាន​មណ្ឌល​សុខភាព​ឃុំ​រកា​ លោក ប៊េ ប៉េងស៊រ ក៏​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រការ តែង​តែ​មក​ទទួល​ថ្នាំ​ពន្យារ​ជីវិត​ជា​ប្រចាំ ​ដោយ​ពួក​គេ​ត្រូវ​លេប​ជា​ប្រចាំ​ថ្ងៃ។ លោក​ថា អ្នក​ដែល​ប្រើ​ថ្នាំ​បាន​ត្រឹម​ត្រូវ​ មាន​សុខភាព​នៅ​ល្អ​ដដែល។

សារព័ត៌មានក្នុងស្រុក​ក៏​បាន​ស្រង់​សម្ដី​របស់ អ្នក​សម្រប​សម្រួល​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍​លោក អាន ចំរើន អះអាង​ថា​​អ្នកភូមិ​រកា​ ដែល​ឆ្លង​ជំងឺ​អេដស៍​មាន​ ២៩៦​នាក់​ ហើយ​បើ​តាម​កំណត់ត្រា​​របស់​អង្គការ​រហូត​មក​ទល់​ពេល​នេះ ​មាន​អ្នក​ភូមិ​រកា​ចំនួន ៣០​នាក់​បាន​ស្លាប់ និង​ចំនួន​អ្នក​ផ្ទុក​មេរោគនៅ​សល់​ ២៦៦​នាក់។ អ្នក​ផ្ទុក​ជំងឺ​ស្លាប់​ចុង​ក្រោយ​ គឺ​នៅ​ថ្ងៃ​ពុធ​ ទី១ សីហា ជា​ស្ត្រី​​អាយុ ៧២​ឆ្នាំ។

ពលរដ្ឋ​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ធ្លាប់ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ជួយ​រក​ការងារ​ឲ្យ​អ្នក​ភូមិ​ធ្វើ​នៅ​ក្នុង​ភូមិ ព្រោះ​ពួក​គេ​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បាន​ដូច​ពី​មុន និង​មិន​អាច​ចាកចេញ​ពី​ភូមិ​រកា ទៅ​រក​ការងារ​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​បើក​ថ្នាំ​ជា​រៀង​រាល់​ខែ និង​រង​ការ​រើស​អើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល